អន្តរជាតិ
លោក ត្រាំ រិះគន់​អ្នកកាសែត​ដែល​មិន​រាយការណ៍​ការវាយប្រហា​រ​នៅ​អឺរ៉ុប​
07, Feb 2017 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៦ ខែមករា បាន​រិះគន់​បណ្ដា​សារព័ត៌មាន​ដែល​មិន​ខ្វល់ខ្វាយ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ការវាយប្រហារ​ភេ​វរ​កម្ម​នៅ​តំបន់​អឺរ៉ុប​។ ប៉ុន្តែ​លោក​មិនបាន​បញ្ចេញ​ឈ្មោះ​សារព័ត៌មាន​ទាំងនោះ​ឡើយ ហើយ​លោក​ក៏​មិនបាន​បញ្ជាក់​ពី​ហេតុការណ៍​នៃ​ការវាយប្រហារ​ដែល​បណ្ដា​ញ​សារព័ត៌មាន​ខកខាន​មិនបាន​ផ្សាយ​ដែរ​។​


​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​វាយប្រហារ​បណ្ដាញសារព័ត៌មាន ដែល​មិន​រវីរវល់​ផ្សាយ​ព័ត៌មាន​ពី​ហេតុការណ៍​វាយប្រហារ​នៅ​ទូទាំង​តំបន់​អឺរ៉ុប​។ លោក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​មិនត្រូវ​គ្នា​ជាមួយ​សារព័ត៌មាន​ស្រាប់​ផង​នោះ មិនបាន​ប្រាប់​ឈ្មោះ​ស្ថាប័ន​សារព័ត៌មាន​ដែល​មិន​ផ្សាយ​ពី​ហេតុការណ៍​វាយប្រហារ​ឡើយ និង​រឹតតែ​មិន​បង្ហាញ​ពី​ហេតុការណ៍​ដែល​លោក​និយាយថា សារព័ត៌មាន​មិន​យក​ព័ត៌មាន​ដែរ​។​

​ថ្លែង​ទៅកាន់​ទាហាន​៣​ពាន់​នាក់​នៅ​មូលដ្ឋាន​ទ័ពអាកាស​MacDill ក្នុង​រដ្ឋ​Florida នៅ​ថ្ងៃទី​៦ កុម្ភៈ​ប្រធានាធិបតី​រូបនេះ​និយាយថា នៅ​ទូទាំង​តំបន់​អឺរ៉ុប ខ្មាន់កាំភ្លើង​តែងតែ​ធ្វើ​សកម្មភាព​វាយប្រហារ​រហូតមក ប៉ុន្តែ​ហេតុការណ៍​ខ្លះ មិន​ត្រូវបាន​ផ្សព្វផ្សាយ​ឡើយ​។ លោក​បន្តថា ក្នុងករណី​ច្រើន​ទៀត សារព័ត៌មាន​មិន​ស្មោះត្រង់​ទាំងនោះ មិន​ចង់​រាយការណ៍​តែម្ដង ហើយ​លោក​ក៏​ដឹងថា ហេតុអ្វី​បានជា​ពួកគេ​មិន​ផ្សាយ​ពី​រឿង​ទាំង​នោះដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេត​វិមាន​បាន​បញ្ចេញ​របាយការណ៍​បញ្ជី​នៃ​ការវាយប្រហារ​នៅ​ជុំវិញ​ពិភពលោក​ចំនួន​៧៨​លើក ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៤ ដល់​ខែធ្នូ ឆ្នាំ​២០១៦ ។ មន្ត្រី​សេត​វិមាន​បញ្ជាក់ថា បណ្ដាញសារព័ត៌មាន មិនបាន​ធ្វើ​ការងារ​ដូច​អ្វីដែល​ពួកគេ​ធ្លាប់ធ្វើ​ពីមុន​ឡើយ ហើយ​រឿងនេះ ក៏​មិនអាច​បន្ត​ឲ្យ​កើតឡើង​ដែរ​។

​សង្គ្រាមពាក្យសម្ដី​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​បណ្ដាញសារព័ត៌មាន ចាប់ផ្ដើម​តាំងពី​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​មកម្ល៉េះ​។ លោក ត្រាំ បាន​ចោទប្រកាន់​សារព័ត៌មាន​ថា​បាន​ព្យាយាម​វាយប្រហារ​លោក ដើម្បី​បន្ទាប​ឱកាសលោក​ក្នុងការ​ប្រកួតប្រជែង​កៅអី​ប្រធានាធិបតី​។ ក្រោយ​ការ​ឈ្នះឆ្នោត និង​ស្បថ​ចូលកាន់​តំណែង​ថ្ងៃទី​២០ ខែមករា លោក ត្រាំ ក៏​បង្កើន​ការវាយប្រហារ​កាន់តែខ្លាំង​លើ​ស្ថាប័ន​សារព័ត៌មាន​។​

​លោក ត្រាំ ធ្លាប់​ហៅ​ស្ថាប័ន​សារព័ត៌មាន​ធំៗ​នៅ​អាមេរិក ទៅ​ស្ដី​ឲ្យ​ដល់​ការិយាល័យ​របស់លោក និង​បាន​ហៅ​ពួកគេ​ជា​សារព័ត៌មាន​ក្លែងក្លាយ​ទៀតផង​។ សារព័ត៌មាន​ល្បីឈ្មោះ​ដូចជា CNN ជាដើម សុទ្ធតែ​ធ្លា​ប់រង​ការរិះគន់​ចំៗ​ពី​សំណាក់​ប្រធានាធិបតី​។ មិនតែប៉ុណ្ណោះ ស្ថាប័ន​ព័ត៌មាន​ណា​ដែលមាន​ជម្លោះ​ជាមួយ​លោក ពួកគេ​នឹងរង​ការ​រឹតបន្តឹង​ខ្លាំង​មុននឹង​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​ទាក់ទង​លោក ហើយ​ពេលខ្លះ​ក៏​មិនអាច​សម្ភាស​លោក​ផ្ដាច់មុខ​ដែរ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com