អន្តរជាតិ
នាយករដ្ឋមន្ត្រី​អង់គ្លេស ព្រមាន​សមាជិកសភា​កុំ​ចង់​ប្រឆាំង​ឆ​ន្ទៈ​ប្រជាជន​ដែល​ចង់​ចាក​ចេញពី​អឺរ៉ុប​
07, Feb 2017 , 9:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Theresa May បាន​ព្រមាន​សមាជិកសភា​ប្រឆាំង​ដែល​ចង់​កែប្រែ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការជូនដំណឹង​ការចាកចេញ​ពី​អឺរ៉ុប​។ លោកស្រី បាន​ហៅ​បំណង​នៃ​ការកែប្រែ​សេចក្ដីព្រាងច្បាប់ ជាការ​ប្រឆាំង​ឆ​ន្ទះ​ប្រជាជន​ដែល​បាន​សម្រេចចិត្ត​ចាកចេញ​រួចហើយ​តាមរយៈ​ប្រជាមតិ​ខែមិថុនា ឆ្នាំ​២០១៦ ។ សេចក្ដីព្រាងច្បាប់​នេះ ​ផ្ដល់​អំណាច​ឲ្យ​លោកស្រី May ក្នុងការ​ចាប់ផ្ដើម​ការ​ដំណើរ​ការចរចា​ចាកចេញ​ជាមួយ​អឺរ៉ុប ស្របតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ។​


​សភា​អង់គ្លេស កំពុងដំណើរការ​ពិភាក្សា​ស៊ីជម្រៅ​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Theresa May ដើម្បី​ចាប់ផ្ដើម​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​។ សមាជិកសភា​មកពី​បក្ស​ពលករ​, បក្ស​ប្រជាធិបតេយ្យ​សេរី និង​ក្រុម​សមាជិកសភា​មកពី​ស្កុ​តឡែ​ន ក៏បាន​ស្នើ​ឲ្យ​មានការ​កែប្រែ​លើ​ចំណុច​ជាច្រើន​នៃ​សេចក្ដីព្រាងច្បាប់​នេះ មុននឹង​អនុម័ត​ក្លាយជា​ច្បាប់ ដើម្បី​ធានា​ផលប្រយោជន៍​ប្រជាជន​ក្រោយពេល​ចាកចេញ​ពី​អឺរ៉ុប​។​

​យ៉ាងណាក្ដី នាយករដ្ឋមន្ត្រី Theresa May បាន​ចេញមក​ព្រមាន​សមាជិក​ទាំងនោះ និង​បាន​ប្រាប់​ពួកគេ មិនត្រូវ​ធ្វើ​ឲ្យ​រាំងស្ទះ​ឆ​ន្ទះ​ប្រជាជន​ដែល​ជ្រើសរើស​ការចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប និង​ធ្វើ​ឲ្យ​ដំណើរ​ការចរចា​ជាមួយ​អឺរ៉ុប​មិនអាច​ទៅមុខ​រួច​ដែរ​។ បក្សប្រឆាំង​ពលករ ក៏បាន​ដាក់សំណើ​កែប្រែ​ចំណុច​ខ្លះ​នៃ​សេចក្ដីស្នើច្បាប់​នេះដែរ ជាពិសេស​បក្ស​នេះ​ចង់​ឲ្យ​មានការ​ធានាថា នឹងមាន​ការបោះឆ្នោត​នៅ​សភា​លើ​កិច្ចព្រមព្រៀង​ណាមួយ​ដែល​សម្រេចបាន​ដោយ​រដ្ឋាភិបាល និង​សហភាព​អឺរ៉ុប​។

​មិនតែប៉ុណ្ណោះ បក្ស​ពលករ ក៏​ចង់​ឲ្យ​សេចក្ដីស្នើច្បាប់​នេះ​ចែង​ពី​សិទ្ធិ​របស់​ពលករ ព្រមទាំង​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ទទួល​ការចាកចេញ ធ្វើ​របាយការណ៍​ស្ដីពី​ដំណើរការ​ចាកចេញ​នៅ​រៀងរាល់​ពីរ​ខែម្ដង​ទៅ​ឲ្យ​សភា​។ ក្រុមប្រឆាំង ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធានា​ពី​សិទ្ធិ​រស់នៅ​របស់​ប្រជាជន​នៃ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​លើ​ទឹកដី​ចក្រភព​អង់គ្លេស​ដែរ​។​

​បើតាម​សារព័ត៌មាន BBC នាយករដ្ឋមន្ត្រី May និយាយថា លោកស្រី និង​មេដឹកនាំ​អឺរ៉ុប ចង់​ឲ្យ​ការចរចា​រឿង​ចាកចេញ​ដំណើរការ​ដោយ​រលូន ស្របតាម​ការសម្រេចចិត្ត​របស់​ប្រជាជន​អង់គ្លេស​។ ជាការ​ពិត សេចក្ដីព្រាងច្បាប់​របស់​លោកស្រី ក៏ត្រូវ​បាន​សភា​អនុម័ត​ជាគោលការណ៍​នៅ​ដំណាក់កាល​ដំបូង​រួច​ដែរ ដែល​បានផ្ដល់​អំណាច​ឲ្យ​លោកស្រី អនុវត្ត​មាត្រា​៥០ សន្ធិសញ្ញា Lisbon ដែល​នោះ​ទើប​ជាការ​ចាប់ផ្ដើម​ការចរចា​។​

​ទាក់ទង​បញ្ហា​នេះ បក្ស​ពលករ នៅ​មិនទាន់​ច្បាស់​ថា​ត្រូវ​គាំទ្រ​សេចក្ដីព្រាងច្បាប់​នេះ​ឬ​យ៉ាងណាដែរ ព្រោះ​សមាជិកសភា​ជាច្រើន​មាន​ជំហរ​ជំទាស់ និង​ខ្លះ​បាន​លាលែង​តំណែង​ដែរ​។ ចំណែកឯ​ប្រធាន​បក្សប្រឆាំង Jeremy Corbyn ក៏​បញ្ជាក់​រួចហើយ​ថា​លោក គាំទ្រ​សេចក្ដីព្រាង​នេះ និង​បញ្ចុះបញ្ចូល​សមាជិក​បក្ស​ឲ្យ​គាំទ្រ​ដូចគ្នា​។ ដោយសារ​រឿងនេះ បក្ស​ពលករ នឹង​ជជែក​គ្នា​ផ្ទៃក្នុង​ដើម្បី​សម្រេច​ជំហរ​រួម ចៀសវាង​ការបែកបាក់​គ្នាក្នុងបក្ស​៕


Tag:
 Brexit
  Theresa May
  អង់គ្លេស​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com