អន្តរជាតិ
មង្គលការ​កូនស្រី​ប្រធានសភា​មី​យ៉ាន់​ម៉ា មិន​ទទួល​ចំណងដៃ
06, Feb 2017 , 3:34 pm        
រូបភាព
លោក Win Myint ជាប្រធានសភាជាន់ទាបមីយ៉ាន់ម៉ា ប្រកាសមិនទទួលយកចំណងដៃក្នុងមង្គលការកូន​ស្រីឡើយ
លោក Win Myint ជាប្រធានសភាជាន់ទាបមីយ៉ាន់ម៉ា ប្រកាសមិនទទួលយកចំណងដៃក្នុងមង្គលការកូន​ស្រីឡើយ
​ជា​ប្រពៃណី ជនជាតិ​មី​យ៉ាន់​ម៉ា​តែងតែ​ផ្ដល់​វត្ថុ​អនុស្សាវរីយ៍ ឬ​ចំណងដៃ ពេល​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​គូស្រករ​ថ្មី​មានលទ្ធភាព​កសាង​ជីវិត​ថ្មី​។ យ៉ាងណាមិញ ពិធីមង្គលការ​របស់​កូនស្រី​លោក Win Myint ជា​ប្រធានសភា​ជាន់​ទាប​មកពី​គណបក្ស​សម្ព័ន្ធភាព​ដើម្បី​ប្រជាធិបតេយ្យ បានប្រកាស​មិន​ទទួលយក​ចំណងដៃ​ពី​អ្នកចូលរួម​កម្មវិធី​នេះឡើយ​។ គេ​អាច​យល់បាន​ថា នេះ​ជាការ​អនុវត្តតាម​ការ​ណែនាំ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ក្នុង​លុបបំបាត់​អំពើពុករលួយ​។​


«​សូមកុំ​ចងដៃ​!» នេះ​ជា​ពាក្យស្នើសុំ​ដែល​សរសេរ​លើ​សំបុត្រ​ការ​របស់​កូនស្រី​ប្រធានសភា​ជាន់​ទាប​មី​យ៉ាន់​ម៉ា Win Myint ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ក្នុង​រដ្ឋធានី​ណៃ​ពិដោរ​។ ការស្នើសុំ​នេះ គឺ​ខុសពី​ទម្លាប់​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ដែល​តែង​ផ្ដល់​វត្ថុ​អនុស្សាវរីយ៍​ដល់​គូស្រករ​ថ្មី ក្នុងការ​ចាប់ផ្ដើម​ជីវិត​ថ្មី​របស់ខ្លួន​។

​ជាទូទៅ បងប្អូន ឬ​សាច់ញាតិ​គូស្រករ​ថ្មី តែងតែ​ឲ្យ​ចំណងដៃ​ដោយ​ក្ដីមេត្តា ឯ​គូស្រករ​ថ្មី ក៏​ទទួល​ដោយ​ការដឹងគុណ​វិញ​។ នៅ​មី​យ៉ាន់​ម៉ា គូស្រករ​ថ្មី​តែង​ទទួល​បានការ​ចងដៃ​ជា​ឡាន ឬក៏​ជា​ទឹកប្រាក់​ក្នង​ចំនួន​ច្រើន​ពី​ភ្ញៀវ​ចូលរួម ជាពិសេស​ករណី​ពួកគេ​មាន​ឪពុកម្ដាយ​ជា​មន្ត្រី​មានអំណាច​ក្នុង​រដ្ឋាភិបាល ឬ​ស្ថាប័នរដ្ឋ​ផ្សេងទៀត ដោយ​សង្ឃឹមថានឹង​ទទួលបាន​ផលប្រយោជន៍​។​

​បើតាម​សារព័ត៌មាន The Irrawaddy លោក Soe Moe ដែលជា​កូនកំលោះ និង​ជា​សមាជិកសភា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ដែរនោះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្រួសារ​ទាំងពីរ បានសម្រេច​ចិត្ត​មិន​ទទួល​វត្ថុ​អនុស្សាវរីយ៍​អ្វី​ទាំងអស់​។ លោក​និយាយថា​៖ «​នេះ​មិនមែនជា​រឿង​ធំដុំ​ឡើយ​។​»

​បើទោះជា​គេ​មិនដឹង​ច្បាស់​ពី​គោលបំណង​នៃ​ការប្រកាស​មិន​ទទួល​ចំណងដៃ​នេះ គេ​អាច​យល់បាន​ថា នេះ​ជាការ​អនុវត្តតាម​គោលការណ៍​របស់​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ដែល​កំណត់​ប្រភេទ​នៃ​វត្ថុ​អនុស្សាវរីយ៍​ណា ដែល​មន្ត្រី​ស៊ីវិល​អាច​ទទួលបាន ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​។ គោលការណ៍​នេះ​កំណត់ថា មន្ត្រី​រដ្ឋាភិបាល មិនអាច​ទទួល​វត្ថុ​អនុស្សាវរីយ៍​មានតម្លៃ​ច្រើនជាង​២៥០០០​ម៉ឺន​ក្យា​ត (​ស្មើនឹង​២១​ដុល្លារ​) ឡើយ​។

​គោលការណ៍​ណែនាំ​នេះ ជា​វិធានការ​រដ្ឋាភិបាល​លោកស្រី ស៊ូ​ជី ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន ខណៈ​អំពើពុករលួយ​កំពុង​ក្លាយជា​មូលហេតុ​នៅ​ពីក្រោយ​កា​រាំងស្ទះ​ការអភិវឌ្ឍ និង​ការធ្វើ​វិនិយោគ​។ វិធានការ​ថ្មី​នេះ សំដៅ​បែងចែក​កាដូ​ដែល​ត្រូវ​បានផ្ដល់​សម្រាប់​ការងារ​និង​កាដូ​ដែលមាន​បំណង​សូកប៉ាន់​។ នៅក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​លោក ថេ​ន សេន ក៏​ធ្លាប់មាន​ការកំណត់​តម្លៃ​កាដូ​ដែល​ត្រូវ​ទទួល​ដូចគ្នា តែ​មន្ត្រី​ពេលនោះ​អាច​ទទួល​ដែលមាន​តម្លៃ​រហូតដល់​៣​សែន​ក្យា​ត​។​

​លុយ គ្រឿងមាស​ប្រាក់ សំបុត្រ​យន្តហោះ ការទទួល​ទាន​អាហារ​ដោយ​សេរី ព្រមទាំង​ការចូល​ជា​សមាជិក​ក្លឹប​វាយ​ហ្គោល សុទ្ធតែ​ស្ថិតក្រោម​ការហាមឃាត់រ​បស់​វិធានការ​ថ្មី​ទាំងអស់​។ មួយវិញទៀត មន្ត្រី​សាធារណៈ​ទាំងអស់​មិនត្រូវ​ទទួល​កាដូ​ពី​ស្ថាប័ន ឬ​បុគ្គល​ដែល​ចង់បាន​ប្រយោជន៍​ពី​ខ្លួន​នោះទេ ទោះជា​កត្តា​ពាណិជ្ជកម្ម ឬអ្វី​ផ្សេង​ក៏ដោយ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  Win Myint
© រក្សាសិទ្ធិដោយ thmeythmey.com