កីឡាជាតិ
ជាតិ
កីឡាការិនី ចូ​វ សុធា​រ៉ា ប្រកាន់​គោលជំហរ​ខុសគ្នា​ពី​កីឡាការិនី ស៊ន សៀវ​ម៉ី ក្នុង​អាជីព​កីឡា​
01, Sep 2016 , 4:16 pm        
រូបភាព
ដោយ:
​កីឡាការិនី​ចំបាប់​ជើងចាស់ ចូ​វ សុធា​រ៉ា ហាក់ដូចជា​ប្រកាន់​គោលជំហរ​ខុសគ្នា​ពី​កីឡាការិនី ស៊ន សៀវ​ម៉ី ដោយ​រូបគេ​នៅតែ​បន្ត​ប្រកាន់​ជំហរ​នឹង​បញ្ចប់​អាជីព​ជា​កីឡាការិនី​ក្រោយ​ត្រឡប់​មកពី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ Rio​។ ចំណែក​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដែល​ធ្លាប់​ប្រាប់ថា នឹង​ឈប់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក បែរជា​ប្តេ​ជា្ញ​នឹង​បន្ត​អាជីព​រហូតដល់​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន​ទៅវិញ​។​


​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា ក៏ដូចជា​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី មុន​ថ្ងៃ​ចាក​ចេញពី​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ Rio សុទ្ធតែ​បាន​អះអាងថា នឹង​អាច​បញ្ចប់​អាជីព​ជា​កីឡាការិនី​ក្រោយ​ត្រឡប់​មកពី​ចូលរួម​ព្រឹត្តិការណ៍​នេះ​។ ប៉ុន្តែ​កីឡាការិនី​ទាំងពីរ​ហាក់ដូចជា​ប្រកាន់​គោលជំហរ​ខុសគ្នា​ដោយ​កីឡាការិនី ចូ​វ សុធា​រ៉ា ប្រកាន់​គោលជំហរ​បញ្ចប់​អាជីព​ជា​កីឡាករ​របស់ខ្លួន​ដដែល​។ ចំណែក​កីឡាការិនី ស៊ន សៀវ​ម៉ី បែរជា​ប្តេ​ជា្ញ​បន្ត​អាជីប​រហូត​បានសម្រេច​គោលបំណង​ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន​។

​កីឡាការិនី​ចំបាប់​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ពីរ​ជំនាន់ ចូ​វ សុធា​រ៉ា ក្រោយ​ត្រឡប់​មកពី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ Rio ប្រទេស​ប្រេ​ស៊ី​ល​កាលពីពេល​ថ្មីៗ​បាន​បញ្ជាក់ថា​៖«​សម្រាប់​ខ្ញុំ គឺមាន​គោលដៅ​ច្បាស់លាស់​ក្រោយ​ត្រឡប់​មកពី​ចូលរួម​អូឡាំពិក​គឺ​ខ្ញុំ​ត្រូវតែ​បញ្ចប់​អាជីព​ជា​កីឡាករ ព្រោះ​ខ្ញុំ​គិតថា វា​ជា​កីឡា​លំដាប់​ពិភពលោក​ខ្ពស់​ជាងគេ​អស់ហើយ​បង​»​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ពីរ​ជំនាន់​រូបនេះ មិនបាន​បោះបង់ និង​មិន​ឃ្លាតឆ្ងាយ​ពី​វិស័យ​កីឡា​ចំបាប់​ឡើយ ដោយ​រូបគេ​នឹង​បន្ត​អាជីព​ជា​គ្រូបង្វឹក​កីឡា​ចំបាប់​ជំនួស​វិញ​។​

​ដោយឡែក កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​បញ្ជាក់ថា​៖«​ខ្ញុំ​នៅតែមាន​គោលដៅ​បន្ត​ចង់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន ព្រោះ​ខ្ញុំ​បានដាក់​គោលដៅ​រួចហើយ​ថា នឹងធ្វើ​ឲ្យ​សម្រេច​គោលដៅ​ក្នុង​ឆ្នាំ​២០២០»​។ ការដាក់​គោលដៅ​បែបនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​នាង​មាន​ផ្លាស់ប្តូរ​អាជីព​កីឡា​ប៉ុណ្ណោះ​ទេ លើសពីនេះ​សូម្បីតែ​រឿង​អនាគត​ក៏មាន​ការប្រែប្រួល​ផងដែរ​។

​កត្តា​ដែល​ធ្វើ​ឲ្យ​កីឡាការិនី​ម្ចាស់​ជើងឯក​មេដាយមាស​អាស៊ាន​ហ្គេម​ឆ្នាំ​២០១៤ មាន​ប្រែប្រួល​បែបនេះ ដោយសារ​រូបគេ​មិនអាច​ពាំនាំ​នូវ​មេដាយ ឬ​សាង​កំណត់​ថ្មី​សម្រាប់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio សម្រាប់​ការចូលរួម​ជា​លើកដំបូង​។ ម្យ៉ាងទៀត​កីឡាការិនី​រូបនេះ​បានចាត់ទុក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Tokyo ជា​ផ្តល់ឱកាស​ដ៏​ល្អ​សម្រាប់​នាង​ក្នុងការ​បង្កើត​កំណត់​ថ្មី​ម្តងទៀត​ជូន​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ការបង្ហាញ​វត្តមាន​របស់​កីឡាការិនី ចូ​វ សុធា​រ៉ា ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio លើក​នេះ ទោះបីជា​មិនអាច​ទទួលបាន​លទ្ធផល​ល្អ​ក៏ពិតមែន​។ ប៉ុន្តែ​ជាការ​សាង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ព្រោះ​តាំងពី​ចាប់ផ្តើម​បង្កើត​សហព័ន្ធ​រហូតមកដល់​បច្ចុប្បន្ន គឺមាន​តែ​កីឡាករ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​។ ដោយ​លើក​ទី​១​គឺ លោក វ៉ា​ត់ ចំរើន ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បច្ចុប្បន្ន និង​លើក​ទី​២​កីឡាការិនី ចូ​វ សុធា​រ៉ា នេះ​តែម្តង​។​

​ឬ​ឯ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ជា​កីឡាការិនី​កម្ពុជា​ម្នាក់​គត់​ដែល​បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​កម្ពុជា គឺ​តាមរយៈ​ការទទួលបាន​សិទ្ធ​ពេល​លេញ​សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ Rio  ដោយ​មិនបាច់​ប្រើ​សិទ្ធ​អនុគ្រោះ ព្រោះ​ជាង​រយៈពេល​៦០​ឆ្នាំ​មកហើយ​កម្ពុជា​មិន​ដែលមាន​កីឡាករ​រូប​ណា​អាច​ចូលរួម​កីឡា​អូឡាំពិក​ដោយ​ពេញ​សិទ្ធ​បែបនេះ​នោះទេ​៕   


Tag:
 ចំបាប់​
  តេ​ក្វាន់​ដូ​
  ចូ​វ សុធា​រ៉ា​
  ស៊ន សៀវ​ម៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com