អន្តរជាតិ
ចិន ផ្គើនអាមេរិកដោយបញ្ជូននាវាល្បាតក្បែរតំបន់ជម្លោះចិន-ជប៉ុន ក្រោយអាមេរិកប្រកាសនឹងជួយការពារជប៉ុន 07, Feb 2017 , 1:54 pm
រដ្ឋមន្ត្រីការពារជាតិអាមេរិក (ខាងឆ្វេង) និងរដ្ឋមន្ត្រីការពារជាតិជប៉ុន (ខាងស្តាំ)
× នាវាចម្បាំងចិនបីគ្រឿង នៅថ្ងៃទី០៦ កុម្ភៈ បានល្បាតនៅក្បែរតំបន់ប្រជុំកោះជម្លោះ Senkaku (ហៅដោយជប៉ុន) ឬ Daioyu (ហៅដោយចិន)។ ការល្បាតនេះ ធ្វើឡើក្រោយតែពីរបីថ្ងៃប៉ុណ្ណោះ ដែលប្រមុខការពារជាតិអាមេរិកថ្មី បានបំពេញទស្សនកិច្ចនៅជប៉ុន និងថែមទាំងបានប្រកាសថា អាមេរិក នឹងបន្តការពារតំបន់នោះដើម្បីជប៉ុនផងដែរ។
«នាវាចម្បាំងចិន បានល្បាតនៅក្នុងដែនទឹកអធិបតេយ្យជប៉ុនក្នុងចម្ងាយប្រមាណ១២ ណូទីកខល ម៉ាល (ជាង២២គីឡូម៉ែត) នៃសមុទ្រចិនខាងកើត។» នេះគឺជាការអះអាងរបស់មន្ត្រីការពារជាតិអាមេរិកទៅកាន់សារព័ត៌មាន Fox News នៅថ្ងៃទី០៦ ខែកុម្ភៈ។
សូមរម្លឹកបន្តិចដែរថា នៅថ្ងៃទី០៤ កុម្ភៈកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានប្រកាសថា អាមេរិក បន្តទទួលស្គាល់បណ្តុំកោះដែលគ្រប់គ្រងដោយរដ្ឋបាលរបស់ជប៉ុន ក៏ដូចជាប្រការប្រាំនៃសន្ធិសញ្ញាសម្ព័ន្ធមិត្តអាមេរិក-ជប៉ុន»។ ប្រការប្រាំនៃសន្ធិសញ្ញាសម្ព័ន្ធមិត្តអាមេរិក-ជប៉ុន បានបញ្ញត្តិថា អាមេរិក នឹងការពារអធិបតេយ្យក្រោមរដ្ឋបាលរបស់ជប៉ុន ដែលរាប់បញ្ចូលទាំងបណ្តុំកោះ Senkaku ដែលចិន បានហៅថា Diaoyu និងទាមទារផងដែរនោះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិរូបនេះ បានធ្វើឲ្យចិនផ្ទុះកំហឹងខ្លាំង និងថែមទាំងព្រមានអាមេរិកឲ្យរៀបខ្លួន និងពាក្យសម្តីពេលនិយាយពីតំបន់វិវាទនោះផងដែរ។ « ប្រជុំកោះ Diaoyu និងតំបន់ក្បែរនោះ គឺជាផ្នែកមួយនៃអធិបតេយ្យចិនតាំងពីយូរយាណាស់់មកហើយ។ ហើយនេះ ក៏ជារឿងប្រវត្តិសាស្ត្រមួយដែលមិនមានការប្រែប្រួលផងដែរ។» នេះ គឺជាសេចក្តីថ្លែងការណ៍ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang ទៅនឹងសេចក្តីថ្លែងការណ៍របស់អាមេរិកនៅចុងសប្តាហ៍មុន។
នាពេលនោះដែរ អ្នកនាំពាក្យរូបនេះ បានបន្តទៀតថាយ៉ាងដូច្នេះថា៖« យើង ទទូចឲ្យភាគីអាមេរិកមានឥរិយាបថទទួលខុសត្រូវ បញ្ឈប់ការធ្វើអត្ថាធិប្បាយខុស និងចៀសឲ្យបានការធ្វើឲ្យបញ្ហាកាន់ស្មុគស្មាញ និងបង្កជាអស្ថិរភាពនៅក្នុងតំបន់»៕
© រក្សាសិទ្ធិដោយ thmeythmey.com