អន្តរជាតិ
អូស្ត្រាលី​ថា អាមេរិក​ប្តេជ្ញា​អនុវត្ត​នូវ​អ្វីដែល​លោក ត្រាំ ហៅថា​ជា​កិច្ចព្រមព្រៀង​ជនភៀសខ្លួន «​ដែល​មិនបានការ​»
03, Feb 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​សេចក្តីរាយការណ៍​មួយ​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ​ដ៏​ចម្រូងចម្រាស​រវាង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ប្រធានាធិបតី​អាមេរិក លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិនបាន​ដាក់​ទូរស័ព្ទ​របស់លោក​ចុះ​នោះទេ ហើយ​លោក ត្រាំ បាន​ប្តេជ្ញា​ថា​នឹង​បោះជំហាន​ទៅមុខ​ជាមួយនឹង​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ផ្តល់​ទីលំនៅ​ដល់​ជនភៀសខ្លួន​មួយក្រុម ដែល​ត្រូវគេ​ចាប់បាន​ពេល​ព្យាយាម​ធ្វើដំណើរ​ចូលទៅ​កាន់​ប្រទេស​អូស្ត្រាលី​។​


​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង ក្នុងអំឡុងពេល​លោក​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា កាន់តំណែង​។ លោក ត្រាំ បានចេញ​បទបញ្ជា​ប្រធានាធិបតី​មួយ ដែល​ហាមឃាត់​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​ជនភៀសខ្លួន​ចូលមក​កាន់​សហរដ្ឋអាមេរិក ប៉ុន្តែ​បទបញ្ជា​ប្រធានាធិបតី​នោះបាន​រួមបញ្ចូល​មាត្រាមួយ​ដែល​ផ្តល់​ករណី​លើកលែង «​នៅពេលដែល​បុគ្គល​នោះ​អាច​ចូលមក​កាន់​សហរដ្ឋអាមេរិក​ដើម្បី​អនុលោម​ទៅតាម​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែលមាន​ស្រាប់​មួយ​»​។​

​កាសែត The Washington Post បាន​រាយការណ៍​ថា លោក ត្រាំ បាន​ប្រាប់​ដល់​លោក Turnbull ថា កិច្ចព្រមព្រៀង​នេះ​គឺជា «​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត​» ហើយ​ប្រទេស​អូស្ត្រាលី​កំពុងតែ​ព្យាយាម​បញ្ជូន​អ្នកបោក​គ្រាប់​អត្តឃាត ដូច​នៅក្នុង​ហេតុការណ៍​នៅ​ទីក្រុង Boston ចេញពី​ប្រទេស​ខ្លួន​។​

​សេត​វិមាន​បាន​ឲ្យ​ដឹងថា ជនភៀសខ្លួន​មួយក្រុម​ដែលមាន​គ្នា​ប្រមាណ​១២០០​នាក់ ភាគច្រើន​មកពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ខ្លាំង​បំផុត មុននឹង​អនុញ្ញាត​ឲ្យ​ចូលមក​កាន់​អាមេរិក​។ លោក ត្រាំ បាន​បន្ត​រិះគន់​កិច្ចព្រមព្រៀង​នេះ​កាលពី​ល្ងាច​ថ្ងៃ​ពុធ នៅក្នុង​សារ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter​។​

​លោក​បានសរសេរថា «​តើ​អ្នក​ជឿ​ឬទេ​? រដ្ឋបាល​របស់លោក អូ​បា​ម៉ា បាន​យល់ព្រម​ទទួល​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់ពាន់នាក់​ពី​ប្រទេស​អូស្ត្រាលី​។ ហេតុអ្វី​បានជា​ដូច្នេះ​? ខ្ញុំ​នឹងសិក្សា​ទៅលើ​កិច្ចព្រមព្រៀង​ដែល​មិនបានការ​មួយ​នេះ​!»៕


© រក្សាសិទ្ធិដោយ thmeythmey.com