អន្តរជាតិ
សមាជិកសភា ខឹងច្រឡោត ពេល​លោក ត្រាំ ថា​អាមេរិក​ក៏​ធ្វើ​រឿង​អាក្រក់់​ដូច​រុស្ស៊ី​ដែរ​
06, Feb 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​សមាជិកសភា​បក្ស​សាធារណរដ្ឋ​និង​ក្រុម​ប្រជាធិបតេយ្យ​នាំគ្នា​ទិតៀន​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក្រោយ​ពេលដែល​លោក​បាន​ព្យាយាម​ការពារ​ជំហរ​ទន់ភ្លន់​ជាមួយ​រុស្ស៊ី និង​ព្យាយាម​ព្រងើយកន្តើយ​លើ​បញ្ហា​ឃាតកម្ម​នយោបាយ និង​ការឈ្លានពាន​អ៊ុយ​ក្រែ​ន​ជាដើម​។ លោក ត្រាំ ថែមទាំង​និយាយថា អាមេរិក​ក៏​ធ្វើ​រឿង​អាក្រក់​ដូច​រុស្ស៊ី​ដែរ​។​


​លោក ដូ​ណា​ល់ ត្រាំ រង​រិះគន់​ខ្លាំងៗ ពី​សំណាក់​ក្រុម​សមាជិកសភា​បក្ស​ប្រជា​ធិ​តេ​យ្យ​និង បណ្តា​អ្នក​សាធារណរដ្ឋ​ផងដែរ ក្រោយ​ពេលដែល​លោក​ព្យាយាម​និយាយ​ល្អ​ពី​រុស្ស៊ី និង​ព្រងើយកន្តើយ​ចំពោះ​បញ្ហានយោបាយ​រុស្ស៊ី​និង​សកម្មភាព​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ផង​។ 

​រហូត​ដល់ពេល​ចូលកាន់​តំណែង​លោក ដូ​ណា​ល់ ត្រាំ ហាក់​មិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ចំពោះ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ឡើយ​។ ពោលគឺ​នៅតែ​ចង់ភ្ជាប់​ទំនាក់ទំនង​ល្អជា​មួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដដែល​ថ្វីបើ​បណ្តា​សមាជិក​បក្ស​សាធារណរដ្ឋ​ជាច្រើន​បាននាំគ្នា​ទាមទារ​ឲ្យ​លោក​ប្តូរ​ជំហរ​ក៏ដោយ​។

 ដូ​ណា​ល់ ត្រាំ​៖«​តើ​អ្នក​គិតថា ប្រទេស​យើង​មិនដែល​ធ្វើ​រឿង​អាក្រក់​អញ្ចឹង​ឬ​»?

​ក្នុង​បទសម្ភាសន៍​ជាមួយ​ជាមួយ​សារព័ត៌មាន Fox News ដែល​ចុះផ្សាយ​ថ្ងៃអាទិត្យ​ទី ៥​កុម្ភៈ​លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា លោក​គោរព​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ណាស់​។

សូមស្តាប់ សំឡេង




«​ខ្ញុំ​ពិតជា​គោរព​គាត់​ខ្លាំងណាស់​។ ខ្ញុំ​គោរព​មនុស្ស​ជាច្រើន ប៉ុន្តែ​មិន​មានន័យថា ខ្ញុំ​អាច​ត្រូវរ៉ូវ​ជាមួយ​ពួកគេ​ឡើយ​»​។​

​ហើយ​ពេល​និយាយ​ដល់​រឿង​ការចោទប្រកាន់​លោក ពូ​ទីន រឿង​ធ្វើ​ឃាតកម្ម​អ្នកនយោបាយ​និង​អ្នកសារព័ត៌មាន​ជាដើម​នោះ លោក ដូ​ណា​ល់ ត្រាំ ឆ្លើយតប​វិញ​ភ្លាម​ថា វា​មិនមែន​កើតមាន​នៅតែ​នៅ​រុស្ស៊ី​ទេ រឿង​អាក្រក់​បែបនេះ​នៅ​អាមេរិក​ក៏​កើតមាន​ដែរ​។​

«​វា​មាន​ឧក្រិដ្ឋជន​ច្រើនណាស់​។ យើង​ក៏មាន​មនុស្ស​អាក្រក់​ច្រើន​ដូចគ្នា​។ តើ​អ្នក​គិតថា ប្រទេស​យើង​មិនដែល​ធ្វើ​រឿង​អាក្រក់​អញ្ចឹង​ឬ​»?

​យ៉ាងណាមិញ ក្រោយ​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ និយាយ​បែបនេះ សមាជិកសភា​បក្ស​សាធារណរដ្ឋ​លោក Mitch McConnell ដែលមាន​ភរិយា​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ក្នុង​រដ្ឋបាល​ត្រាំ​នោះ បាន​ចេញមុខ​រិះគន់​លោក ត្រាំ មុនគេ​។

​លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន CNN ដូច្នេះ​ថា​៖« ខ្ញុំ​មិន​គិតថា វា​មានរឿង​ដួច​គ្នា​រវាង​អ្វីដែល​រុស្ស៊ី​ធ្វើ និង អ្វីដែល​អាមេរិក​ធ្វើ​ឡើយ​។ ពូ​ទីន ជា​អតីត​ភ្នាក់ងារ​ចារកម្ម KGB, ជា​ឧក្រិដ្ឋជន​ដែល​មិន​ជាប់ឆ្នោត​ដោយ​ត្រឹមត្រូវ ដោយ​គេឯង​ទាំងពួង​ចាត់ទុកថា អាច​យកជាការ​បានឡើយ​»​។​

​ចំណែក​អតីតមន្ត្រី​ទូត​អាមេរិក​ប្រចាំ​រុស្ស៊ី​និង​ជាទី​ប្រឹក្សា​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ហៅ​សម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ថា ជា​រឿង​គួរ​ឲ្យ​ខ្ពើមរអើម​។ លោក​បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​ដូច្នេះ​ថា​៖« ការប្រដូច​គ្នា​រវាង​អាមេរិក​និង​រុស្ស៊ី​ដែល ដូ​ណា​ល់ ត្រាំ លើកឡើង​នេះ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ខ្ពើមរអើម និង​មិន​ត្រឹមត្រូវ​ឡើយ​។ ខ្ញុំ​ទទួលស្គាល់ថា អាមេរិក​ធ្លាប់​ប្រើប្រាស់​កម្លាំងយោធា​មិន​ត្រឹមត្រូវ​មែន តែ​វា​ជា​រឿង​អតីតកាល​ប៉ុណ្ណោះ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com