កីឡាជាតិ
ជាតិ
កីឡាការិនី ស៊ន សៀវ​ម៉ី លុះត្រាតែ​សម្រេច​គោលដៅ​ឆ្នាំ​២០២០​ទើប​គិត​រឿង​រៀបការ​
30, Aug 2016 , 9:19 pm        
រូបភាព
ដោយ:
​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ក្រោយ​ត្រឡប់​មកពី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ Rio ប្រទេស​ប្រេ​ស៊ី​ល​ដោយ​មិនបាន​ពាំនាំ​មេដាយ និង​សាង​កំណត់ត្រា​ថ្មី​ជូន​កម្ពុជា​។ នាង​បានបញ្ជាក់​នៅមុខ​អ្នកសារព័ត៌មាន​ថា លុះត្រាតែ​នាង​បានសម្រេច​គោលដៅ​ឆ្នាំ​២០២០ ទើប​នាង​គិត​រឿង​រៀបការ ទោះបី​នាពេល​កន្លងមក​រូបគេ​ធ្លាប់បាន​ប្រាប់ថា នឹង​គិត​រឿង​អនាគត​នៅ​ឆ្នាំនេះ​ក៏ដោយ​។
  


​ដោយបាន​កំណត់ និង​ដាក់​គោលដៅ​ច្បាស់លាស់​សម្រាប់​ថ្ងៃ​អនាគត បានធ្វើ​ឲ្យ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដែល​ធ្លាប់​ប្រាប់ថា​នឹង​គិតគូ​រឿង​អនាគត​នៅ​ឆ្នាំនេះ បែរជា​សម្រេចចិត្ត​ឈប់​គិតពី​បញ្ហា​នេះ ដោយ​យក​ពេលវេលា​ទាំង​នោះមក​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​របស់ខ្លួន​ទៅវិញ​។ នាង​បានបញ្ជាក់​នៅមុខ​អ្នកសារព័ត៌មាន​ថា លុះត្រាតែ​បានសម្រេច​គោលបំណង​ឆ្នាំ​២០២០​ទើប​នាង​គិត​រឿង​រៀបការ​ម្តងទៀត​។  



​នៅពេល​អ្នកសារព័ត៌មាន​សួរថា ដោយសារ​កញ្ញា​ធ្លាប់​ប្រាប់ថា កញ្ញា​នឹង​គិតគូ​រឿង​អ​នា​គត់​នៅ​ឆ្នាំនេះ តើ​បើសិន​កញ្ញា​រៀបការ​រួច​តើ​នៅ​បន្ត​ឆន្ទៈ​ក្នុងការ​ស្វែងរក​មេដាយ​ជូន​ជាតិ​ទៀត​ឬមួយ​យ៉ាងណា​? ឆ្លើយ​តម​ទៅនឹង​សំនួរ​នេះ​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​បញ្ជាក់ថា​៖«​និយាយ​រួម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខ្ញុំ​អត់​ទាន់​គិត​ទេ​ឥឡូវនេះ​។ បើ​និយាយ​ពី​រឿង​រៀបការ​លុះត្រា​ខ្ញុំ​ចប់​បេសកកម្ម បើសិនជា​ខ្ញុំ​មានឈ្មោះ​ប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ទីក្រុង Tokyo  ហើយ​ខ្ញុំ​មានឈ្មោះ​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង Tokyo ឆ្នាំ​២០២០ ដូច្នេះ​លុះត្រាតែ​ខ្ញុំ​ប្រកួត​ចប់​ទើប​ខ្ញុំ​គិតគូរ​ពី​បញ្ហា​នេះ និយាយ​រួម​លុះត្រាតែ​ខ្ញុំ​សម្រេច​គោលដៅ​ឆ្នាំ​២០២០»​។

​កីឡាការិនី ស៊ន សៀវ​ម៉ី មុន​ថ្ងៃ​ចាក​ចេញពី​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងថា នាង​នឹង​គិត​រឿង​អនាគត​ក្រោយ​ត្រឡប់​មកពី​ចូលរួម​ការប្រកួត​នេះ​។ ប៉ុន្តែ​អ្វី​បាន​ផ្ទុយ​ពី​ការពិត ដោយ​កាលពីពេល​ថ្មីៗ​នាង​បែរជា​បញ្ជាក់ថា លុះត្រាតែ​សម្រេច​គោលបំណង​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ទីក្រុង Tokyo ប្រទេស​ប្រេ​ស៊ី​ល​ទៅវិញ​។​

​ការលើកឡើង​បែបនេះ​បន្ទាប់ពី​កីឡាការិនី​ម្ចាស់​ជើងឯក​មេដាយ​អាស៊ី​ឆ្នាំ​២០១៤ រូបនេះ​មិនបាន​សម្រេច​គោលបំណង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។ ម្យ៉ាងទៀត​ដោយសារ​នាង​ចង់​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​សម្រាប់​កម្ពុជា មុន​ថ្ងៃ​បញ្ចប់​អាជីព​ជា​កីឡាការិនី​៕       


Tag:
 ​តេ​ក្វាន់​ដូ​
  ស៊ន សៀវ​ម៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com