អន្តរជាតិ
ទូត​អាមេរិក​នៅ UN៖ អាមេរិក​មិន​ដក​ទណ្ឌកម្ម​ទេ បើ​រុស្ស៊ី​មិន​ប្រគល់ Crimea មកវិញ
03, Feb 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បេសកជន​ពិសេស​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley បានប្រកាស​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា អាមេរិក​នៅតែ​រក្សាទុក​ទណ្ឌកម្ម​ដែលមាន​ទាំង​អម្បា​ម៉ាន​ប្រឆាំង​រុស្ស៊ី​ពាក់ព័ន្ធ​បញ្ហា​អ៊ុយ​ក្រែ​ន​។​ដក​ទណ្ឌ​កម្មនេះ​នឹងត្រូវ​ដកចេញ ដរាបណា​រុស្ស៊ី​ប្រគល់​ទឹកដី Crimea​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​។​


​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​សកម្មភាព​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការបន្ត​កាន់កាប់​ទឹកដី Crimea ដោយ​ខុសច្បាប់​។

សូមស្តាប់សំឡេង




​យោងតាម​សុន្ទរកថា​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​បេសកកម្ម​ស​ហ​រដ្ឋ​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាន​ថ្លែង​ដូច្នេះ​ថា​៖«​អាមេរិក​នៅ​ឈរ​ជាមួយ​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​រងគ្រោះ​អស់​ជិត​បី​ឆ្នាំ​មកនេះ​ដោយសារ​ការកាន់កាប់​និង​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី​។ យើង​ពិតជា​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ប៉ុន្តែ​ស្ថានភាព​អាក្រក់​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​វា​ទាមទារ​ឲ្យ​មានការ​ថ្កោលទោស​សកម្មភាព​រុស្ស៊ី​»​។​

​ក្រៅពីនេះ បេសកជន​រូបនេះ​ពិសេស​រូបនេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា រុស្ស៊ី​ត្រូវ​បញ្ឈប់​ការកាន់កាប់​ទឹកដី Crimea​។  អាមេរិក​មិន​ដក​ទ័​ណ្ឌ​កម្ម​ប្រឆាំង​រុស្ស៊ី​ឡើយ បើ​គ្មាន​ការប្រគល់​ទឹកដី Crimea ត្រឡប់មក​អ៊ុយ​ក្រែ​ន​វិញ​។​

«​ឧបទ្វីប Crimea ជា​ផ្នែក​មួយ​របស់​អ៊ុយ​ក្រែ​ន​។ រាល់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ពាក់ព័ន្ធ​បញ្ហា Crimea នឹងត្រូវ​រក្សាទុក ទាល់តែ​រុស្ស៊ី​ព្រម​ផ្ទេរ​ទឹកដី​នេះ​ត្រឡប់មក​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​»​។ នេះ​ជាការ​ប្រកាស​របស់លោក​ស្រី Nikki Haley នៅ​ចំពោះមុខ​ក្រុមប្រឹក្សាសន្តិសុខ ។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ​ក៏បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​រុស្ស៊ី​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង  Minsk ឲ្យ​បាន​ត្រឹមត្រូវ​និង​ពេញលេញ​ដើម្បី​បញ្ចប់​បញ្ហា​ប្រឈម​ទាំងឡាយណា​ដែល​កើតឡើង​នៅ​ភាគ​ខាងកើត​។​

​ជម្លោះ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​នៅ​ដើមឆ្នាំ ២០១៤ ក្រោយ​ប្រជាជន​គាំទ្រ​សហភាព​អឺរ៉ុប​នាំគ្នា​ធ្វើ​បដិវត្ត​គាស់​រំលើង​របប​ដឹកនាំ​ស្និទ្ធ​រុស្ស៊ី​របស់លោក Viktor Yanukovych​។ ក្រោយ​បដិវត្ត​កើតឡើង​រុស្ស៊ី​បាន​ចូល​អន្តរាគមន៍ និង​ជួយ​រៀបចំ​ប្រជាមតិ​នៅ​ទឹកដី Crimea ដើម្បី​ផ្តាច់ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ផង​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រុស្ស៊ី​ក៏​រង​ការចោទប្រកាន់ថា បាន​បន្ត​ជួយ​ជ្រោមជ្រែង​កងកម្លាំង​ឧទ្ទាម​ដែល​ប្រឆាំង​រដ្ឋាភិបាល​នៅ​តំបន់​ភាគ​ខាងកើត​ដូចគ្នា​។

​យ៉ាងណា​ក៏ដោយចុះ ការលើកឡើង​របស់​ម​ន្ត្រី​ទូត​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ហាក់បីដូចជា ផ្ទុយ​ជំហរ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​។ គេ​ធ្លាប់​ឃើញ ការលើកឡើង​ពី​ការឈាន​ទៅ​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី និង​ទទួលស្គាល់​ទឹកដី Crimea ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ដូចគ្នា​ដែរ ដើម្បី​ត្រូ​ស​ត្រាយផ្លូវ​សម្រាប់​ស្តារ​ចំណង​ការទូត​ឡើងវិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com