អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ឈប់​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ហើយ​
28, Feb 2017 , 9:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង កំពុងឆ្លើយតបសារ (រូបថត Strait Times)
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង កំពុងឆ្លើយតបសារ (រូបថត Strait Times)
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង (Lee Hsien Loong) ដែល​និយម​ការប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ បាន​ប្រាប់​អ្នកជំនាញ​បច្ចេកវិទ្យា​ជាច្រើន​នាក់​ពី​វ៉េបសាយ ដែល​លោក​តែងតែ​ចូល​មើល​។ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី តែង​ចូល​មើល​វ៉េបសាយ​ព័ត៌មាន​លើ​ប្រព័ន្ធ​អន​ឡាញ ហើយ​លោក​ក៏​លែង​មើល​ទូរទស្សន៍​ដោយសារតែ​រឿងនេះ​ដែរ​។ ក្រៅពីនោះ លោក​ចូល​មើល​វ៉េបសាយ​និយាយ​វិទ្យាសាស្ត្រ និង​តារាវិទ្យា​ជាដើម​។


«​ខ្ញុំ​តែង​បើក​គេហទំព័រ​ព័ត៌មាន​លើ​កុំព្យូទ័រ​លើ​តុ​របស់ខ្ញុំ​ដូចជា BBC, New York Times, Straits Times, Channel News Asia​។ ខ្ញុំ​តែង​គេហទំព័រ​ព័ត៌មាន​ទាំងនោះ​រហូត​។ ដូច្នេះហើយ ទើប​ខ្ញុំ​ឈប់​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ទៀត​។​» នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី លី សៀន​ឡុង ទៅកាន់​សំណួរ​របស់លោក Shailendra Singh នាយក​គ្រប់គ្រង​ក្រុមហ៊ុន Sequoia Capital ក្នុង​ពិធី​ជួបជុំ​មួយ​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​។​

​លោក Shailendra Singh បាន​សួរ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ពី​គេហទំព័រ​ទាំងឡាយ​ដែល​លោក​ចូល​អាន​។ នៅ​ចំពោះមុខ​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រហែល​១​រយ​នាក់ លោក លី សៀន​ឡុង ដែល​ធ្វើជា​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​២០០៤ មក​នោះ បាន​ប្រាប់​មូលហេតុ​ទៀតថា គេហទំព័រ​ទាំងនោះ​មាន​សង្ខេប​ព័ត៌មាន​ខ្លីៗ ដែល​ងាយស្រួល​សម្រាប់​ការអាន ហើយ​វា​តែង​នៅ​ទីនោះ​រហូត​។ 

​ក្រៅពី​គេ​ទំព័រ​ព័ត៌មាន លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ក៏​ចូល​មើល​គេហទំព័រ​ផ្សេងទៀត​ផងដែរ​។ នាយករដ្ឋមន្ត្រី​រូបនេះ តែង​ចូល​មើល​គេហទំព័រ Astronomy Picture of the Day ដែល​រដ្ឋបាល NASA របស់​អាមេរិក តែង​បង្ហោះ​រូបភាព​ទាក់ទង​តារាសាស្ត្រ​រៀងរាល់ថ្ងៃ​។ គេហទំព័រ​តារាសាស្ត្រ​នេះ គ្រប់គ្រង​ដោយ​តារាវិទូ​២​នាក់ គឺ​លោក Robert Nemiroff និង​លោក Jerry Bonnell ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​។​

​លើសពីនោះ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ក៏​និយម​ចូល​មើល​គេហទំព័រ​រូបថត​ផងដែរ ព្រោះ​លោក​ផ្ទាល់​ចូលចិត្ត​ថតរូប និង​បង្ហោះ​តាម​បណ្ដាញ​សង្គម​របស់លោក​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក លី ប្រាប់​មូលហេតុ​ដែរ​ថា​៖ «​អ្នក​ត្រូវ​មើល​អ្វីដែល​អ្នកដទៃ​ធ្វើ ហើយ​ថតរូប​ដោយ​របៀប​ណា​។ ពេលខ្លះ រូបថត​ទាំងនោះ ប្រាប់​គ​ន្លិះ​ថតរូប​ដល់​អ្នក ក៏ដូចជា​វិធីសាស្ត្រ​ថតរូប​ដែរ​។​»


Tag:
 សិង្ហ​បុរី​
  Lee Hsien Loong
© រក្សាសិទ្ធិដោយ thmeythmey.com