អន្តរជាតិ
សេដ្ឋី​ប្រេង​ស្និទ្ធ​រុស្ស៊ី ក្លាយជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ផ្លូវការ​
02, Feb 2017 , 11:11 am        
រូបភាព
អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង Exxon Mobile លោក Rex Tillerson ក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក
អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង Exxon Mobile លោក Rex Tillerson ក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក
​សេដ្ឋី​រកស៊ី​ជំនួញ​ប្រេង Rex Tillerson ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​គាំទ្រ​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​ក្នុង​រដ្ឋាភិបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ សមាជិក​ព្រឹទ្ធសភា​ទាំងអស់​មកពី​បក្ស​សាធារណរដ្ឋ សុទ្ធតែ​បោះឆ្នោត​គាំទ្រ​លោក ធ្វើជា​ប្រមុខ​ការទូត​ថ្មី​របស់​អាមេរិក ប៉ុន្តែ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ភាគច្រើន​បាន​បោះឆ្នោត​ប្រឆាំង​។ ពួកគេ​បារម្ភ​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​រវាង​លោក Rex Tillerson និង​រុស្ស៊ី ដែល​អាច​អាច​ប៉ះពាល់​ផលប្រយោជន៍​របស់​អាមេរិក​។


​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានទទួល​ជ័យជម្នះ​នៅ​សមរភូមិ​ព្រឹទ្ធសភា ជាទី​ដែល​ក្រុម​ប្រជាធិបតេយ្យ​កំពុង​ធ្វើពហិការ​ចូលរួម​កិច្ចពិភាក្សា​លើ​សមាសភាព​រដ្ឋាភិបាល​របស់លោក​។ ព្រឹទ្ធសភា​អាមេរិក ដែល​ក្រុម​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន បាន​បោះឆ្នោត​គាំទ្រ​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង Exxon Mobil Corp លោក Rex Tillerson ធ្វើជា​រដ្ឋមន្ត្រីការបរទេស​ផ្លូវការ បើទោះជា​បក្ស​ប្រជាធិបតេយ្យ​មិន​យល់ស្រប​ក៏ដោយ​។​

​សេដ្ឋី​ប្រេង​ស្និទ្ធ​រុស្ស៊ី​រូបនេះ ទទួល​សំឡេងគាំទ្រ​ចំនួន​៥៦ ទល់នឹង​៤៣​សំឡេង​។ សមាជិក​ព្រឹទ្ធសភា​ទាំង​៥២ របស់​បក្ស​សាធារណរដ្ឋ រួមទាំង​សមាជិក​៤​រូប​របស់​បក្ស​ប្រជាធិបតេយ្យ បាន​បោះឆ្នោត​យល់ព្រម​លើ​បេក្ខភាព​លោក Rex Tillerson ស្រប​ពេលដែល​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ផ្សេងទៀត បោះឆ្នោត​ប្រឆាំង និង​មិន​បោះឆ្នោត​តែម្ដង​។ បក្ស​ប្រជាធិបតេយ្យ​លើកឡើងថា លោក Tillerson មិនមាន​បទពិសោធន៍​នយោបាយ​ឡើយ ហើយ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ក៏​មិន​បម្រើ​ប្រយោជន៍​អាមេរិក​ដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា នៅមុន​ការបោះឆ្នោត​នេះ បក្ស​ប្រជាធិបតេយ្យ ក៏បាន​ព្យាយាម​ពន្យារពេល​បោះឆ្នោត​លើ​បេក្ខភាព​លោក Tillerson ជុំវិញ​បទបញ្ជា​ហាមឃាត់​លំហូរ​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ឥស្លាម​ចំនួន​៧ របស់​ប្រធានាធិបតី ត្រាំ ។ សមាជិក​បក្ស​ប្រជាធិបតេយ្យ ចង់​សួរ​លោក Tillerson ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​លើ​គោលនយោបាយ​នេះ ដ្បិត​ប្រទេស​ជាច្រើន​មិន​ពេញចិត្ត​ការសម្រេចចិត្ត​បែបនេះ​ឡើយ​។​

​ប៉ុន្មានម៉ោង​ក្រោយ​ទទួលបាន​ការយល់ព្រម​ពី​ព្រឹទ្ធសភា អ្នកជំនួញ​ប្រេង​វ័យ​៦៤​ឆ្នាំ​រូបនេះ ក៏បាន​ស្បថ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ទី​៦៩ របស់​អាមេរិក ស្នង​តំណែង​លោក John Kerry នៃ​រដ្ឋបាល​​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។ វត្តមាន​របស់លោក នឹង​ជួយ​បំពេញ​កៅអី​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដែល​នៅ​ទំនេរ​ស្រាប់ ហើយ​លោក​ក៏​ក្លាយជា​រដ្ឋមន្ត្រី​មួយទៀត ក្នុងគណៈ​រដ្ឋមន្ត្រី​លោក ត្រាំ ដែល​ទើប​តែមាន​រដ្ឋមន្ត្រី​មិន​ដល់​៥​នាក់​ផង​នោះ​។​

​យ៉ាងណាក្ដី បញ្ជា​ជាច្រើន​កំពុង​រង់ចាំ​ប្រមុខ​ការទូត​រូបនេះ​ដោះស្រាយ​បន្ថែម​ពីលើ​បញ្ហា​ហាមឃាត់​លំហូរ​ជនភៀសខ្លួន ដែល​បង្ក​ការមិន​ពេញចិត្ត​ស្រាប់​។ ការប្រឈមមុខ​ជាមួយ​រុស្ស៊ី ការលេចឡើង​របស់​ចិន និង​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង សុទ្ធតែជា​បញ្ហា​ប្រឈម​ទាំងអស់​។ ដោយសារ​រឿងនេះ បូករួម​ជាមួយ​កង្វះ​បទពិសោធន៍​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ថ្មី​ផង​នោះ ទើប​ធ្វើ​ឲ្យ​គេឯង​បារម្ភ​ពី​អនាគត​គោលនយោបាយ​ការបរទេស​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក Rex Tillerson ៕ 



Tag:
 រុស្ស៊ី​
  អាមេរិក​
  Rex Tillerson
© រក្សាសិទ្ធិដោយ thmeythmey.com