អន្តរជាតិ
ជប៉ុន​៖ អ្នករៀបចំ​អូឡាំពិក​ឆ្នាំ​២០២០ ស្នើ​ប្រជាជន​បរិច្ចាគ​ទូរ​សព្ទ​ចាស់ៗ​ដើម្បី​យក​ធ្វើ​មេដាយ​
03, Feb 2017 , 8:59 am        
រូបភាព
​អ្នករៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០ និង​បា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ដែលមាន​ទីក្រុង​តូ​ក្យូ​ធ្វើជា​ម្ចាស់ផ្ទះ បានស្នើ​ឲ្យ​ប្រជាជន​រស់នៅ​ជប៉ុន​ទាំងអស់​បរិច្ចាគ​ទូរ​សព្ទ​ដែល​លែង​ប្រើប្រាស់ ដើម្បី​កែច្នៃ​ជា​មេដាយ​សម្រាប់​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការ​ណ៍ដ៍​ធំ​ទាំងពីរ​នេះ​។ គោលដៅ​នៃ​ការអំពាវនាវ​នេះ សំដៅ​ជួយ​ការពារ​បរិស្ថាន ស្រប​ពេលដែល​វត្ថុធាតុដើម​សម្រាប់​ធ្វើជា​មេដាយ​ក៏​មិនសូវមាន​ដូច​មុន​ដែរ​។


​គណៈកម្មាធិការ​រៀបចំ​កីឡា​អូ​ឡា​ពិ​ក​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​១ ខែកុម្ភៈ បានប្រកាសថា ខ្លួន​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរ​គម​នគ​មន៍ NTT Docomo និង​ទីភ្នាក់ងារ​អនាម័យ​បរិស្ថាន​ជប៉ុន ដើម្បី​ធ្វើ​យុទ្ធនាការ​ប្រមូល​ទូរ​សព្ទ​ចាស់ៗ ចាប់ពី​ខែមេសា​។ គណៈកម្មាធិការ​នេះ​រំពឹង​អាច​ប្រមូល​លោហៈ​ចំនួន​៨​តោន​ពី​ទូរ​សព្ទ​ចាស់ៗ ដើម្បី​ចម្រាញ់​ធ្វើ​មេដាយ​ចំនួន​៥​ពាន់ សម្រាប់​ត្រៀម​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ដូចគ្នា​។​

​បើតាម​សារព័ត៌មាន The Japan Times ប្រអប់​បរិច្ចាគ នឹងត្រូវ​ពង្រាយ​នៅតាម​ហាង​ច្រើនជាង​២៤០០ របស់​ក្រុមហ៊ុន NTT Docomo និង​នៅតាម​ការិយាល័យ​សាធារណ​ជាច្រើន​កន្លែង​ទៀត​។ គណៈកម្មាធិការ​រៀបចំ​អូឡាំពិក សង្ឃឹមថា ពួកគេ​អាច​ប្រមូល​ទូរ​សព្ទ​ជាច្រើន​លាន​គ្រឿង ដើម្បី​ទទួលបាន​សារធាតុ​លោហៈ​៨​តោន មុននឹង​ចម្រាញ់​មក​ត្រឹម​២​តោន ក្នុង​ការផលិត​មេដាយ​សម្រាប់​អត្ត​ព​លិ​ក​ទទួល​ជ័យជម្នះ​។ យុទ្ធនាការ​នេះ នឹងត្រូវ​បញ្ចប់​ពេល​គណៈកម្មាធិការ​ទទួល​បាន​លោហៈ​៨​តោន​។​

​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​លើក​មុនៗ មេដាយ​សម្រាប់​បំពាក់​ឲ្យ​កីឡាករ ត្រូវបាន​ផលិត​ចេញពី​របស់​កែច្នៃ​ដែរ​។ ប៉ុន្តែ​សម្រាប់​ព្រឹត្តិការ​អូ​ឡា​ពិ​ក​ក្រុង​តូ​ក្យូ គឺជា​លើកទីមួយ ដែល​មេដាយ​ទាំងអស់​ត្រូវបាន​ផលិត​ចេញពី​សម្ភារ​អេ​ឡិច​ត្រូ​និ​ច​។ អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ បញ្ជាក់ថា មេដាយមាស​ទាំងអស់ នឹងត្រូវ​ផលិត​ចេញពី​សម្ភារ​កែច្នៃ​១០០​ភាគរយ​តែម្ដង​។

​ម្ចាស់​មេដាយមាស​អូឡាំពិក​វិ​ញ្ញា​កាយ​វប្បកម្ម​បី​ជំនាន់ Kohei Uchimura បាន​និយាយថា មេដាយ​កីឡា​អូ​ឡា​ពិ​ក​ឆ្នាំ​២០២០ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០ នឹងត្រូវ​ផលិត​ចេញពី​ចិត្ត​របស់​ប្រជាជន ក្នុងការ​ចៀសវាង​ផលិត​កាកសំណល់​។ លោក​គិតថា សកម្មភាព​នេះ ជា​សារ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

​ទន្ទឹមគ្នានេះ អត្ត​ព​លិ​ក​អាមេរិក Ashton Eaton ដែលជា​ម្ចាស់​មេដាយមាស​ពីរ​ជំនាន់​លើ​វិញ្ញាសា Decathlon ក៏បាន​បង្ហាញ​ការយល់ស្រប​ក្នុងការ​ទាញយក​វត្ថុ​កែច្នៃ​ធ្វើជា​មេដាយ​សម្រាប់​កីឡាករ​ជ័យលាភី​ដែរ​។ លោក​និយាយថា​៖ មេដាយ​ដែល​ពាក់​នៅលើ​ក តែងតែមាន​អត្ថន័យ​ខ្ពង់ខ្ពស់​។ នៅពេលដែល​អត្ត​ព​លិ​កណា​មួយម្នាក់​ឈ្នះ​មេដាយ​នៅ​តូ​ក្យូ វា​មិនមែន​ត្រឹមតែ​ជា​មេដាយមាស ប្រាក់ ឬ​សំរិទ្ធ​ឡើយ តែ​ជា​មេដាយ​តំណាង​ជាតិ​ទាំងមូល​»៕


Tag:
 Olympic
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com