កីឡាជាតិ
ជាតិ
កីឡាករ វ៉ាន់ វ៉ុ​ន ប្តេជ្ញា​ធ្វើ​ឲ្យ​បានល្អ​នៅ Rio Paralympic
01, Sep 2016 , 9:53 am        
រូបភាព
កីឡាករ វ៉ាន់ វ៉ុន និងលោក យី វាសនា ផ្តល់​បទសម្ភាស​ដល់អ្នក​សារព័ត៌មាន​មុន​ចេញដំណើរទៅ​ប្រេស៊ីល។ រូបថត Poeng Sareth
កីឡាករ វ៉ាន់ វ៉ុន និងលោក យី វាសនា ផ្តល់​បទសម្ភាស​ដល់អ្នក​សារព័ត៌មាន​មុន​ចេញដំណើរទៅ​ប្រេស៊ីល។ រូបថត Poeng Sareth
ដោយ:
​កីឡាករ​ពិការ​ជម្រើសជាតិ​ផ្នែក​ជិះរទេះ វ៉ាន់ វ៉ុ​ន​ជា​អត្ត​ព​លិ​ក​តែ​ម្នាក់​គត់​ដែល​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រេ​ស៊ី​ល (Rio 2016 Paralympic Games) បន្ទាប់ពី​ទទួលបាន​សិទ្ធ​អនុគ្រោះ​ពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ពិភពលោក​កាលពីដើម​ខែសីហា​។ សម្រាប់​ការចូលរួម​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​រូបគេ​មិន​រំពឹង​ក្នុងការ​ដណ្តើមបាន​មេដាយ ប៉ុន្តែ​ប្តេជ្ញា​ថា​នឹងធ្វើ​ឲ្យ​បានល្អ​។
 


​កីឡាករ វ៉ាន់ វ៉ុ​ន និង​ប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ចាកចេញ​ដំណើរ​ទៅកាន់​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​នៅ​ថ្ងៃទី​១ ខែកញ្ញា នេះ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០១៦ ។​

​ម្ចាស់​មេដាយមាស ASEAN Para Games ឆ្នាំ​២០១៥ នៅ​សិង្ហ​បុរី វ៉ាន់ វ៉ុ​ន​មិន​ហ៊ាន​ដាក់​កី្ត​រំពឹង​ខ្ពស់​ក្នុង​ឈានដល់​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល (Rio 2016 Paralympic Games) នោះទេ សម្រាប់​ការចូលរួម​ជា​លើកដំបូង​នេះ ប៉ុន្តែ​គាត់​បាន​ប្តេជ្ញា​ថា នឹងធ្វើ​ឲ្យ​បានល្អ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​។ ទោះបី​វា​លើក​ទី​១​សម្រាប់​ការចូលរួម​ក៏ដោយ ប៉ុន្តែ​គាត់​រំពឹងថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង គាត់​អាចបង្កើត​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​កម្ពុជា​។​

​កីឡាករ វ៉ាន់ វ៉ុ​ន​ជា​បេក្ខភាព​តំណាង​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ទទួលបាន​សិទ្ធ​អនុគ្រោះ​ពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ពិភពលោក និង​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​កម្ពុជា​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។ សម្រាប់​ការចូលរួម​នេះ​វា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់ វ៉ាន់ វ៉ុ​ន​ក្នុងការ​សិក្សា​ស្វែងយល់​ពីបទ​ពិសោធន៍ និង​បច្ចេកទេស​របស់​កីឡាករ​ដែល​មកពី​បណ្តា​ប្រទេស​ធំៗ​លើ​ពិភពលោក ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ 
 
​ការចូលរួម​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ជា​លើកដំបូង​នេះ វ៉ាន់ វ៉ុ​ន​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ជិះរទេះ​ប្រណាំង​ចម្ងាយ​១០០​ម៉ែត្រ​លើ​ប្រភេទ​ពិការ​T54 ដោយ​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី​៧-១៨ ខែកញ្ញា ខាងមុខនេះ​។ ហើយ​រូបគេ​ព្រម​ប្រតិភូ​កីឡា​កម្ពុជា​នឹង​ចាក់​ចេញពី​កម្ពុ​ជានា​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ស្អែក​នេះ​។

​គួរ​បញ្ជាក់ថា កីឡាករ វ៉ាន់ វ៉ុ​ន​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ជា​កូន​ទី​១​ក្នុងចំណោម​បងប្អូន​៥​នាក់ ហើយ​គាត់​បាន​ពិការ​ជើង​ទាំងពីរ​ដោយសារ​ការចាក់​ថ្នាំ​តាំងពី​អាយុ​២​ឆ្នាំ និង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​តាំងពី​ឆ្នាំ​២០០៩​។ ក្នុង​ឆ្នាំ​២០១១ វ៉ាន់ វ៉ុ​ន​បាន​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ពិការ​ផ្នែក​រទេះ និង​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន​។


​ស្នាដៃ​ដែល​កីឡាករ វ៉ាន់ វ៉ុ​ន ទទួលបាន​រួមមាន មេដាយប្រាក់​២​នា​ព្រឹត្តិការណ៍ ASEAN Para Games ឆ្នាំ​២០១១ មេដាយមាស​៣ ប្រាក់​២ នា​ព្រឹត្តិការណ៍ ASEAN Para Games ឆ្នាំ​២០១៣ និង​មេដាយ​សំរឹទ្ធ​១​ទៀត នា ASEAN Para Games ឆ្នាំ​២០១៥ ៕


Tag:
 វ៉ាន់ វ៉ុ​ន​
  Rio Paralympic Games
  ប៉ា​រ៉ា​ឡាំ​ពិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com