អន្តរជាតិ
Duterte ដាក់ពិន័យ​ប៉ូលិស​ពុករលួយ​ឲ្យ​សម្អាត​កំប្លោក​ក្នុង​ទន្លេ​
06, Feb 2017 , 7:19 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​កំពុង​មិន​សប្បាយចិត្ត​រឿងអាស្រូវ​ពុករលួយ​របស់​ប៉ូលិស បានចេញ​បញ្ជា​លុបចោល​ការសម្រេចចិត្តរ​បស់​មេ​ប៉ូលិស​ជាតិ Ronald Dela Rosa ដែល​ចង់​ឲ្យ​ប៉ូលិស​ប្រព្រឹត្ត​សកម្ម​ភាពមិន​គប្បី ចូល​ហ្វឹកហាត់​ឡើងវិញ​ដើម្បីជាការ​ដាក់ទោស​។ លោក​លើកឡើងថា ការដាក់ពិន័យ​ឲ្យ​ចូល​ហ្វឹកហាត់​ឡើងវិញ មិនមាន​ប្រសិទ្ធ​ឡើយ តែ​លោក​នឹង​ឲ្យ​ប៉ូលិស​ទាំងនោះ​សម្អាត​ផ្ទៃ​ទន្លេ​ក្រោយ​វិមាន​ប្រធានាធិបតី ដែល​ពោរពេញ​ដោយ​កំប្លោក​។


​រឿងរ៉ាវ​ពុករលួយ​នៅក្នុង​ស្ថាប័ន​ប៉ូលិស ធ្វើ​ឲ្យ​ប្រធានាធិបតី Rodrigo Duterte ខឹងសម្បារ​យ៉ាងខ្លាំង​។ លោក​បានចេញ​បញ្ជា​រំលាយចោល​អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់​ប៉ូលិស និង​ដក​បញ្ឈរជើង​ប៉ូលិស​ទាំងអស់​ដើម្បី​បោសសម្អាត​អំពើពុករលួយ​។ ចំណែក​មេ​ប៉ូលិស​ជាតិ​ឧ​ត្ត​ម​សេនីយ៍ Ronald Dela Rosa ក៏បាន​ចេញ​បញ្ជា​ឲ្យ​ប៉ូលិស​ព្រហើន​ទាំងនោះ ចូល​ជំរុំ​ហ្វឹកហាត់​ដើម្បី​ជាការ​ដាក់ពិន័យ​ចំពោះ​កំហុស​របស់​ពួកគេ​។ 

​យ៉ាងណាមិញ លោក​ប្រធានាធិបតី Duterte ដែល​អន់ចិត្ត​រឿង​ពុករលួយ​របស់​ប៉ូលិស ហាក់​មិន​ពេញចិត្ត​ចំណាត់ការ​របស់​មេ​ប៉ូលិស​ជាតិ​រូបនេះ​ឡើយ ហើយ​លោក​ក៏បាន​ទាត់ចោល​ការសម្រេចចិត្ត​នេះ​តែម្ដង​។ ក្នុង​សន្និសីទកាសែត​នៅ​យប់​ថ្ងៃទី​៤ ខែមករា លោក Duterte បាន​និយាយថា គ្មាន​ការហ្វឹកហាត់​ឡើងវិញ​អ្វី​ទាំងអស់ ព្រោះ​ពួកគេ​ត្រូវបាន​ព្យួរ​ពី​តំណែង​អស់ហើយ​។ លោក ណែនាំ​ឲ្យ​ប៉ូលិស​ទាំង​នោះមក​រាយការណ៍​ដល់​ការិយាល័យ​របស់លោក ហើយ​លោក​រក​ផ្លូវ​ផ្សេង​ដើម្បី​ដាក់ពិន័យ​ប៉ូលិស​ពួកគេ​។

​សារព័ត៌មាន Rappler ផ្សាយ​ថា ក្នុង​សន្និសីទកាសែត​ដដែល​នោះ ប្រធានាធិបតី​រូបនេះ ក៏បាន​បញ្ជាក់ថា ការដាក់ពិន័យ​ហ្វឹកហាត់​ឡើងវិញ បាន​ត្រឹម​ធ្វើ​ឲ្យ​ប៉ូលិស​ព្រហើន​ទាំងនោះ​ក្លាយជា «​មនុស្ស​ល្អ​សម្បក​ក្រៅ​» ប៉ុណ្ណោះ​។ ទាក់ទង​នឹង​វិធានការ​លើ​ប៉ូលិស​ពុករលួយ​វិញ លោក Duterte ដែល​កំពុង​ខឹង​ស្រាប់ ក៏បាន​ចេញ​បញ្ជា​ឲ្យ​ប៉ូលិស​ទាំងនោះ សម្អាត​កំប្លោក​ចេញពី​ទន្លេ​Pasig ដែល​នៅ​ខាងក្រោយ​វិមាន​ប្រធានាធិបតី Malacañang ។​

«​ការហ្វឹកហាត់​ឡើងវិញ នឹងមិន​មាន​ឡើយ ព្រោះ​ខ្ញុំ​លុបចោល​បញ្ជា​របស់​ឧ​ត្ត​ម​សេនីយ៍ Dela Rosa ហើយ​។ ប៉ូលិស​ទាំងនោះ ត្រូវ​រាយការណ៍​មកកាន់​វិមាន​ប្រធានាធិបតី​។ អ្នកដឹង​ទេ​ហេតុអ្វី​ខ្ញុំ​ឲ្យ​ពួកគេ​មក​ទីនេះ​? ខ្ញុំ​ត្រូវ​ការសម្អាត​ទន្លេ​Pasig ។ កប៉ាល់ មិនអាច​ធ្វើដំណើរ​ឆ្លង​កាត់​ទីនោះ​ឡើយ ព្រោះ​មាន​កំប្លោក​ច្រើនពេក​។ ខ្ញុំ​នឹង​ឲ្យ​ពួកគេ​ស៊ី​កំប្លោក​ទាំងនោះ​ឲ្យ​អស់​»​។ នេះ​ជាការ​ព្រមាន​ទាំង​កំហឹង​របស់លោក​Duterte លើ​មន្ត្រីប៉ូលិស​ពុករលួយ ផ្គើន​ចំណាត់​ការប្រឆាំង​អំពើពុករលួយ​របស់លោក​។​

​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ប៉ូលិស ដែលជា​កម្លាំង​សំខាន់​ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន បាន​លេច​ធ្លាយ បន្ទាប់ពី​រឿងអាស្រូវ​ចាប់ជំរិត និង​ធ្វើឃាត​ពាណិជ្ជករ​កូរ៉េខាងត្បូង​។ ស្ថានភាព​នៃ​អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រីប៉ូលិស ទំនង​ធ្វើ​ឲ្យ​ប្រធានាធិបតី Rodrigo Duterte អស់ជំនឿ​ចិត្ត​យ៉ាងខ្លាំង​លើ​ស្ថាប័ន​មួយ​នេះ​។ លោក​ក៏បាន​បញ្ជា​ឲ្យ​ផ្អាក​ប្រតិបត្តិ​ការសម្អាត​គ្រឿងញៀន​របស់​ប៉ូលិស និង​ចង់យក​កងទ័ព​មក​ជំនួស​តួនាទី​បង្ក្រាប​នេះ​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com