អន្តរជាតិ
ដូ​ណា​ល់ ត្រាំ អរគុណ​និង​ស្វាគមន៍ Samsung ដែល​ពិចារណា​បើក​រោងចក្រ​នៅ​អាមេរិក​
03, Feb 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អរគុណ​និង​ស្វាគមន៍​ការពិចារណា​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsung ក្នុង​ការបើក​ក្រុមហ៊ុន​នៅ​អាមេរិក​។ ការពិចារណា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយសារតែ​ក្រុមហ៊ុន​នេះ​បារម្ភ​ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​និយម​របស់លោក ដូ​ណា​ល់ ត្រាំ​នៅពេល​អនាគត​នៅ​។


«​អរគុណ Samsung​។​យើង​រីករាយ​ណាស់​ដែលមាន​អ្នក​»​។ នេះ​ជា​សារ​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​បង្ហោះ​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ដើម្បី​ស្វាគមន៍​ដែល Samsung កំពុង​ពិចារណា​បើក​ក្រុមហ៊ុន​នៅ​ទឹកដី​អាមេរិក​នោះ​។​

​ការផ្ញើ​សារ​ស្វាគមន៍​ក្រុមហ៊ុន​គ្រឿង​អេឡិចត្រូនិក​របស់​កូរ៉េខាងត្បូង​នេះ កើតឡើង​បន្ទាប់ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្តី​ប្រភព​ដែល​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន Samsung​។ ប្រភព​នោះបាន​អះអាងថា ក្រុមហ៊ុន Samsung ពិចារណា​និង​វាយតម្លៃ​លើ​គម្រោង​វិនិយោគ​នៅ​អាមេរិក​នេះ ដើម្បី​កំណត់ថា​វា​ជា​រឿង​ចាំបាច់​ពិត​ឬ​អត់​។  

​ជារួម​ក្រុមហ៊ុន Samsung មិនទាន់​អាច​បញ្ជាក់បាន​ថា ខ្លួន​នឹងត្រូវ​វិនិយោគ​លុយ​ប៉ុន្មាន និង កំណត់​បាន​ថា​តើ​រោងចក្រ​របស់ខ្លួន​អាច​នឹងត្រូវ​កសាង​នៅ​កន្លែង​ណា​ឲ្យ​ជាក់ច្បាស់​ឡើយ​។​

​ការពិចារណា​វិនិយោគ​លើ​ការបើក​ក្រុមហ៊ុន​ថ្មី​នៅ​អាមេរិក​ដើម្បី​ផ្គត់ផ្គង់​ផលិត​ខ្លួន​នៅ​ទីនោះ គឺ​ដើម្បី​ឆ្លើយតប​គោលនយោបាយ​គាំពារ​និយម​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​អាច​នឹងត្រូវ​អនុវត្ត​នៅពេល​ខាងមុខ​នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដដែល ខណៈដែល​ក្រុមហ៊ុន Samsung កំពុង​ពិចារណា​ថា​គួរ​បើក​រោងចក្រ​នៅ​អាមេរិក​ឬ​អត់ ក្រុមហ៊ុន LG អេឡិចត្រូនិក​កំពុង​ស្វះ​ស្វែងរក​ការសាងសង់​រោងចក្រ​នៅ​Tennessee​។ ក្រុមហ៊ុន​នេះ​ក៏​ស្ថិតក្នុង​ដំណាក់កាល​ពិចារណា ដំឡើង​រោងចក្រ​សាងសង់​សម្ភារៈ​ផ្ទះ និង​ទូ​ទស្សន៍​ជាដើម​ដូចគ្នា​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ​បដិសេធ​ផ្តល់​ព័​ត៌​បន្ថែម​ពាក់ព័ន្ធ​ការសាងសង់​រោងចក្រ​នេះ​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​នឹង​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ ក្នុងពេល​លោក​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ ២០​មករា​។​ហើយ​លោក​ថែមទាំង​សន្យា​អនុវត្ត​គោលនយោបាយ​គាំពារ​នយោបាយ​ដោយមាន​ទាំង​ដកខ្លួន​ចេញពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ និង​ដំឡើង​កម្រិត​ពន្ធ​សម្រាប់​ទំនិញ​នាំចូល​ជាដើម​ផងដែរ​៕


Tag:
 ​ដូ​ណា​ល់ ត្រាំ​
  Samsung
© រក្សាសិទ្ធិដោយ thmeythmey.com