អន្តរជាតិ
សម្រាប់​ស្ថាប័ន​អន្តរជាតិ «​រ៉ូ​ហ៊ីង​យ៉ា ជា​វិបត្តិ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​», តែ​អាស៊ាន នៅតែ​ស្ងៀមស្ងាត់​?
06, Feb 2017 , 4:48 pm        
រូបភាព
ប្រភពរូបភាព៖ Council on Foreign Relations
ប្រភពរូបភាព៖ Council on Foreign Relations
ដោយ:
​ទាំង​របាយការណ៍​អង្គការសហប្រជាជាតិ និង​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​រកឃើញថា មានការ​រំលោភសិទ្ធិ​យ៉ាងធ្ងន់ធ្ងរ និង​ច្រើន​ទម្រង់​ទៅលើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ដែល​បង្កឡើង​ដោយ​ក្រុម​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​។ ស្ថាប័ន​ជំនាញ​ទាំងនេះ ក៏បាន​ថ្កោលទោស និង​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បញ្ឈប់​សកម្មភាព​ទាំងនោះ និង​បើក​ការស៊ើបអង្កេត​ដើម្បី​កាត់ទោស​ដល់​ក្រុម​ល្មើស​ទាំងនោះ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។ ក៏ប៉ុន្តែ ស្ថាប័ន​អាស៊ាន​វិញ មិនទាន់មាន​សេចក្តីថ្លែងការណ៍​អ្វី​ឡើយ​។ តើ​ជំហរ​អាស៊ាន​ជា​អ្វី​វិញ​?


​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​០៣ កុម្ភៈ បានចេញ​របាយការណ៍​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ Rakhine​។ របាយការណ៍ បានចាត់ទុក​ការបំពាន​នេះ ថា អាច​ក្លាយជា​បទល្មើស​ប្រឆាំង​មនុស្សជាតិ​បាន​។

 របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នង​ការទទួល​សិទ្ធិមនុស្ស (OHCHR) ដែល​យោងតាម​កិច្ចសម្ភាសន៍​ជាមួយនឹង​ប្រជាជន​ដែល​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ក្រោយ​ការវាយប្រហារ​នៅ​ដើមខែ​តុលា​ឆ្នាំមុន បាន​បង្ហាញថា មានការ​ករណី​រំលោភ សម្លាប់ ដែល​រាប់បញ្ចូល​ទាំង​ទារក និង​កុមារ ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ផ្សេងទៀត​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​។

​តាម​ចម្លើយ​ដែល​ផ្សាយ​ចេញ​តាម​របាយការណ៍​នោះ កងកម្លាំង​មី​យ៉ាន់​ម៉ា មិន​ត្រឹមតែ​ប្រព្រឹត្ត​បទល្មើស​ប៉ុន្មាន​ខាងលើ​នោះទេ តែ​ពួកគេ ក៏បាន​ដុត​ផ្ទះសម្បែង សាលារៀន ផ្សារ វិហារ និង​ដីស្រែ​ជនជាតិភាគតិច​ទាំងនោះ និង​ថែមទាំង​មាន​ឃាត់​ក្រុម​ទាំងនោះ​នៅក្នុង​ផ្ទះ ហើយ​ដុត​សម្លាប់​ពួកគេ​តែម្តង​។ តាម​ចម្លើយ​ក្នុង​របាយការណ៍​ដដែល​នោះ ស្ត្រី​ច្រើនជាង​ពាក់កណ្តាល ដែល​បានផ្តល់​កិច្ចសម្ភាសន៍​នោះ បាន​អះអាងថា ពួកគេ​សុទ្ធសឹងតែ​រង​ការឈឺចាប់​ដោយសារ​ការរំលោភ និង​ហិង្សា​ផ្លូវភេទ​ជាច្រើន​ទម្រង់​ផ្សេងទៀត​។​

​ជាមួយគ្នានេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែលមាន​ទី​ស្នាក់​កណ្តាល​នៅ​សហរដ្ឋអាមេរិក ក៏​បានចេញ​ថ្លែងការណ៍​ថ្កោល និង​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​ផងដែរ​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថ្ងៃទី​០៦ កុម្ភៈ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​រំលោភ និង​ប្រព្រឹត្ត​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី និង​ក្មេងស្រី​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ក្នុងអំឡុងពេល​ប្រតិបត្តិការ​សន្តិសុខ​នៅ​ខេត្ត Rakhine នៅ​ចុងឆ្នាំ​២០១៦​។

« ទាហាន និង​ប៉ូលិស​តម្រួត​ព្រំដែន​មី​យ៉ាន់​ម៉ា បាន​ចូលរួម​ប្រព្រឹត្ត​អំពើ​រំលោភ រំលោភ​បូក និង ការ​បំពារបំពាន​ផ្លូវភេទ​នៅក្នុង​ភូមិ​យ៉ាងតិច​ប្រាំបួន​នៃ​ខេត្ត Rakhine នៅ​ចន្លោះ​ថ្ងៃទី​០៩ តុលា និង​ពាក់កណ្តាល​ខែធ្នូ​» ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​ចេញពី​របាយការណ៍ ដែល​ធ្វើឡើង​តាមរយៈ​ការសម្ភាសន៍​ជាមួយនឹង​ជនរងគ្រោះ និង​អ្នក​ភៀសខ្លួន​ចេញពី​តំបន់​មាន​វិវាទ​ជាតិ​សាសន៍​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។

​តាមពិតទៅ របាយការណ៍​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​ទាំងនេះ មិនមែនជា​របាយការណ៍​លើកដំបូង​អ្វី​ឡើយ​។ កន្លងមក មិន​ត្រឹមតែ​ស្ថាប័ន​ជំនាញ​ពីរ​ប៉ុណ្ណោះ​នោះ តែមាន​ស្ថាប័ន​ជំនាញ​សិទ្ធិមនុស្ស​ផ្សេងទៀត រួមមាន អង្គការ​លើកលែងទោស​អន្តរជាតិ និង​សភា​សិទ្ធិមនុស្ស​តំបន់​អាស៊ាន ក៏បាន​ថ្លែងការណ៍ និង​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា ធានា​ឲ្យ​បានការ​គោរព​សិទ្ធិ និង​ការ​គាំពារ​ឲ្យ​ស្មើភាព​គ្នា​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា ខេត្ត Rakhine គឺជា​ខេត្ត​មួយ​របស់​មី​យ៉ាន់​ម៉ា ដែលមាន​សហគមន៍​ធំ​ពីរ រួមមាន​សហគមន៍​អ្នក​កាន់សាសនា​ព្រះពុទ្ធ​(​ភាគច្រើន​) និង​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​(​ភាគតិច​)​។ នៅ​ឆ្នាំ​២០១២ ធ្លាប់មាន ព្រឹត្តិការណ៍​ហិង្សា​ធ្ងន់ធ្ងរ​ម្តង​រួចហើយ​រវាង​សហគមន៍​ទាំងពីរ ដោយពេល​នោះ មាន​របាយការណ៍​ចំនួន​និយាយថា អាជ្ញាធរ​មី​យ៉ាន់​ម៉ា បាន​ចូល​ដៃ​ជាមួយ​សហគមន៍ និង​សង្ឃ​ជ្រុលនិយម​ពុទ្ធសាសនា ប​ដោយ​បំផ្លាញ​ផ្ទះសម្បែង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ជនជាតិភាគតិច​នេះ មិនទាន់​ទទួល​សិទ្ធិ​រស់នៅ​ស្របច្បាប់​ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នោះទេ​។

​ចុះ​អាស៊ាន​នៅឯណា​វិញ​? អាស៊ាន ជឿ​តាម​សម្តី​លោកស្រី ស៊ូ​ជី​?

​បើទោះបីជា អង្គការ​ជំនាញ​អន្តរជាតិ ដែល​រួមទាំង​អង្គការសហប្រជាជាតិ បាន​សម្តែង​ការព្រួយបារម្ភ និង​ថែមទាំង​ថ្កោលទោស​ខ្លាំងៗ​ពី​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជា​បន្តបន្ទាប់​ក៏ដោយ អាស៊ាន ហាក់ដូចជា​មិនសូវ​មាត់ក​អ្វី​ឡើយ ពោលគឺ​ស្ថាប័ន​ដែលមាន​សមាជិក​ខ្លួន​ត្រូវបាន​គេ​រិះគន់​នោះ នៅតែ​រក្សា​ជំហរ​ស្ងៀមស្ងាត់​។ ក៏ប៉ុន្តែ គេ​នៅចាំ​ថា នៅពេល​មាន​ចលនា​ប្រឆាំង និង​ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា​គោរព និង​ធានា​មនុស្ស​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា មី​យ៉ាន់​ម៉ា បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ក្រៅផ្លូវការ​មួយ​។

​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​ដែល​ចុះ​នៅ​ថ្ងៃទី​១៩ ធ្នូ ក្នុង​កិច្ចប្រជុំ​ដែលមាន​ការចូលរួម​ពី​អគ្គលេខាធិកា​អាស៊ាន និង​ប្រមុខ​ការទូត​អាស៊ាន​ទាំង​ប្រាំបួន​ផ្សេងទៀត លោកស្រី ស៊ូ​ជី បាន​សង្ខេប​ពី​ការវិវត្ត​នៅក្នុង​រដ្ឋ Rakhine ដោយ​ភ្ជាប់​ជាមួយនឹង​ការវាយប្រហារ​ទៅលើ​កងកម្លាំង​ព្រំដែន​ដោយ​ក្រុម​ប្រដាប់អាវុធ​។ ហើយ​លោកស្រី ក៏​ពន្យល់​បន្ថែម​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ក្នុងការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌​ទាំង​ទៅកាន់​សហគមន៍​នៅ​រដ្ឋ Rakhine ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​។

​អាស៊ាន​មិន​ចង់​បែកបាក់​សាមគ្គី និង​ចង់​គោរព​គោលការណ៍​មិន​ជ្រៀក​ជ្រែក ទើប​មិន​ហ៊ាន​និយាយ​ពី​រ៉ូ​ហ៊ីង​យ៉ា​?

​នាឱកាស​ដដែល​នោះ លោកស្រី​ទីប្រឹក្សា​រដ្ឋ ក៏បាន​បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដ៏​ស្មុគស្មាញ និង​ត្រូវការ​ពេលវេលា​ដើម្បី​អាច​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ជាងនេះទៅទៀត​នោះ លោកស្រី ក៏បាន​លើក​ពី​សារៈសំខាន់​នៃ​ការពង្រឹង​ភាពរួបរួម​របស់​អាស៊ាន និង​ការដោះស្រាយ​ភាពខ្វែងគ្នា​ក្នុងចំណោម​សមាជិកគ្រួសារ​អាស៊ាន​តា​មរយៈ​ការពិគ្រោះ​យោបល់​ដោយ​សន្តិវិធី និង​មា​ត្រី​ភាព​។​

​ជា​លទ្ធផល និង​ជាការ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ម្ចាស់ផ្ទះ​ដែល​ដង្ហោយ​សុំ​ការយោគយល់​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពេលនោះ ក៏បាន​សរសើរ​ពី​ការរៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ដើម្បី​ផ្តល់​បច្ចុប្បន្នភាព​នៃ​បញ្ហា​នៅ​រដ្ឋ Rakhine​។ អាស៊ាន ក៏បាន​ស្វាគមន៍​ពី​ជំហាន​របស់​មី​យ៉ាន់​ម៉ា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​រដ្ឋ Rakhine​។ ជាងនេះទៅទៀត​នោះ ប្រមុខ​ការទូត​អាស៊ាន ក៏បានផ្តល់​ជា​គំនិត និង​មធ្យោបាយ​ដើម្បី​លើកកម្ពស់​ពី​សហ​ស្ថិរភាព និង​សុខដុមរមនា​ក្នុងចំណោម​សហគមន៍ ការពារ​សិទ្ធិ​របស់​ជន​ស៊ីវិល និង​ផ្តល់ជំនួយ​មនុស្សធម៌ និង​ការថែទាំ​សុខភាព​សម្រាប់​ជន​ស៊ីវិល​នៅក្នុង​រដ្ឋ​នោះ​ទាំងអស់គ្នា​។​

​ដោយ​មិន​ត្រឹមតែ​លើក​ជា​មធ្យោបាយ​នោះទេ មេដឹកនាំ​ការទូត​អាស៊ាន ក៏បាន​បង្ហាញ​ការត្រៀម​លក្ខណៈ​រួចជាស្រេច​ក្នុង​ជួយ​ជំនួយ​មនុស្សធម៌ និង​ការអភិវឌ្ឍ​ទៅកាន់​រដ្ឋ​មាន​បញ្ហា ខណៈ​មី​យ៉ាន់​ម៉ា ក៏​អះអាង​ពី​ការត្រៀមខ្លួន​ផងដែរ​សម្រាប់​បញ្ជូន​ជំនួយ​ទាំងនោះ ក៏ដូចជា​បន្ត​រក្សា​ការផ្តល់​ព័ត៌មាន​ពី​ការអភិវឌ្ឍ​នៅក្នុង​តំបន់​មាន​បញ្ហា​នោះ​។​

​យ៉ាងណាក៏ដោយ ទោះជា​អាស៊ាន និង​រដ្ឋ​អាស៊ាន​មួយចំនួន នៅតែ​បន្ត​រក្សា​ជំហរ​ស្ងៀមស្ងាត់ និង​ប្រកាន់យក​ជំហរ​មិន​ជ្រៀក​ជ្រែក និង​ទំនងជា​ចាត់ទុក​បញ្ហា​នេះ គឺជា​បញ្ហា​ក្នុងស្រុក ហើយ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដោះស្រាយ​ក៏ដោយ សហគមន៍​អន្តរជាតិ នៅ​មិន​ស្ងៀម​ដូច​អាស៊ាន​ឡើយ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com