អន្តរជាតិ
អង់គ្លេស មិនទាន់​ច្បាស់​ថា​ត្រូវ​ទទួល​ទស្សនកិច្ច ដូ​ណា​ល់ ត្រាំ ឬ​យ៉ាងណា​នោះឡើយ​
03, Feb 2017 , 8:39 pm        
រូបភាព
​គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ចក្រភព​អង់គ្លេស កំពុង​ក្លាយជា​ចម្រូងចម្រាស់​។ ទស្សនកិច្ច​នេះ ទទួលបាន​ទាំង​ការគាំទ្រ និង​ការប្រឆាំង ព្រោះ​អាមេរិក ជា​សម្ព័ន្ធ​ស្អិតល្មួត​របស់​អង់គ្លេស​តាំងពី​យូរ​មកហើយ ដែល​ដំណើរ​ទស្សនកិច្ច​លើក​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​គោលនយោបាយ​ហាមឃាត់​ជនអន្តោប្រវេសន៍​មូស្លីម​របស់លោក ត្រាំ គឺជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​អង់គ្លេស​ជាច្រើន មិន​សប្បាយចិត្ត​ឡើយ​។ ចំណែក​សភា​អង់គ្លេស ក៏​នឹង​ពិភាក្សា​លើ​រឿងនេះ​ដើម្បី​សម្រេច​ថា ទទួល​លោក ត្រាំ ឬ​អត់​។​


​អំឡុង​ទស្សនកិច្ច​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​សប្ដាហ៍​មុន នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​អញ្ជើញ​ដោយផ្ទាល់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មក​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ចក្រភព​អង់គ្លេស​។ ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស បញ្ជាក់ថា លោកស្រី May អញ្ជើញលោក ត្រាំ ក្នុង​ព្រះនាម​មហាក្សត្រី​យ៍ Elizabeth II ដែលជា​ប្រមុខរដ្ឋ​នៃ​ចក្រភព​អង់គ្លេស ហើយ​លោកស្រី​ពិតជា​រីករាយ​ដែល​ធ្វើ​ការងារ​នេះ​។​

សូមស្តាប់សំឡេង




​យ៉ាងណាក្ដី នៅក្រោយ​ការអញ្ជើញ​នេះ ប្រជាជន​អង់គ្លេស​រាប់លាន​នាក់​ផ្ទុះ​ការតវ៉ា​ប្រឆាំង​គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ​មកកាន់​អង់គ្លេស​។ នេះ ក៏ដោយ​សារ​ពួកគេ​ខឹងសម្បារ​បញ្ជា​ហាមឃាត់​លំហូរ​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ឥស្លាម​ចំនួន​៧ ដែល​ពួកគេ​ចាត់ទុកជា​ការរើសអើង​ពូ​សាសន៍ និង​បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ ពួកគេ ក៏បាន​ដាក់​ញត្តិ​ស្នើ​រដ្ឋាភិបាល​ឲ្យ​ផ្អាក​ទស្សនកិច្ច​នេះ​សិន​។​

​សារព័ត៌មាន The Guardian ផ្សាយ​ថា មិន​ត្រឹមតែ​ប្រជាជន​សាមញ្ញ​ឡើយ សូម្បីតែ​តារា​ល្បីឈ្មោះ អ្នកនយោបាយ​ប្រឆាំង និង​បុគ្គល​លេចមុខ​មាត់​ជាច្រើន ក៏​មិន​ពេញការ​អញ្ជើញលោក ត្រាំ មក​អង់គ្លេស​ដែរ​។ ពួកគេ បាន​គំរាម​ធ្វើបាតុកម្ម​ដ៏​ធំ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស ដើម្បី​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​នេះ​។ ដោយ​សំដៅលើ​ការហាម​ប្រាម​ជនអន្តោប្រវេសន៍ ក្រុមប្រឆាំង​ទាំងនេះ បាន​ហៅ​បទបញ្ជា​របស់លោក ត្រាំ ជា​គ្រោះថ្នាក់ និង​រើសអើង​។ 

​ប៉ុន្តែ​នាយករដ្ឋមន្ត្រី May ដែលជា​មេដឹកនាំ​បរទេស​ទីមួយ​ទៅ​ជួប​លោក ដូ​ណា​ល់ ត្រាំ ដល់​សេត​វិមាន​នោះ នៅតែ​ទទូច​បន្ត​រៀបចំ​ទស្សនកិច្ច​លើក​នេះ​ដដែល​។ ការិយាល័យ 10 Downing Street ក៏បាន​ចេញមក​បញ្ជាក់​ដែរ​ថា ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក អាច​នឹង​រៀបចំឡើង​នៅ​ឆមាស​ទី​ពីរ ឆ្នាំ​២០១៧ ។​

១. សភា​អង់គ្លេស នឹង​ពិភាក្សា​ញត្តិ​ប្រឆាំង​ទស្សនកិច្ច​លោក ត្រាំ នៅ​ចុងខែ​កុម្ភៈ​
​គ្រាន់តែ​ឮដំណឹង​ថា នាយករដ្ឋមន្ត្រី May អញ្ជើញ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មក​ទស្សនកិច្ច​នោះ ប្រជាជន​ចក្រភព​អង់គ្លេស​ជិត​២​លាន​នាក់ បានធ្វើ​ញត្តិ​មួយ​ប្រឆាំង​ទស្សនកិច្ច​នេះ ជាការ​ឆ្លើយតប​នឹង​បម្រាម​របស់លោក ត្រាំ ។ ទន្ទឹមនឹង​ការប្រឆាំង ទស្សនកិច្ច​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​ផងដែរ ហើយ​ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទទួល​ប្រធានាធិបតី​ដូច​ការគ្រោងទុក ព្រោះ​សម្ព័ន្ធមិត្ត​ទាំងពីរ ត្រូវ​ធ្វើការ​ជាមួយគ្នា​ដោយ​ចៀស​មិន​ផុត​។​

​ក្នុងស្ថានភាព​បែបនេះ សភា​អង់គ្លេស នឹង​ពិភាក្សា​លើ​ញត្តិ​ទាំងពីរ​នេះ​នៅ​ចុងខែ​កុម្ភៈ ព្រោះ​ច្បាប់​អង់គ្លេស​កំណត់​ឲ្យ​សភា​ពិភាក្សា​លើ​បញ្ហា​ណាមួយ​កាលបើ​មាន​សំណើ​ពី​ប្រជាជន​ច្រើន​បែបនេះ​។ គេ​រំពឹងថា សភា​អង់គ្លេស ទំនងជា​មិន​ប្រឆាំង​ទស្សនកិច្ច​របស់លោក ត្រាំ ឡើយ ព្រោះ​អង់គ្លេស និង​អាមេរិក ជា​មិត្ត​ល្អ​នឹង​គ្នា​ស្រាប់​ហើយ​។

​សមាជិកសភា​មកពី​ប្រឆាំង ដែល​មិន​ពេញចិត្ត​គោលនយោបាយ​លោក ត្រាំ ដែរនោះ ប្រហែលជា​បោះឆ្នោត​គាំទ្រ​ញត្តិ​ប្រឆាំង​ទស្សនកិច្ច​ប្រធានាធិបតី បើទោះជា​មិនអាច​រារាំង​ទស្សនកិច្ច​នេះ​ក៏ដោយ​។ ជាងនេះទៅទៀត សមាជិកសភា​ច្រើនជាង​មួយរយ​នាក់ ក៏បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ដែល​សំដៅ​រារាំង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពី​ការ​ថ្លែង​សុន្ទ​កថា​ចំពោះមុខ​សភា ក្នុងករណី​ដែល​គម្រោង​ទស្សនកិច្ច​រៀបចំ​តាម​គម្រោង​មែន​។​

២. ដំណើរ​របស់ ដូ​ណា​ល់ ត្រាំ មក​អង់គ្លេស អាចមាន​កម្រិត​ត្រឹម​ទស្សនកិច្ច​ផ្លូវការ​
​ការអញ្ជើញ​លោក ត្រាំ មក​ទស្សនកិច្ច​នៅ​អង់គ្លេស មិនមែនជា​បញ្ហា​រដ្ឋាភិបាល​លោកស្រី May តែមួយ​ឡើយ​។ គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក កំពុង​ធ្វើ​ឲ្យ​រាជវាំង Buckingham ស្ថិតក្នុង​ស្ថានភាព​លំបាក​ខ្លាំង ព្រោះតែ​នយោបាយ​ចម្រូងចម្រាស់ និង​រើសអើង​របស់លោក ត្រាំ លើ​ជនភៀសខ្លួន​តែម្ដង​។

​អតីត​ប្រមុខ​ការិយាល័យ​ការបរទេស​អង់គ្លេស លោក Peter Ricketts បាន​សរសេរ​សំបុត្រ​មួយ​ទៅកាន់​សារព័ត៌មាន Times ដោយបាន​ហៅ​ការអញ្ជើញ​លោក ត្រាំ ជា​រឿង​ខ្វះ​ការពិចារណា​។ លោក​សង្កត់ធ្ងន់ថា លោក​ប្រធានាធិបតី ត្រាំ មិនគួរ​ត្រូវបាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​អង់គ្លេស​នៅពេល​នេះឡើយ ព្រោះ​លោក​ទើបតែ​ចូលកាន់​តំណែង​ប៉ុណ្ណោះ​។ លោក ត្រាំ ទើបតែ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ហើយ​បើ​គិត​ដល់ពេល​ទស្សនកិច្ច​នោះ លោក​មិនទាន់​កាន់តំណែង​បាន​មួយឆ្នាំ​ស្រួល​ផង​។

​ដោយឡែក​ក្នុង​ញត្តិ​ប្រឆាំង​ដែល​ចុះហត្ថលេខា​ដោយ​ប្រជាជន​ច្រើនជាង​១​លាន​៨​សែន​នាក់ ក៏បាន​ដាក់​លក្ខខណ្ឌ​មួយ​សម្រាប់​ទស្សនកិច្ច​ប្រធានាធិបតី​អាមេរិក​។ ញត្តិ​បានទាមទារ​ឲ្យ​កំណត់​កម្រិត​ទស្សនកិច្ច​នេះ​នៅត្រឹម​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​បាន​ហើយ​។ ពោល គឺ​លោក ត្រាំ មក​អង់គ្លេស​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​អាមេរិក មិនមែនជា​ប្រធានាធិបតី​ឡើយ ព្រោះ​អាច​ប៉ះពាល់​ចេស្ដា​មហាក្សត្រី​យ៍ Elizabeth II ៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អង់គ្លេស​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com