កីឡាជាតិ
ជាតិ
ប៉េតង់​កម្ពុជា​រំពឹង​ជោគជ័យ​ខ្ពស់ សម្រាប់​វត្តមាន​នៅក្នុង​ការប្រកួត Beach Games វៀតណាម
02, Sep 2016 , 10:59 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ចំនួន​១៨​នាក់​(​ស្រី​៩​នាក់​)​ជា​លើកដំបូង ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់ (Beach Games) នៅ​ប្រទេស​វៀតណាម​នា​ថ្ងៃទី​២៥ ខែកញ្ញា ខាងមុខនេះ​។ សម្រាប់​ការបញ្ជូន​កីឡាករ​ចូលរួម​ជា​លើកដំបូង​នេះ ប្រធាន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បានដាក់​កី្ត​រំពឹង​ខ្ពស់​ក្នុង​ការទទួល​ជ័យជម្នះ​រហូតដល់​៨០​ទៅ​៩០​ភាគរយ​។​


​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ដែលជា​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជា នឹង​បញ្ជូន​កីឡាករ​១៨​នាក់​(​ស្រី​៩​នាក់​)​លើ​គ្រប់​ប្រភេទ​វិញ្ញាសា​ជា​លើកដំបូង ដើម្បី​ឲ្យ​ចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​លើក​ទី​៩ Beach Games នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម នា​ខែកញ្ញា ខាងមុខនេះ​។

​សម្រាប់​ការចូលរួម​ជា​លើកដំបូង​របស់​កម្ពុជា លោក អ៊ឹម ផាត ប្រធាន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ និង​ជា​គ្រូបង្វឹក​ផ្ទាល់​ផងដែរ​នោះ បានដាក់​ក្តីសង្ឃឹម​ខ្ពស់ និង​ជឿជាក់​យ៉ាង​មុតមាំ​លើ​សមត្ថភាព​របស់​កីឡាករ និង​កីឡាការិនី​កម្ពុជា ក្នុងការ​ឈានទៅរក​ជ័យជម្នះ និង​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិការណ៍​នេះ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អេ​ឡិ​ក​ត្រូ​និក​ថ្មីៗ លោក អ៊ឹម ផាត បានបញ្ជាក់​ដូ​ន្នេះ​ថា​៖«​ការចូលរួម Beach Games ជា​លើក​ទី​១​នេះ គឺ​ខ្ញុំ​ជា​គ្រូបង្វឹក​មាន​ក្តីសង្ឃឹម​ពី​៨០​ទៅ​៩០​ភាគរយ ដែល​យើង​អាច​ទទួល​ជ័យជម្នះ​បាន​»​។​



​កត្តា​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ​ដាក់​ក្តី​រំពឹង​ខ្ពស់​សម្រាប់​ជ័យជម្នះ ដោយសារ​លោក​សង្កេតឃើញ​ពី​កម្រិត​បច្ចេកទេស​នៃ​ការរីកចម្រើន​របស់​កីឡាករ​កីឡាការិនី​កម្ពុជា តាមរយៈ​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ​កម្ពុជា​នៅលើ​ទីលាន​ខ្សាច់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អស់​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ​។ លោក​ប្រធាន​គ្រូបង្វឹក​រូបនេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការហ្វឹកហាត់​នេះ​នឹងធ្វើ​ឲ្យ​ក្រុម​កីឡាករ​កម្ពុជា​អាច​សម​ទៅនឹង​ទីលាន និង​កម្តៅថ្ងៃ ជាពិសេស​ទទួលបាន​តិច​និក និង​បច្ចេកទេស​ល្អៗ ដើម្បី​ធ្វើជា​បទពិសោធន៍​សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជ័យជម្នះ​ពី​ព្រឹត្តិការណ៍​នេះ​។​

​ម្យ៉ាងទៀត ដោយសារ​កីឡាករ និង​កីឡាការិនី​ទាំង​១៨​នាក់​ដែល​សហព័ន្ធ​គ្រោង​បញ្ជូន​ឲ្យ​ចូលរួម​នេះ សុទ្ធសឹង​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​ខ្ពស់ និង​បាន​ឆ្លងកាត់​ការ​ចម្រាញ់​យ៉ាង​យកចិត្ត​ទុក​ពី​សំណាក់​គ្រូបង្វឹក​ក្នុងចំណោម​កីឡាករ​ជម្រើស​ទាំង​២៤​នាក់​របស់​សហព័ន្ធ​។ លើសពីនេះ​ពួកគេ​ជា​កីឡាករ​សក្តានុពល​ដែល​ធ្លាប់​ដណ្តើមបាន​មេដាយ​ពី​ព្រឹ​តិ្ត​ការណ៍​នានា​ជាច្រើន​ជូន​កម្ពុជា​។ តែ​អ្វីដែល​ធ្វើ​ឲ្យ​លោក​សង្ឃឹម​ខ្លាំង​បំផុត​នោះ គឺ​ក្នុងចំណោម​កីឡាករ​ទាំងនោះ​ក៏មាន​វត្តមាន​ម្ចាស់​មេដាយមាស​ពិភពលោក កែ ឡេង ចូលរួម​ផងដែរ​។



​ទន្ទឹមនឹង​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ឈានទៅរក​ជ័យជម្នះ​នេះ លោក អ៊ឹម ផាត ប្រធាន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រូបនេះ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ សម្រាប់​ការចូលរួម​របស់​ក្រុម​កីឡាករ​កម្ពុជា​លើក​នេះ ដោយសារ​កម្មវិធី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់ គឺ​តម្រូវ​ឲ្យ​កីឡាករ​ម្នាក់​អាច​ប្រកួត​បានតែ​មួយ​វិញ្ញាសា​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងនេះ​ក្តី វា​មិនមែនជា​បញ្ហា​ចោទ​នោះទេ ព្រោះ​កម្ពុ​ជាមាន​កីឡាករ​ដែលមាន​សមត្ថ​ភាព​គ្រប់គ្រាន់​សម្រាប់​ចូលរួម​។  

«​យើងខ្ញុំ​ជា​គ្រូបង្វឹក​ព្រមទាំង​ថ្នាក់ដឹកនាំ​សហព័ន្ធ គឺមាន​ការខិតខំ​ប្រឹង​ប្រែង​យ៉ាងខ្លាំង ដើម្បី​ឲ្យ​កីឡាករ​ស៊ាំ​ជាមួយ​កម្តៅថ្ងៃ ដោយ​យើង​ធ្វើការ​ហ្វឹកហាត់​ពេលព្រឹក​៣​ម៉ោង​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១១​ព្រឹក និង​ពេល​ល្ងាច​ចាប់ពី​ម៉ោង​២:៣០​នាទី​ដល់​ម៉ោង​៦​ល្ងាច​។ ហេតុដូច្នេះ​កីឡាករ​កម្ពុជា​ត្រូវតែ​តស៊ូ និង​បន្ស៊ាំ​ជាមួយ​កម្តៅថ្ងៃ ដើម្បី​ទទួលបាន​ជ័យជម្នះ​ពី​ការប្រកួត​នេះ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក អ៊ឹម ផាត ប្រធាន​គ្រូបង្វឹក​ក្រុម​ជ​ម្រើ​ជាតិ​។



​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា កាលពីដើម ខែសីហា បាន​បង្កើត​ទីលាន​ខ្សាច់​មួយកន្លែង​លើ​ទីលាន​ចាស់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ក្រុម​កីឡាករ​និង​កីឡាការិនី​កម្ពុជា​ទាំង​១៨​នាក់ បាន​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព ក៏ដូចជា​សិក្សា​ពី​តិក​និក និង​បទពិសោធន៍​។ ប្រតិភូ​កីឡា​ព្រមទាំង​កីឡាករ​កីឡាការិនី​កម្ពុជា​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ដើម្បី​ចូលរួម​ប្រកួត​កីឡា​ឆ្នេរ​ខ្សាច់ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥-៣០ ខែកញ្ញា នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ខាងមុខនេះ​៕ 




Tag:
 ប៉េតង់​
  អ៊ឹម ផាត​
  Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com