ពីនេះ ពីនោះ
តើ​ពាក្យ​«​ពិសោធ​» និង​«​ពិសោធន៍​» មាន​លក្ខខណ្ឌ​ប្រើប្រាស់​ខុសគ្នា​ដូចម្ដេច​?
31, Aug 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​ពិសោធ​» និង​«​ពិសោធន៍​» សាធារណជន នៅមាន​ភាពមិនច្បាស់លាស់ នៅក្នុង​ការសរសេរ ថា​ពេលណា​ត្រូវ​«​ពិសោធ​» ហើយ​ពេលណា​ត្រូវ​សរសេរថា​«​ពិសោធន៍​»​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា «​ពិសោធ​» និង​«​ពិសោធន៍​»  មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖


​នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជាក​រិ​យាស​ព្ទ គឺ​ត្រូវ​សរសេរថា​«​ពិសោធ​» ដែល​មានន័យថា សាកមើល​ឲ្យ​ឃើញ​ពិត ពិនិត្យ​ដោយ​ការ​ល្បង​ឲ្យ​ឃើញ​ប្រាកដ​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​ពិសោធន៍​» ដែល​មានន័យថា ការ​ល្បងមើល ដំណើរ​ពិនិត្យ​សាកមើល​ឲ្យ​ឃើញ​ពិត ជាដើម​។​

​ប៉ុន្តែ​ក្នុងករណី សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការពិសោធន៍ , ក្ដី​ពិសោធន៍ , សេចក្ដី​ពិសោធន៍ និង​ដំណើរ​ពិសោធន៍​» ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​ពិសោធន៍​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​

​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​ពិសោធ​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការពិសោធ​, ក្ដី​ពិសោធ​, សេចក្ដី​ពិសោធ និង​ដំណើរ​ពិសោធ​»៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com