ជាតិ
បេក្ខនារីអាយុ១៦ឆ្នាំពីស្រុកសំឡូតធ្វើឲ្យគណៈកម្មការ និងអ្នកស្តាប់រំជួលចិត្ត 29, Aug 2016 , 9:00 am
បេក្ខនារី នាង គន្ធា អាយុ១៦ឆ្នាំមកពីខេត្តបាត់ដំបង។ រូបថត Capture ពីទូរទស្សន៍
× នាង គន្ធា អាយុ១៦ឆ្នាំ បានធ្វើដំណើរមកពីស្រុកសំឡូត ខេត្តបាត់ដំបង ជាមួយបងប្រុសបង្កើតខ្លួនឈ្មោះ នាង ប្រាក់សុគន្ធ អាយុ២១ឆ្នាំ ដើម្បីចូលប្រឡងចម្រៀងរួមគ្នាក្នុងកម្មវិធី Cambodian Idol រដូវកាលទីពីររបស់ទូរទស្សន៍ហង្សមាស។ ការបកស្រាយចម្រៀងដែលមានចំណងថា «ម៉ែ» របស់គន្ធា បានធ្វើឲ្យគណៈកម្មការ និងអ្នកទស្សនា រំជួលចិត្តយ៉ាងខ្លាំង ដោយសារនាងហាក់ដូចជាកំពុងរៀបរាប់ពីជីវិតពិតរបស់ខ្លួន។
បងប្អូនត្រកូលនាង ដែលធ្វើដំណើរពីតំបន់ជាយដែនសំឡូតនៃខេត្តបាត់ដំបង និងមានចម្ងាយប្រមាណ៣៣៧គីឡូម៉ែត្រពីរាជធានីភ្នំពេញគឺជាបេក្ខជនដំបូងសម្រាប់វគ្គ Judge Audition សប្តាហ៍ទីមួយនៃកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទីពីររបស់ទូរទស្សន៍ហង្សមាស។
នាង ប្រាក់សុគន្ធ ជាបងប្អូន បានបកស្រាយបទចម្រៀងដែលមានចំណងជើងថា «មហាឈឺ» របស់តារាចម្រៀង នី រតនា នៃផលិតកម្មហង្សមាស បន្ទាប់មកគណៈកម្មការដែលមានតារាចម្រៀង ព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណារាជ និងឱក សុគន្ធកញ្ញា បានតម្រូវឲ្យ គន្ធា ច្រៀងបន្ត ដោយមានបងប្រុសឈរក្បែរ។
គន្ធា បានលើកយកបទចម្រៀងដែលមានចំណងជើងថា «ម៉ែ» ដែលជាបទដើមរបស់កញ្ញា ចំរើន សុភ័ក្ត្រ នៃផលិតកម្ម WE Production ។ សំឡេងដ៏ក្រអួនក្រអៅ ជាមួយនឹងការដាក់មនោសញ្ចេតនាខ្ពស់ក្នុងបទចម្រៀង បានធ្វើឲ្យគណៈកម្មការទាំង៤ រំជួលចិត្ត អួលដើមក និងទឹកភ្នែករលីងរលោង។
បទ «ម៉ែ» ដែលរៀបរាប់ពីជីវិតខ្វះកក់ក្តៅរបស់នារីម្នាក់ មានការទាក់ទាញយ៉ាងខ្លាំង ហើយការបកស្រាយរបស់ គន្ធា ហាក់ដូចជានាងកំពុងតែរៀបរាប់ពីជីវិតពិតរបស់ខ្លួនយ៉ាងដូច្នោះដែរ។
នៅមុនការបង្ហើរសំនៀង ប្រាក់សុគន្ធ និងគន្ធា បានអះអាងថា ពួកគេមិនមានឱពុកម្តាយនៅជិតនោះឡើយ ដោយពួកគាត់បានរស់នៅ និងធ្វើការនៅប្រទេសថៃជាយូរណាស់មកហើយ។ ប្រាក់សុគន្ធ បម្រើការនៅកាស៊ីណូមួយនៅប៉ៃលិន ដែលមានចម្ងាយឆ្ងាយពីផ្ទះ ដោយទុកឲ្យ គន្ធា ជាប្អូនស្រី រៀនសូត្រ និងរស់នៅស្រុកកំណើតតែម្នាក់ឯង រីឯបងបង្កើតពីរនាក់ផ្សេងទៀតមករស់នៅភ្នំពេញ។
ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ដែលរស់នៅតែម្នាក់ឯង ហើយពី១ខែទៅ២ខែ ទើបឪពុកម្តាយ ឬបងប្រុស ទៅលេងម្តង ពិតជាមានអារម្មណ៍ឯកោណាស់ ប៉ុន្តែការតស៊ូរគឺជាកម្លាំងចិត្តមួយដ៏អស្ចារ្យ ប្រៀបដូចជាអត្ថន័យក្នុងបទចម្រៀង «ម៉ែ» យ៉ាងដូច្នោះដែរ។
លាយឡំជាមួយនឹងទឹកភ្នែករលីងរលោង កញ្ញា ឱក សុគន្ធកញ្ញា និយាយស្ទើរលែងចេញ។ តារាចម្រៀងរូបនេះ បានកោតសរសើរ បេក្ខនារី នាង គន្ធា ដែលចេះយកអារម្មណ៍ដាក់ក្នុងបទចម្រៀង និងបង្ហាញពីភាពឯកោ ជាពិសេសពេលត្រឡប់មកពីរៀន ខ្វះអ្នកប្រឹក្សាយោបល់។
លោក ណុប បាយ៉ារិទ្ធ បានកត់សម្គាល់ថា ជីវិតបានបង្រៀនឲ្យគន្ធា និងបងប្រុសរឹងមាំ។ លោកបានបានកត់សម្គាល់ថា កែវភ្នែករបស់គន្ធានៅពេលបកស្រាយបទចម្រៀង បានបញ្ជាក់ពីភាពរងា ភាពឯកោ។
«បើសិនបងជាឪពុកម្តាយ ហើយឮកូន ឃើញកូនអ៊ីចឹង បងឈប់ធ្វើការហើយត្រឡប់មករកកូនវិញ ព្រោះកូនគួរឲ្យស្រឡាញ់… បងនឹងរកការងារធ្វើនៅជិតកូន»។ នេះជាការលើកឡើងរបស់លោក ព្រាប សុវត្ថិ។
មុនខុសពីគណៈកម្មការបីរូបផ្សេងទៀតឡើយ លោក ឆន សុវណ្ណារាជ បានលើកឡើងថា សំនៀងរបស់គន្ធា បានចាក់ចំបេះដូងអ្នកស្តាប់ បើមិនមានការដាក់អារម្មណ៍ទេនោះ ប្រកដជាមិនមានសំឡេងបែបនេះនោះឡើយ។
ទីបំផុតបងប្អូនទាំងពីរ សុទ្ធតែទទួលបានសន្លឹកមាស (Golden Ticket) ជាមួយនឹងការឆ្លើយ «Yes» ពីតារាចម្រៀងឆ្នើមទាំង៤រូប....៕
(វីដេអូទាក់ទងនឹង នាង ប្រាក់សុគន្ធ និង នាង គន្ធា ចាប់ពីនាទីទី១៣)
© រក្សាសិទ្ធិដោយ thmeythmey.com