អន្តរជាតិ
វត្តមាន​ប្រមុខ​ការពារជាតិ​អាមេរិក​នៅ​អាស៊ី​បូព៌ា ធ្វើ​ឲ្យ​ចិន ក្តៅក្រហាយ​ផង និង​រីករាយ​ផង
07, Feb 2017 , 4:01 pm        
រូបភាព
រដ្ឋមន្ត្រីការជាតិអាមេរិក ក្នុងជំនូបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន
រដ្ឋមន្ត្រីការជាតិអាមេរិក ក្នុងជំនូបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ខឹងសម្បារ​ខ្លាំង​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​អាមេរិក​លោក James Mattis ដែល​ថ្លែង​ការពារ​ជប៉ុន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងកើត​។ ក៏ប៉ុន្តែ​ពេល​រដ្ឋមន្ត្រី​ការពារជាតិ​ដដែល​នោះ និយាយ​ចំ​សមុទ្រ​ចិន​ខាងត្បូង​វិញ ក្រុង​ប៉េកាំង បែរជា​ត្រជាក់ចិត្ត​បន្តិច ហើយ​ថែមទាំង​ស្វាគមន៍​សេចក្តីថ្លែងការណ៍​ចុងក្រោយ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​លើ​សមុទ្រ​ចិន​ខាងត្បូង​ទៀតផង​។ នោះ ក៏​ព្រោះតែ​លោក​រដ្ឋមន្ត្រី​រូបនេះ មិន​បញ្ចេញ​ជំហរ​ប្រឆាំង​ចិន​ក្នុង​តំបន់​ជម្លោះ​នោះឡើយ​។


​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​០៦ កុម្ភៈ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​ពន្យល់ថា ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​ស្ថានភាព​ធម្មតា​នោះទេ ហើយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ចិន និង​អាស៊ាន កំពុងតែ​ធ្វើ​រួមគ្នា​ដើម្បី​រក្សា​សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​ឲ្យ​នៅ​នឹងនរ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក​ដោយផ្ទាល់​នោះ ក្រុង​ប៉េកាំង បាន​ផ្ញើរ​សារ​ថា ប្រទេសក្រៅ​តំបន់ គួរ​គោរព​ផលប្រយោជន៍ និង​ស្មារតី​ប្រទេស​ក្នុង​តំបន់ ពោលគឺ មិនគួរ​លូកដៃ​ចូលក្នុង​កិច្ចការ​នេះឡើយ​។

​ដោយឡែក​ពាក់ព័ន្ធ​សេចក្តី​ថ្លែងការណ៍​របស់លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លើ​សមុទ្រ​ចិន​ខាងត្បូង ចិន បាន​ស្វាគមន៍​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ដដែល​នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ពាក់ព័ន្ធ​នឹង​សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​ការពារជាតិ Mattis ដែលថា មិនចាំបាច់​មាន​ចលនា​យោធា និង​ត្រូវ​ដោះស្រាយ​ជម្លោះ​ដោយ​មធ្យោបាយ​ការទូត​, យើង ក៏​ជឿជាក់​ដូចគ្នា​ភាគី​ពាក់​គួរ​ដោះស្រាយ​តាម​មធ្យោបាយ​ការទូត​រវាង​ភាគី​ជម្លោះ​ដោយផ្ទាល់ និង​ជម្លោះ​ត្រូវ​គ្រប់គ្រង​ការចរចា និង​ពិគ្រោះ​យោបល់​។ នេះ គឺជា​រឿង​ដ៏​ត្រឹមត្រូវ​ដែល​គួរតែ​ធ្វើ​»​។

​សូម​ជម្រាប​ផងដែរ​ថា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន លោក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis បាន​បន្ទោស​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​បានធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ជាមួយនឹង​ប្រទេស​នៅក្នុង​តំបន់ ក៏ប៉ុន្តែ លោក​រដ្ឋមន្ត្រី បន្ថែមថា ចំណាត់ការ​យោធា​អាមេរិក​ក្នុង​ទម្រង់​ធំ មិនត្រូវ​ស្ថិតនៅក្នុង​ការពិចារណា​របស់លោក​ឡើយ​។ លោក បាន​ជំរុញ​ឲ្យ​មានការ​ទំនាក់ទំនង​គ្នា​។

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ ហាក់ដូចជា​ខុសគ្នា​បន្តិច​ជាមួយនឹង​ការលើកឡើង​របស់​អ្នកនាំពាក្យ​សេត​វិមាន​កាលពីពេល​ថ្មី​នេះ ពោលគឺ ការលើកឡើង​របស់​អ្នកនាំពាក្យ​សេត​វិមាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហាក់ដូចជា​តានតឹង​ជាង​នេះ​បន្តិច​។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​២៣ មករា អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក លោក Sean Spicer បាន​អះអាងថា បើ​សកម្មភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បំពាន​នៅក្នុង​ដែនសមុទ្រ​អន្តរជាតិ​នៃ​សមុទ្រ​ជម្លោះ​នោះ​មែន អាមេរិក ប្តេ​ជា្ញ​ការពារ​ជាដាច់ខាត​។

​លោក Sean Spicer បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖« វា គឺជា​សំណួរ​មួយ ប្រសិន កោះ​ទាំងនោះ (​ប្រជុំ​កោះ​មួយចំនួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​) គឺជា​ផ្នែក​មួយ​នៃ​ដែនទឹក​អន្តរជាតិ និង​មិនមែនជា​កម្មសិទ្ធិ​របស់​ចិន​មែន​នោះ ... យើង​(​អាមេរិក​) ធានាថា នឹង​ការពារ​អធិបតេយ្យ​អន្តរជាតិ​ពី​ការគ្រប់គ្រង​ដោយ​ប្រទេស​ណាមួយ​នោះ​»​។​

​កន្លងមក ក្នុង​រដ្ឋបាល​របស់លោក​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា អាមេរិក បាន​មាន​គោលជំហរ​រឹងទទឹង​ខ្លាំង​ជាមួយនឹង​ចិន​នៅក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក បាន​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ស៊ើបការណ៍​ទៅកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ប្រឆាំង​សកម្មភាព​ចិន​នៅក្នុង​តំបន់​ជម្លោះ ក្រោម​ហេតុផល​ការអនុវត្ត​ច្បាប់​អន្តរជាតិ​នៃ​សេរីការ​ហោះហើរ និង​ធ្វើ​នាវាចរណ៍​។

​បើទោះបីជា ចិន ហាក់​បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី​លើ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ក៏ដោយចុះ ចិន ក៏​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ជំហរ​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​ផងដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​កូរ៉េខាងត្បូង និង​ជប៉ុន កាលពី​សបា្តហ៍​មុន លោក James Mattis បានលើកឡើង​ពី​ការ​ប្តេ​ជា្ញ​ចិត្ត​មិន​ប្រែប្រួល​របស់​អាមេរិក​ទៅកាន់​ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងកើត​។

​ក្នុង​បរិបទ​ឧបទ្វីប​កូរ៉េ លោក Mattis បាន​អះអាងថា អាមេរិក នឹង​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​កូរ៉េខាងត្បូង ក៏ដូចជា​កងទ័ព​អាមេរិក ដែល​ឈរជើង​នៅ​ទីនោះ តាមរយៈ​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ដែល​ចិន តែងតែ​ប្រឆាំង​ដាច់ខាត ដ្បិត ចិន មើលឃើញថា ប្រព័ន្ធ​ការពារ​នេះ ប៉ះពាល់​ផលប្រយោជន៍​សន្តិសុខ​ចិន ពោលគឺ​ប្រព័ន្ធ​ការពារ​នោះ អាច​នឹង​ក្លាយ​ឧបករណ៍​ស៊ើបការណ៍​កិច្ចការ​ចិន​។

​ហើយ​បញ្ហា​ដែល​ចិន​បាន​ប្រតិកម្ម​ខ្លាំង​នោះ គឺ​ការបន្ត​ទទួលស្គាល់​តំបន់​រដ្ឋបាល​ដែល​គ្រប់គ្រង​ដោយ​ជប៉ុន ដែលជា​តំបន់​ដែល​ចិន ទាមទារ​ផងដែរ​នោះ​។ នៅ​ថ្ងៃទី​០៤ កុម្ភៈ​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis បានប្រកាសថា អាមេរិក បន្ត​ទទួលស្គាល់​បណ្តុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​របស់​ជប៉ុន ក៏ដូចជា​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន​»​។ ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន បាន​បញ្ញត្តិ​ថា អាមេរិក នឹង​ការពារ​អធិបតេយ្យ​ក្រោម​រដ្ឋបាល​របស់​ជប៉ុន ដែល​រាប់បញ្ចូល​ទាំង​បណ្តុំ​កោះ Senkaku ដែល​ចិន បាន​ហៅថា Diaoyu និង​ទាមទារ​ផងដែរ​នោះ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បានធ្វើ​ឲ្យ​ចិន​ផ្ទុះ​កំហឹង​ខ្លាំង និង​ថែមទាំង​ព្រមាន​អាមេរិក​ឲ្យ​រៀបខ្លួន និង​ពាក្យសម្តី​ពេល​និយាយ​ពី​តំបន់​វិវាទ​នោះ​ផងដែរ​។ « ប្រជុំ​កោះ Diaoyu និង​តំបន់​ក្បែរ​នោះ គឺជា​ផ្នែក​មួយ​នៃ​អធិបតេយ្យ​ចិន​តាំងពី​យូរយា​ណាស់់​មកហើយ​។ ហើយ​នេះ ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិនមាន​ការប្រែប្រួល​ផងដែរ​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អាមេរិក​នៅ​ចុង​សប្តាហ៍​មុន​។​

​នាពេល​នោះដែរ អ្នកនាំពាក្យ​រូបនេះ បាន​បន្តទៀតថា​យ៉ាង​ដូច្នេះ​ថា​៖« យើង ទទូច​ឲ្យ​ភាគី​អាមេរិក​មាន​ឥរិយាបថ​ទទួលខុសត្រូវ បញ្ឈប់​ការធ្វើ​អត្ថាធិប្បាយ​ខុស និង​ចៀស​ឲ្យ​បាន​ការធ្វើ​ឲ្យ​បញ្ហា​កាន់​ស្មុគស្មាញ និង​បង្ក​ជា​អស្ថិរភាព​នៅក្នុង​តំបន់​»៕


Tag:
 អាមេរិក​
  ចិន​
  ជប៉ុន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com