កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ឧបត្ថម្ភ ២២,០០០​ដុល្លារ​ដល់​ក្រុម​កីឡាករ U15 ដែល​ឈ្នះ​ជើងឯក​នៅ​ចិន​
30, Aug 2016 , 12:13 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២២,០០០​ដុល្លារ ដល់​ក្រុម​កីឡាករ​បាល់ទាត់​អាយុ​ក្រោម​១៥​ឆ្នាំ នៃ​សាលា​បាល់ទាត់​ជាតិ​ទន្លេបាទី​ដែល​បាន​នាំ​ពាន​ជើងឯក​ពី​ព្រឹត្តិការណ៍ The Belt and Road Initiative U15 Boys Football Tournament នៅ​ប្រទេស​ចិន​ជូន​កម្ពុជា​។ ក្រុម​កីឡាករ U15 និង​គណប្រតិភូ​កីឡា​ទាំងអស់​បានមក​ដល់ក​ម្ពុ​ជា​វិញ​កាលពី​យប់​ថ្ងៃទី​២៩ ខែសីហា ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។


​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ម្នាក់​១​ពាន់​ដុល្លារ​ដល់​ប្រតិភូ​គ្រូបង្វឹក និង​ក្រុម​កីឡាករ U15 នៃ​សាលា​បាល់ទាត់​ជាតិ​ទន្លេបាទី​ដែល​បាន​ពាំនាំ​ពាន​ជើងឯក​ពី​ព្រឹត្តិការណ៍ The Belt and Road Initiative U15 Boys Football Tournament នៅ​ប្រទេស​ចិន ជូន​កម្ពុជា​។



​បើ​យោងតាម​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ថវិកា​ឧបត្ថម្ភ​ទាំងនេះ​ត្រូវបាន​ប្រគល់ជូន​ក្រុម​កីឡាករ និង​ប្រតិភូ​ដឹកនាំ​តាមរយៈ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​ថ្ងៃ​ទទួល​ស្វាគមន៍​ការវិលត្រឡប់​របស់​ប្រតិភូ​កីឡាបាល់ទាត់​កម្ពុជា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២៩ ខែសីហា ម្សិលមិញ​។

​សម្រាប់​ការផ្តល់ជូន​នេះ​គ្រូបង្វឹក និង​ប្រតិភូ​កីឡា​ចំនួន​៤​នាក់​ទទួលបាន​សាច់ប្រាក់​សុទ្ធ ចំណែក​កីឡាករ​ទាំង​១៨​នាក់​មិន​ទទួលបាន​សាច់ប្រាក់​សុទ្ធ​នោះទេ​ដោយ​សហព័ន្ធ​ជា​អ្នក​រក្សាទុក​។ ប៉ុន្តែ​ថវិកា​ទាំងនេះ​ក្រុម​កីឡាករ​អាច​ដក​ពី​សហព័ន្ធ​យកទៅ​ទិញ​សម្ភារ​សិក្សា សម្លៀកបំពាក់ និង​សម្ភារ​កីឡា​បាន ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ទិញ​ទូរស័ព្ទ ឬ​របស់របរ​មានតម្លៃ​ផ្សេងៗ​ឡើយ​។​

​ដោយឡែក ថវិកា​ទាំងនេះ​ប្រសិនបើ​ក្រុម​កីឡាករ​មិនបាន​ដកយក​ទៅប្រើ​ប្រាស់ សហព័ន្ធ​នឹង​រក្សាទុក​រហូតដល់​ពួកគេ​ពេញវ័យ ពេលនោះ​ពួកគេ​អាច​ដក​យកទៅ​ចំណាយ​ថ្លៃ​ការសិក្សា​នៅ​សាកលវិទ្យាល័យ និង​សម្ភារ​មានតម្លៃ​ផ្សេងៗ​បាន​តាមចិត្ត​។ ការរក្សា​ទុក​មិន​ប្រគល់​សាច់ប្រាក់​សុទ្ធ​នេះ​ដោយសារ​សហព័ន្ធ​គិតថា ពួកគេ​នៅ​ក្មេង​ពេក​។  



​គួរ​បញ្ជាក់ថា ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​ទន្លេបាទី​អាយុ​ក្រោម​១៥​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់លោក Inoue Kazunori ដែល​បាន​ចាក​ចេញពី​កម្ពុជា​តាំងពី​ថ្ងៃទី​២៣ ខែសីហា បាន​នាំ​ពាន​ពី​ព្រឹត្តិការណ៍ The Belt and Road Initiative U15 Boys Football Tournament នៅ​ប្រទេស​ចិន ជូន​កម្ពុជា​ក្រោយ​យកឈ្នះ​ក្រុម​កា​ហ្សា​ក់​ស្ថាន ៣-២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។


Tag:
 បាល់ទាត់​
  U15
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com