អន្តរជាតិ
សមាជិកសភា​អង់គ្លេស​ទំនង​មិន​ឲ្យ ដូ​ណា​ល់ ត្រាំ ចូល​ផ្តល់​សុន្ទរកថា​ក្នុង​សភា​
07, Feb 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានសភា​អង់គ្លេស​ប្រឆាំង​ដាច់ខាត​ការផ្តល់​សុន្ទរកថា​របស់លោក ដូ​ណា​ល់ ត្រាំ  នៅ​សភា​អង់គ្លេស​នៅពេលដែល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​អង់គ្លេស​ចុងឆ្នាំ​នេះ​។  ប្រជាជន​អង់គ្លេស​ច្រើនជាង ១,៨​លាន​នាក់​ក៏បាន​ទាមទារ​ឲ្យ​មានការ​លុបចោល​ដំណើរ​ទស្សនកិច្ច​នេះ​ឬ​ធ្វើយ៉ាងណា​បន្ថយ​កម្រិត​នៃ​ទស្សនកិច្ច​ដើម្បី​បង្ការ​ក្រែង​មានការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth​។​


​ប្រធានសភា​អង់គ្លេស​លោក John Bercow ( បឺ​កូវ​) បាន​ប្រាប់​អង្គប្រជុំ​សភា​ថា លោក​ប្រឆាំង​ដាច់ខាត​ចំពោះ​ការអនុញ្ញាត​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ផ្តល់​សុន្ទរកថា​នៅក្នុង​សភា​អង់គ្លេស​។ លោក ដូ​ណា​ល់ ត្រាំ គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ​អង់គ្លេស​នៅ​ចុងឆ្នាំ ២០១៧​ខាងមុខនេះ​។

សូមស្តាប់សំឡេង




​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅពេលដែល​គណបក្ស​ការងារ​ដែលជា​គណបក្ស​ប្រឆាំង​សួរថា តើ​ការផ្តល់​សុន្ទរកថា​អាច​កើតមាន​ឬ​អត់ ប្រធានសភា​ខាងលើ​បាន​ឆ្លើយតប​វិញ​ថា លោក​បារម្ភ​ចំពោះ​ការផ្តល់​សុន្ទរកថា​ដែរ​។ លោក​បានបញ្ជាក់​បែបនេះ​៖« ដរាបណា​ស្ថាប័ន​សភា​នេះ​ស្ថិតនៅក្នុង​ក្តីបារម្ភ​របស់​យើង ខ្ញុំ​មាន​អារម្មណ៍​ថា ការប្រឆាំង​ចំពោះ​ការរើសអើង​ពូជសាសន៍ និង​ប្រឆាំង​ការ​មាក់ងាយ​លើ​ស្ត្រីភេទ ក៏ដូចជា​ការគាំទ្រ​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់​និង​ឯករាជ្យ​នៃ​ស្ថាប័ន​តុលាការ នៅតែ​អ្វីដែល​សំខាន់​សម្រាប់​យើង​ពិចារណា​»​។​

​លោក​បន្ថែមថា លោក​នៅតែ​ប្រឆាំង​រាល់​ការ​អញ្ជើញលោក ដូ​ណា​ល់ ត្រាំ ឲ្យ​មក​ផ្តល់​សុន្ទរកថា ទោះ​នៅ​សភា​មួយណា​ក៏ដោយ​។ ហើយ លោក  Bercow ក៏​ជា​អ្នកនយោបាយ​ម្នាក់​ក្នុងចំណោម​មនុស្ស​បីនាក់​ដែលមាន​សិទ្ធិ​សម្រេច​ផ្តល់​ការអនុញ្ញាត​ឲ្យ​មានការ​ថ្លែង​សុន្ទរកថា​នៅ​សភា​ឬ​អត់​។

​កាលពី​ឆ្នាំ ២០១១ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​បានផ្តល់​សុន្ទរកថា​ទៅកាន់​សភា​អង់គ្លេស​ទាំងពីរ​នៅ Westminster​។ វា​ជាទី​កន្លែង​ដែល​មេដឹកនាំ​ពិភពលោក​ដូចជា​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Nelson Mandela និង​ប្រធានាធិបតី​បារាំង លោក Charles de Gaulle ផ្តល់​សុន្ទរកថា​ផងដែរ​។​

​ត្រឡប់មកវិញ​លោក Bercow បាន​ពន្យល់ថា លោក​ជំទាស់​ការផ្តល់​សុន្ទរកថា​លោក ត្រាំ  តាំង​ពីមុន​ពេលដែល​ប្រធានាធិបតី​រូបនេះ​សម្រេច​ដាក់បទបញ្ជា​ហាមប្រាម​ប្រជាជន​មកពី​ប្រទេស ៧​ចូល​ដី​អាមេរិក​ម្ល៉េះ ហើយ​លោក​រឹតតែ​ជំទាស់​ខ្លាំង​ទៀត​ក្រោយ​ការដាក់​បទបញ្ជា​នេះ​។​

​សមាជិកសភា​អង់គ្លេស​ប្រហែល ១៦៣ រូប​បាន​ចុះហត្ថលេខា​លើ​ញ្ញត្តិ ជំទាស់​សុន្ទរកថា​រប​ស់លោក​ត្រាំ ដោយ​ពួកគេ​លើកយក​ការហាម​ប្រជាជន​និង​ជនអន្តោប្រវេសន៍ ក៏ដូចជា​ប្រើប្រាស់​ពាក្យសម្តី​ចម្អាសចំអូង និង​ចង់​ប្រើ​ទារុណកម្ម​ព្រៃផ្សៃ​ឡើងវិញ​ជាដើម​ជា​សម្អាង​។​

​កាលពី​ចុងខែ​មុន​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដាក់បទបញ្ជា​ហាម​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម​៧ លើ​ពិភពលោក​ចូល​ដី​អាមេរិក ដោយ​សម្អាង​លើ​ហេតុផល​សន្តិសុខ​។ ប៉ុន្តែ​ការសម្រេច​របស់លោក​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​និង​តវ៉ា​ខ្លាំង​ពី​សំណាក់​អ្នកនយោបាយ សកម្មជន​សិទ្ធិមនុស្ស ក្រុមហ៊ុន និង​សម្ព័ន្ធមិត្ត​ខ្លួន​ផង​។

​ក្រៅ​មានការ​ជំទាស់​សុន្ទរកថា​របស់លោក​ត្រាំ ក្នុងចំណោម​សមាជិកសភា មកដល់ពេលនេះ ប្រជាជន​អង់គ្លេស​ច្រើនជាង ១,៨ លាន​នាក់​បាន​គាំទ្រ​ញ្ញត្តិ​ទាមទារ​ឲ្យ​មានការ​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ដូ​ណា​ល់ ត្រាំ មកកាន់​អង់គ្លេស ឬ​អាច​បន្ទាប​កម្រិត​ទស្សនកិច្ច​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com