ក្រុមកីឡាសូហ្វតិន្នីសកម្ពុជាបានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាវាយជាក្រុមពីព្រឹត្តិការណ៍លំដាប់ពិភពលោក Korea Cup Soft Tennis Tournament 2016 នៅប្រទេសកូរ៉េ។ ការប្រកួតនេះមានប្រទេសចូលរួមទាំងអស់ចំនួន១១ប្រទេសក្នុងនោះម្ចាស់ផ្ទះកូរ៉េ និងជប៉ុនបានបញ្ជូន៤ក្រុមឲ្យចូលរួម ខណៈចិន ប៉ូឡូញ ឥណ្ឌា ម៉ុងហ្គោលី ថៃ វៀតណាម ឡាវ ហ្វីលីពីន និងកម្ពុជា បានបញ្ចូនអត្តពលិក១ក្រុមទៅចូលរួមដូចគ្នា។
កីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, អន សម្បត្តិ, យី សសារិទ្ធិ, ប៉ិល វណ្ណី និង ឌិម សម្បត្តិ បានសហការគ្នារួមប្រកួតរហូតបានឈ្នះមេដាយសំរឹទ្ធស្ទួនដូចជប៉ុនលើវិញ្ញាសាជាក្រុមពីព្រីត្តិការណ៍លំដាប់ពិភពលោក Cup Soft Tennis Tournament 2016 នៅប្រទេសកូរ៉េ ក្រោយពីចាញ់ក្រុមថៃ ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ ខណៈក្រុមជប៉ុនបានចាញ់ក្រុមម្ចាស់ផ្ទះកូរ៉េនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។
មុនទទួលបានមេដាយសំរឹទ្ធពីព្រឹតិ្តការណ៍នេះក្រុមកីឡាករកម្ពុជាបានយកឈ្នះក្រុមដែលដាក់បញ្ចូលគ្នារវាងកីឡាករ ម៉ុងហ្គោលី វៀតណាម និងឡាវ ២-០ និងបានបន្តឈ្នះក្រុមហ្វីលីពីន ២-០ ជាបន្តបន្ទាប់ តែបានចាញ់ក្រុមថៃ ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក្រុមថៃដែលឈ្នះកម្ពុជាបានចាញ់ក្រុមកូរ៉េ ២-០ នៅវគ្គផ្តាច់ព្រ័ត្រ នាំឲ្យម្ចាស់ផ្ទះកូរ៉េក្លាយជាម្ចាស់ជើងឯក ខណៈថៃជាម្ចាស់ជើងឯករងលើវិញ្ញាសាវាយជាក្រុម។
លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងជាប្រធានប្រតិភូដឹកនាំកីឡាករទៅចូលរួមការប្រកួតនេះបានបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាសូហ្វីតិន្នីសជ្រើសរើសជើងឯកកម្រិតពិភពលោកប្រចាំព្រឹត្តិការណ៍ Korea Cup Soft Tennis Tournament 2016 នេះ ក្រៅពីវិញ្ញាសាជាក្រុម កម្ពុជាមិនទទួលបានមេដាយនោះទេ ដោយវិញ្ញាសាឯកត្តជនបុរស(កីឡាករ៨នាក់) និងវិញ្ញាសាវាយជាគូបុរស(៤គូ)កម្ពុជាបានធ្លាក់ក្នុងវគ្គ១/៤ដូចគ្នា។
ចំណែកការប្រកួតជាក្រុមនារីដែលមានកីឡាការិនី២នាក់របស់កម្ពុជារួមបញ្ចូលជាមួយកីឡាការិនី៤នាក់ផ្សេងទៀតរបស់ម៉ុងហ្គោលី និងប៉ូឡូញបានចាញ់ហ្វីលីពីន ២-១ និងបន្តចាញ់ក្រុមជប៉ុន ២-០ ខណៈការប្រកួតវាយគូនារី និងឯកត្តជននារី គឺកម្ពុជាបានចាញ់ក្នុងពេលប្រកួតបើកឆាកដូចគ្នា។
ទោះបីជាកម្ពុជាឈ្នះមេដាយសំរឹទ្ធស្ទួនក៏ដោយ ប៉ុន្តែលោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានថ្លែងថា៖«វាជារឿងមួយដ៏អស្ចារ្យ និងមោទនៈភាពបំផុត ដែលយើងបានឈ្នះមេដាយសំរឹទ្ធនៅក្នុងការប្រកួតកម្រិតពិភពលោកមួយនេះ ព្រោះក្នុងចំណោម១១ប្រទេសគឺមានតែកម្ពុជា, កូរ៉េ ជប៉ុន និងថៃ ប៉ុណ្ណោះដែលឈ្នះមេដាយ។ ចំណែកហ្វីលីពីន ដែលជាប្រទេសខ្លាំងមួយបន្ទាប់ពីថៃនៅអាស៊ាន ហើយសង្ឃឹមខ្លាំងបំផុតក្នុងការឈ្នះបានមេដាយបែរជាគ្មានបានមេដាយមួយសោះ ដល់អ៊ីចឹងគេសរសើរ និងភ្ញាក់ផ្អើលសម្រាប់កម្ពុជា»។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកប្រចាំព្រឹត្តិការណ៍ Korea Cup Soft Tennis Tournament 2016 ដែលធ្វើឡើងនៅប្រទេសកូរ៉េមាន១១ប្រទេសចូលរួម ក្នុងនោះមានម្ចាស់ផ្ទះកូរ៉េ, ជប៉ុន, ចិន, ប៉ូឡូញ, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន, វៀតណាម, ឥណ្ឌា, ឡាវ និងកម្ពុជា។ ប្រតិភូកីឡាសូហ្វតិន្នីសកម្ពុជា នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញនាថ្ងៃទី៣០ ខែសីហា ស្អែកនេះ។
ចំណែកកីឡាករសូហ្វតិន្នីសជម្រើសជាតិកម្ពុជាចំនួន៥រូបរួមមាន កាន់ សោភ័ណ្ឌ, ឯក ចំរើន, អន សម្បត្តិ, យី សសារិទ្ធិ, និង ឌិម សម្បត្តិ ក្រោយទទួលបានការអនុញ្ញាតពីប្រធានសហព័ន្ធកីឡាសូហូតិន្នីសកូរ៉េ ក្រោយចប់ការប្រកួត នឹងបន្តហ្វឹកហាត់ពង្រឹងបច្ចេកទេស និងសមត្ថភាពនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាសូហ្វតិន្នីសជម្រើសជាតិកូរ៉េ ជាមួយក្រុមកីឡាករវៀតណាម និងថៃ រហូតដល់ថ្ងៃទី១២ ខែកញ្ញា៕