អន្តរជាតិ
Duterte៖ ប៉ូលិស​ពុករលួយ​នឹង​ក្លាយជា​មុខសញ្ញា​នៃ​ការសម្លាប់​ក្រៅ​តុលាការ​វិញ​ម្ដង​
07, Feb 2017 , 10:59 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​ថ្ងៃទី​៧ ខែមករា បាន​គំរាម​សម្លាប់​មន្ត្រីប៉ូលិស​ពុករ​លួ​យ ដែល​ស៊ី​រូង​ផ្ទៃក្នុង​ស្ថាប័ន​ប៉ូលិស​។ នេះ​ជាការ​គំរាម​ថ្មី​មួយទៀត​របស់​ប្រធានាធិបតី​ហ្វីលីពីន បន្ទាប់ពី​លោក​បាន​ប្រាប់​ឲ្យ​មន្ត្រីប៉ូលិស​ដែល​ប្រព្រឹត្ត​ខុស ឲ្យ​ទៅ​បារ​កំប្លោក​ទន្លេ​ នៅខាងក្រោយ​វិមាន​ប្រធានាធិបតី​របស់លោក​។ លោក Duterte កំពុង​ក្ដៅស្លឹកត្រចៀក​ខ្លាំង ដោយសារ​រឿងអាស្រូវ​ពុករលួយ​របស់​ប៉ូលិស ដែល​លោក​ទុកចិត្ត​ខ្លាំង​រហូតមក​។​


​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ បាន​កើនឡើង​យ៉ាងខ្លាំង ​ចាប់ពី​ប្រធានាធិបតី Rodrigo Duterte ប្រកាសសង្គ្រាម​បង្ក្រាប​គ្រឿងញៀន​មក​​​។ ឧក្រិដ្ឋជន​ពាក់ព័ន្ធ​គ្រឿងញៀន ​ជាច្រើន​ពាន់​នាក់ ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស និង​ខ្មាន់កាំភ្លើង​ក្រៅច្បាប់​។ ប៉ុន្តែ​ពេលនេះ លោក​ប្រធានាធិបតី Duterte បែរជា​និយាយ​គំរាមថា មន្ត្រីប៉ូលិស​ដែល​ធ្លាប់​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​មិន​រើសមុខ នឹង​ក្លាយជា​មុខសញ្ញា​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការវិញ​ម្ដង​។​

​ប្រធានាធិបតី​ហ្វីលីពីន គំរាម​ដូចនេះ អំឡុងពេល​ថ្លែង​សុន្ទរកថា​ ទៅកាន់​មន្ត្រីប៉ូលិស​ប្រមាណ​២​រយ​នា​ក់ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ នៅ​វិមាន​ប្រធានាធិបតី​។ មន្ត្រីប៉ូលិស​ទាំង​ជាង ​២ ​រយ​នាក់​ដែល​ជួប​លោក Duterte ពេលនេះ បាន​ប្រព្រឹត្ត​កំហុស​តិចតួច​ដូចជា​ទោស​កំហែង​យក ឬក៏​មាន​​​ទោស​លួច​ជាដើម​។ ពួកគេ​ទាំងនោះ ក៏​នឹងត្រូវ​បញ្ជូន​ទៅកាន់​តំបន់​ភាគ​ត្បូង ​ដើម្បី​រក្សា​សន្តិសុខ​នៅ​ទីនោះ ព្រោះ​ក្រុម​ភេរវកម្ម​វាយប្រហារ​ញឹកញាប់ ហើយ​នេះ​ជាការ​ពិន័យ​របស់លោក Duterte លើ​កំហុស​ពួកគេ​។​

​បើតាម​សារព័ត៌មាន Rappler លោក Duterte ទុកពេល​ឲ្យ​ប៉ូលិស​ទាំងនោះ​រយៈពេល​១៥​ថ្ងៃ ដើម្បី​ត្រៀមខ្លួន​ធ្វើដំណើរ​ទៅកាន់​កោះ Mindanao​។ ចំពោះ​ប៉ូលិស​ណា​ដែលមិន​សុខ​ចិត្តនឹង​ការដាក់ពិន័យ​នេះ ពួកគេ​ត្រូវដាក់​លាលែង​ពី​តំណែង​ទៅ​ថ្នាក់លើ​តែម្ដង​។ ​លោក Duterte ក៏​បង្កើត​ប៉ូលិស​មួយក្រុម​ទៀត ដើម្បី​តាមដាន​ប៉ូលិស​ដែល​ត្រូវ​បណ្ដេញ​ចេញពី​អង្គភាព ដ្បិត​ពួកគេ​អាច​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​មិន​ខាន​។​

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ប្រធានាធិបតី​ដៃ​ឆៅ​រូបនេះ ក៏បាន​គំរាម​សម្លាប់​ប៉ូលិស​មាន​កំហុស​ផងដែរ​។ ក្នុង​សុន្ទរកថា​រយៈពេល​១៣​នាទី លោក Duterte សង្កត់ធ្ងន់ថា​៖ «​ប៉ូលិស​ភាគច្រើន ជាពិសេស​ប៉ូលិស​ដែល​ត្រូវ​បណ្ដេញ​ចេញពី​តំណែង ជា​សមាជិក​អង្គ​ការចាត់​តាំងរបស់​ឧក្រិដ្ឋជន និង​ជាម​នុស្ស​គ្រោះថ្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​ទាំងអស់​។ ខ្ញុំ​នឹង​សម្លាប់​អ្នក​ នៅមុខ​ប៉ូលិស​តែម្ដង​»​។​

​លើសពីនោះ លោក​ប្រធានាធិបតី Duterte ក៏បាន​គំរាម​ប៉ូលិស​ពុករលួយ​ដែរ​ថា ពួកគេ​នឹង​ក្លាយជាជនរងគ្រោះ​ នៃការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​មិន​ខាន​។ លោក Duterte ដែល​ឈឺក្បាល​ដោយសារ​រឿងអាស្រូវ​ពុករលួយរបស់ប៉ូលិស បាន​និយាយ​ដោយ​កំហឹង​ថា៖« ពួក​ប៉ូលិស​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​។ សុំទោស​! ខ្ញុំ​មិន​គិត​ម្ដង​ទៀតឡើយ​។ អ្នកនឹង​ក្លាយជា​ជនរងគ្រោះ​ នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​វិញ​ម្ដង​។ នេះ​ជាការ​ពិត​»៕  


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com