កីឡាជាតិ
ជាតិ
ការប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ចិន​បាន​ពន្យារពេល ឯ​អ្នកទិញ​សំបុត្រ​រួច​ត្រូវ​មក​ដូរ​យកលុយ​វិញ​
05, Sep 2016 , 2:22 pm        
រូបភាព
រូបថត​ពី​ហ្វេសប៊ុក​សហព័ន្ធបាល់ទាត់​កម្ពុជា​
រូបថត​ពី​ហ្វេសប៊ុក​សហព័ន្ធបាល់ទាត់​កម្ពុជា​
ដោយ:
​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរ​ខួប​លើក​ទី​៥៨​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ ជាមួយ​ក្រុម​ជ​ម្រើ​ជាតិចិន​អាយុ​ក្រោម​១៥​ឆ្នាំ ត្រូវបាន​ពន្យារពេល​ប្រកួត​ហើយ​។ ចំណែក​អ្នក​ដែល​ទិញ​សំបុត្រ​រួច សហព័ន្ធ​បាល់ទាត់​បានបញ្ជាក់​ថា ត្រូវ​មក​ដូរ​យកលុយ​វិញ​នៅ​កន្លែង​លក់​សំបុត្រ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​សប្តាហ៍​នេះ​។​


​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរ​ខួប​លើក​ទី​៥៨​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ដែល​គ្រោង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ត្រូវបាន​លើក​ពេល​ប្រកួត​នៅពេល​ក្រោយ ដោយសារ​មានការ​ស្នើរ​សុំ​ពន្យារពេល​ពី​ខាង​ភាគី​ចិន​។

​តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​កាលពី​ម្សិលមិញ សហព័ន្ធ​បាល់ទាត់​ចិន​បានចេញ​លិខិតស្នើរ​សុំ​ពន្យារពេល​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ និង​ក្រុម​ជម្រើស​ជាតិចិន​អាយុ​ក្រោម​១៥​ឆ្នាំ ដោយ​មិនមាន​ការបញ្ជាក់​ពេលវេលា​ប្រកួត ហើយក៏​មិន​ប្រាប់​ពី​មូលហេតុ​អ្វី​នោះទេ​។ នេះ​បើ​យោងតាម​មន្ត្រី​ផ្នែក​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ចាន់ មិថុនា​។​

​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា  សម្រាប់​ទស្សនិកជន​ដែល​បាន​ទិញ​សំបុត្រ​រួចហើយ អាច​ទៅ​ប្តូរ​យកលុយ​វិញ​បាន​នៅ​កន្លែង​លក់​សំបុត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា​នេះ រហូតដល់​ថ្ងៃទី​៩ ខែកញ្ញា សប្តាហ៍​នេះ​៕


Tag:
 បាល់ទាត់​
  មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com