អន្តរជាតិ
ប្រជាជន​ជាច្រើន​បន្ត​សម្រុកចូល​អាមេរិក ខណៈ​បទបញ្ជា​របស់​ត្រាំ ត្រូវ​តុលាការ​ព្យួរ​
06, Feb 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាជន​ជាច្រើន​បន្តធ្វើ​ដំណើរ​ចូលទៅ​អាមេរិក ខណៈដែល​បទបញ្ជា​ហាម​ប្រជាជន​មកពី​ប្រទេស ៧ របស់​រដ្ឋបាល ដូ​ណា​ល់ ត្រាំ ត្រូវបាន​តុលាការ​សម្រេច​ព្យួរ​ការអនុវត្ត​បណ្តោះអាសន្ន​នោះ​។ តុលាការ​ឧទ្ធរណ៍​ម្សិលមិញ​ក៏​សម្រេច​ទាត់ចោល​ដំណើរ​សុំ​ពី​ក្រសួងយុត្តិធម៌​ដើម្បី​អនុវត្ត​បទបញ្ជា​នេះ​ឡើងវិញ​។


​តុលាការ​ឧទ្ធរណ៍​អាមេរិក​ថ្ងៃទី ៥ កុម្ភៈ ម្សិលមិញ​នេះ​បានសម្រេច​ច្រានចោល​សំណើរ​ក្រសួងយុត្តិធម៌​អាមេរិក​សុំ​អនុវត្ត​បទបញ្ជា​ហាម​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម​ចំនួន ៧ ឡើងវិញ ដោយ​ជំទាស់​ការសម្រេច​ផ្អាក​ការអនុវត្ត​របស់​ចៅក្រម​សហព័ន្ធ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រប​ពេលដែល​ការព្យួរ​ការអនុវត្ត​នេះ​នៅ​បន្ត គេ​ឃើញ​ប្រជាជន​មកពី​ប្រទេស​ដែល​ត្រូវ​ហាមឃាត់​ទាំង ៧​នោះ ប្រញាប់​ប្រញាប់​ធ្វើដំណើរ​ចូល​សហរដ្ឋអាមេរិក​។ ពួកគេ​បារម្ភ​ថា ការហាមឃាត់​នេះ​នឹងត្រូវ​អនុវត្ត​ឡើងវិញ​នៅពេល​ណាមួយ​ខាងមុខ​។​

​តុលាការ​ឧទ្ធរណ៍​អា​មេ​រក​សម្រេច​ច្រាន​ចូល​បណ្តឹងទាស់​របស់​ក្រសួងយុត្តិធម៌​អាមេរិក​ដែល​ប្រឆាំង​សេចក្តីសម្រេច​របស់​ចៅក្រម James Robart ដែល​ផ្អាក​ការអនុវត្ត​បទបញ្ជា​លោក ដូ​ណា​ល់ ត្រាំ បណ្តោះអាសន្ន​សិន​។​

​យ៉ាងណាក៏ដោយ​ក្រោយ សាលាឧទ្ធរណ៍​សម្រេច​បែប​នេះ គេ​មិនទាន់​ឃើញ​ដូ​ណា​ល់ ត្រាំ រិះគន់​ឬ​មាន​យោបល់​យ៉ាងណា​នោះឡើយ​។ ប៉ុន្តែ​អនុ​ប្រធានាធិបតី​លោក Mike Pence បាន ហៅ​ការសម្រេច​នេះ​ជាការ​បង្អាក់​ការអនុវត្ត​របស់​ប្រធានាធិបតី​។ លោក Pence នៅតែ​អះអាង​ដូច្នេះ​ថា​៖​    ​«​យើង​នឹង​ប្រញាប់ប្រញាល់​ធ្វើការ​។ យើង​នឹង​ឈ្នះ​ការតវ៉ា ព្រោះ​យើង​កំពុង​ប្រើ​មធ្យោបាយ​ចំ​បាច់​ដើម្បី​ការពារ​ប្រទេស​យើង ដែល​វា​ជា​អំណាច​របស់​ប្រធានាធិបតី​»​។​

​សូម​រម្លឹក​បន្តិច​ថា ចៅក្រម​តុលាការ​សហព័ន្ធ​លោក James Robart ប្រចាំ​ក្រុង Seattle នា​រដ្ឋ​វ៉ាស៊ីនតោន បានសម្រេច​ដាក់​ព្យូ​រ​បទបញ្ជា​ហាម​ប្រជាជន​មកពី​ប្រទេស ៧ របស់​ប្រធានាធិបតី បណ្តោះអាសន្ន​សិន ហើយ​លោក​បានលើកឡើង​ពី​ធម្មនុញ្ញភាព​នៃ​បទបញ្ជា​នេះ​។ គេ​ស្គាល់​ថា លោក Robart ចៅក្រម​ដែល​តែងតាំង​ឡើយ​ដោយ​ប្រធានាធិបតី  George W. Bush ដោយ​លោក​ជា​មនុស្ស​កណ្តាល ស្រឡាញ់​ភាព​ត្រឹម​ត្រូ និង​យុត្តិធម៌ និង​មិនមាន​និន្នាការ​ទៅរក​ក្រុម​សាធារណរដ្ឋ​ឬ​ទៅខាង​ប្រជាធិបតេយ្យ​ដែរ​។
 
​ចាប់ពី​ថ្ងៃ​សៅរ៍​ទី ៤ កុម្ភៈ​មក លោក ដូ​ណា​ល់ ត្រាំ​នៅ​មិន​សុខ​បក់​មិន​ល្ហើយ ប្រើប្រាស់​គណនី Twitter របស់ខ្លួន​វាយប្រហារ​ចៅក្រម​សហព័ន្ធ​រូបនេះ​ឥត​ឈប់​។  លោក ត្រាំ បាន​សរសេរ​បង្ហោះ​ថា​៖« ការសម្រេច​របស់​ចៅ​ក្រុម ដែលមាន​គោលដៅ​ទាញ​ការអនុវត្ត​ច្បាប់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រទេស​យើង គឺជា​រឿង​មួយ​ដែល​មិន​សម​ហេតុផល ហើយ​វា​នឹង​បរាជ័យ​»​។ ត្រាំ បាន​បន្ថែមថា វិធានការ​ដ៏​តឹងរ៉ឹង​របស់​ខ្លូន​នេះ​ជា​រឿង​ដែល​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ​សន្តិសុខ​និង​សុវត្ថិភាព​ប្រជាជន​អាមេរិក​។​

​យ៉ាងណា​ក៏ដោយចុះ អ្នកជំនាញ​មួយចំនួន​ចាប់ផ្តើម​ក្រឡេកមើល​សម្តី​និង​សកម្មភាព​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ប្រឆាំងនឹង​ចៅក្រម​ដែល​អនុវត្ត​អំណាច​យុត្តាធិការ​អាមេរិក​នោះ​។​គេ​ថា វា​ប៉ះពាល់​ដល់​ស្ថាប័ន​ដែល​គេ​បង្កើត​ឡើងមក​ដើម្បី​ធានា​ការត្រួតពិនិត្យ​ការប្រើប្រាស់​អំណាច​នៅ​សេត​វិមាន និង​សភា​អាមេរិក​ឲ្យ​បាន​ត្រឹមត្រូវ​។ ហើយ​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ​ដូចគ្នា​។​

​ប៉ុន្តែ​អនុ​ប្រធានាធិបតី​ប្រញាប់​ការពារ​សម្តី​របស់លោក ត្រាំ ភ្លាម ដោយ​លើកឡើងថា ការលើកឡើង​របស់​ប្រធានាធិបតី​មិនមែន​ពាក់ព័ន្ធ​ធម្មានុរូប​របស់​ចៅក្រម​ឡើយ តែ​លោក ត្រាំ គ្រាន់តែ​មិន​យល់ស្រប​ចំពោះ​ការសម្រេច​របស់​ចៅក្រម​តែប៉ុណ្ណោះ​។ លោក Pence បាន​បន្ត​ថ​ថា​៖ «​រាល់​ប្រធានាធិបតី​មាន​សិទ្ធិ​រិះគន់​ស្ថាប័ន​ទាំងអស់​នៅក្នុង​រដ្ឋ​នេះ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com