អន្តរជាតិ
ស្ថាបនិកសំខាន់ប្រាំរូប ពីក្រោយនៃកំណើតអាស៊ាន៥៥ឆ្នាំ 08, Aug 2022 , 9:30 pm
1រដ្ឋមន្ត្រីការបរទេសអាស៊ាន ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និងសិង្ហបុរី (រាប់ពីឆ្វេងមកស្តាំ)
× សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន ត្រូវបានបង្កើតជាផ្លូវការ ដោយស្ថាបនិកប្រាំប្រទេសរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ តាមរយៈសេចក្តីថ្លែងការណ៍ក្រុងបាងកក នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៦៧។ ចូលដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ហើយ នៃការបង្កើតអង្គការអន្តររដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
បើក្រឡេកទៅមើលព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រនៃការបង្កើតអាស៊ាន គេមិនដែលភ្លេចឡើយស្ថាបនិកទាំងប្រាំរូបដែលតំណាងឲ្យប្រទេសទាំងប្រាំរបស់អាស៊ាននោះ។ ស្ថាបនិកទាំងប្រាំរូបនោះរួមមាន រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Adam Malik (ស្លាប់នៅឆ្នាំ១៩៨៤), រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Narciso R. Ramos (ស្លាប់ នៅឆ្នាំ១៩៨៦ ),រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Tun Abdul Razak (ស្លាប់នៅឆ្នាំ១៩៧៦), រដ្ឋមន្ត្រីការបរទេសសិង្ហបុរី S. Rajaratnam (ស្លាប់នៅឆ្នាំ២០០៦) និង រដ្ឋមន្ត្រីការបរទេសថៃ Thanat Khoman (ស្លាប់នៅឆ្នាំ២០១៦) ដែលជាអ្នកចុះហត្ថលេខាលើសេចក្តីប្រកាសក្រុងបាងកកស្តីពីការបង្កើត«សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន»ជាផ្លូវការនោះ។
មិនខុសពីអង្គការអន្តររដ្ឋាភិបាលនៅក្នុងតំបន់មួយចំនួន គោលបំណង នៃការបង្កើតស្ថាប័នអន្តររដ្ឋាភិបាលនេះ គឺដើម្បីផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គម វប្បធម៌ បច្ចេកទេស អប់រំ និងវិស័យជាច្រើនផ្សេងទៀត ក្នុងទិសដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅតំបន់តាមរយៈការគោរពយុត្តិធម៌ និងនីតិរដ្ឋជាដើម។ មកទល់បច្ចុប្បន្ន អង្គការក្នុងតំបន់មួយនេះ មានសមាជិកសរុបទាំង១០ប្រទេសដែលបន្ថែមពីសមាជិកចាស់ទាំងប្រាំ។ សមាជិកទាំងនោះរួមមាន ព្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។
តាមពិតទៅ មុននឹងចេញជារូបរាងមួយជាផ្លូវការ អាស៊ាន បាន ឆ្លងកាត់នូវដំណាក់កាលជាច្រើន។ ក្នុងនោះស្ថាប័នដំបូងគេ ដែលត្រូវបានបង្កើតដោយសមាជិកអាស៊ានមានឈ្មោះថា សមាគមអាស៊ីអាគ្នេយ៍(ASA)។ ស្ថាប័ននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ ក្រោមការផ្តួចផ្តើមរបស់លោក Tunka Abdul Rahman (ស្លាប់នៅឆ្នាំ១៩៩០) ដែលជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ នៅក្នុងស្ថាប័ននេះ មានសមាជិកសរុបចំនួនបីប្រទេសរួមមាន ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។ យ៉ាងណាក៏ដោយ បញ្ហាផ្ទៃក្នុង និង ភាពពុំមានប្រសិទ្ធភាព បានធ្វើឲ្យស្ថាប័ននេះត្រូវដួលរលំ។
មិនយូរប៉ុន្មានក្រោយពីការបរាជ័យនៃ សមាគមអាស៊ីអាគ្នេយ៍ ស្ថាប័នមួយផ្សេងទៀត ត្រូវបាន បង្កើតឡើងដោយរដ្ឋអាស៊ាន។ នោះគឺ ម៉ាហ្វីលីនដូ (Maphilindo) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៣ និងមានសមាជិកសរុបបីប្រទេសផងដែរ។ ក្នុងនោះរួមាន ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី។ យ៉ាងណាមិញ ស្ថាប័ននេះ ក៏ត្រូវបានដួលរលំម្តងទៀត។
សូមជម្រាបផងដែរថា ស្ថាប័នសំខាន់ទាំងពីរនេះ មិនបានធ្វើឲ្យមានកិច្ចសហប្រតិបត្តិល្អរវាងប្រទេសអាស៊ាននោះទេ ផ្ទុយទៅវិញវាបានដួលរលំភ្លាមៗក្រោយពេលនៃការបង្កើត ។ នោះ ក៏ព្រោះតែ ដោយសារមានភាពចម្រូងចម្រាសរវាងសមាជិកនីមួយៗ ដែលកើតចេញពីភាពមិនច្បាស់លាស់រវាងនយោបាយការទូត និង បញ្ហានៃការកំណត់ដែនអធិបតេយ្យភាពផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com