កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៥៨។ ជិត៦០ឆ្នាំនៃចំណងការទូត មិត្តភាពកម្ពុជា និងចិន កាន់តែស្អិតល្មួត លើគ្រប់វិស័យទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ ភាគីទាំងពីរ តែងគាំទ្រគ្នាទៅវិញទៅមកទាំងលើវេទិកាអន្តរជាតិនានាដែរ។ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ចេះតែរីកចម្រើនរហូតមេដឹកនាំប្រទេសទាំងពីរ សម្រេចដំឡើងទំនាក់ទំនងនេះទៅជា ទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំ២០១០។
ទំនាក់ទំនងប្រពៃណីជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងចិន ដែលបណ្ដុះពូជដោយអតីតព្រះមហាក្សត្រខ្មែរ និងអតីតមេដឹកនាំចិនជំនាន់មុនៗ បានប្រែប្រួលជាវិជ្ជមានគួរឲ្យកត់សម្គាល់អំឡុងពេល៥៨ឆ្នាំនៃទំនាក់ទំនងការទូត។ ការលេចឡើងរបស់ចិន ជាមហាអំណាចតំបន់ និងពិភពលោក ទាំងសេដ្ឋកិច្ច និងយោធានោះ គឺជាឱកាសរបស់ប្រទេសតូចដូចជាកម្ពុជានេះ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍របស់ខ្លួន។
ក្នុងខែធ្នូ ឆ្នាំ២០១០ កម្ពុជា និងចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតទ្វេភាគី។ ការសម្រេចនេះ ធ្វើឡើងអំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (Wen Jiabao) ។ ជាការពិតដែលមិនអាចប្រកែកបាននោះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសុទ្ធតែផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាង។
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រទេសកម្រិតខ្ពស់បំផុតមួយ។ ជារួមភាគីទាំងពីរ នឹងជួយគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើន ស្ទើរតែទាំងអស់ទាំងសេដ្ឋកិច្ច, នយោបាយ, សន្តិសុខ,ការទូត,ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, វប្បធម៌និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ ដែលទំនាក់ទំនងបង្កើតឡើង សំដៅសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ ក៏ដូចជាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ និងការជួយគ្នាទៅវិញទៅមកលើឆាកអន្តរជាតិផ្សេង។
អ្វីដែលគួរឲ្យកត់សម្គាល់ មានតែមហាយក្សចិនប៉ុណ្ណោះដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ សូម្បីតែជប៉ុនដែលជាម្ចាស់ជំនួយដ៏ធំ និងជាមិត្តដែលតែងគាំទ្រកម្ពុជាប្រហាក់ប្រហែលចិនដែរនោះត្រឹមស្ថិតនៅជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជាប៉ុណ្ណោះ។
កម្ពុជាដែលជាប្រទេសក្រីក្រ ត្រូវការលុយដ៏សន្ធឹកសន្ធាប់របស់ចិន ដើម្បីអភិវឌ្ឍប្រទេសឲ្យជឿនលឿនដូចគេដូចឯង។ ជំនួយរាប់ពាន់លានដុល្លារ ទាំងក្នុងក្របខណ្ឌជំនួយឥតសំណង ឬកម្ចីក្ដី សុទ្ធតែបានជួយកម្ពុជា ក្នុងការបង្កើនការរីកលូតលាស់លើវិស័យសេដ្ឋកិច្ច តាមរយៈពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន ក៏ដូចជាការពង្រឹងលើវិស័យធនធានមនុស្ស ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសនោះ។
ចំណែកចិនវិញ ក៏ត្រូវការកម្ពុជា ដើម្បីជួយខ្លួនក្នុងការពង្រឹងឥទ្ធិពល ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ តាមពិតទៅ ភូមិសាស្ត្រនយោបាយរបស់កម្ពុជា គឺជាចំណុចទាក់ទាញមហាយក្សចិនខ្លាំងបំផុត។ ចិន ត្រូវការកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ខ្លួនឯង ជាពិសេសជម្លោះសមុទ្រចិនខាងត្បូង ដែលចិនកំពុងមានជម្លោះជាមួយសមាជិកអាស៊ានបួនប្រទេសទៀត។ ជំហររបស់កម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូង ដ្បិតតែត្រូវបានអះអាងថា ឯករាជ្យ និងមិនរងសម្ពាធណាមួយនោះ ពិតជាជួយចិនបានច្រើនណាស់។
ទំនាក់ទំនងការទូតកម្ពុជា-ចិនវិញ ចិនដើរតួសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ចិន ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ជាប្រភពដ៏ធំនៃការវិនិយោគបរទេសដោយផ្ទាល់នៅកម្ពុជា ហើយក៏ជាម្ចាស់ជំនួយធំជាងគេផងដែរ។ ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានដល់ទៅជាង៥ពាន់លានដុល្លារ។ ជាមួយគ្នានោះ ទំហំវិនិយោគរបស់ចិននៅកម្ពុជា ក៏កើនឡើងជាលំដាប់ចាប់តាំងពីមេដឹកនាំប្រទេសទាំងពីរ ដំឡើងទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ហើយរំពឹងថា នឹងកើនឡើងបន្តទៀតក្នុងឆ្នាំខាងមុខ។
ទំហំវិនិយោគរបស់ចិននៅកម្ពុជាក្នុងឆ្នាំ២០១៣ មានដល់ទៅ ៤៣៥.៨៣លានដុល្លារ ប្រៀបធៀបក្នុងឆ្នាំ២០១២ ដែលមានទំហំ ២៦៣.៩លានដុល្លារ។ មិនតែប៉ុណ្ណោះ ទំហំទឹកប្រាក់កម្ចី និងជំនួយ ក៏បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែរ។ បច្ចុប្បន្ននេះ ប្រាក់កម្ចី និងជំនួយរបស់ចិនហូរចូលមកកម្ពុជាមានដល់ទៅ៣.៥ពាន់លានដុល្លារទៅហើយ ដែលធ្វើឲ្យចិនក្លាយជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា។
មិនត្រឹមតែសេដ្ឋកិច្ច កម្ពុជា-ចិន ក៏មានទំនាក់ទំនងល្អលើវិស័យយោធាដែរ។ ចិន ក្លាយជាប្រភពដ៏សំខាន់ក្នុងជួយអភិវឌ្ឍវិស័យយោធាកម្ពុជា ដោយរួមទាំងការជួយសម្ភារៈបច្ចេកទេស ហិរញ្ញវត្ថុ ក៏ដូចជាការជួយបណ្ដុះបណ្ដាលនាយទាហានកម្ពុជាដែរ។ ចិន ក៏សន្យាជួយកសាងអាគារ មន្ទីរពេទ្យ និងសាលាហ្វឹកហ្វឺនសម្រាប់កងកម្លាំងកម្ពុជា ដើម្បីពង្រឹងសមត្ថភាពយោធាកម្ពុជា ព្រមទាំងសន្យាបន្តបញ្ជូនទាហានកម្ពុជា ទៅហ្វឹកហាត់នៅចិនថែមទៀតផង។
គំនិតផ្ដួចផ្ដើមថ្មីៗរបស់ចិនមាន «ខ្សែក្រវ៉ាត់មួយ វិថីមួយ» «ផ្លូវសូត្រសមុទ្រ» និង ធនាគារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏កំពុងដើរតួសំខាន់ផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើនដែរ។ គំនិតផ្ដួចផ្ដើមទាំងនេះ បានផ្ដល់ឱកាសទូលំទូលាយឲ្យកម្ពុជា ដែលត្រូវការការវិនិយោគពីបរទេស ដើម្បីអភិវឌ្ឍប្រទេសនោះ។
ចុងក្រោយនោះ ប្រធានាធិបតីចិន ស៊ី ជិនពីង មកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១៣ និងទី១៤ ខែតុលា។ ហើយនោះគឺជាទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីចិនរូបនេះ មកកាន់កម្ពុជា ក្នុងនាមជាប្រមុខរដ្ឋចិន។ គេរំពឹងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នឹងកាន់តែរឹងមាំថែមទៀតបន្ទាប់ពីទស្សនកិច្ចនេះ ខណៈដែលកិច្ចព្រមព្រៀងមិនតិចជាង២៨ឡើយ នឹងត្រូវចុះហត្ថលេខានោះ៕