អន្តរជាតិ
កូរ៉េខាងត្បូង សន្យាពន្លឿនដំឡើងខែលការពារមីស៊ីលប្រឆាំងកូរ៉េខាងជើង ខណៈចិន ក្តៅចិត្តផង និងអន់ចិត្តផង 28, Feb 2017 , 9:59 pm
ប្រភពរូបភាព៖ Storify
× ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២៨ កុម្ភៈនេះ បានចុះហត្ថលេខាផ្លូវការជាមួយនឹងក្រុមហ៊ុន Lotte Group ពាក់ព័ន្ធនឹងទីតាំង និងដីដើម្បីដំឡើងប្រព័ន្ធការពារមីស៊ីលអាមេរិក THAAD ប្រឆាំងនឹងកូរ៉េខាងជើង ដែលគ្រោងនឹងធ្វើនៅឆ្នាំ២០១៧នេះ។ ផែនការនេះ បានធ្វើឲ្យចិន ដែលជាអ្នកជិតខាង ប្រតិកម្មខ្លាំង ដោយថែមទាំងព្រមានចាត់វិធានការសមស្របវិញផង។
ក្រសួងការពារជាតិកូរ៉េខាងត្បូង និងក្រុមហ៊ុន Lotte Group បានព្រមព្រៀងគ្នាក្នុងការផ្លាស់ប្តូរទីតាំងដែលជាអចលនទ្រព្យដើម្បីសម្រេចឲ្យបាននូវដំណើរការដំឡើងប្រព័ន្ធការពារមីស៊ីល THAAD នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុនLotte បានព្រមព្រៀងប្តូរដីដែលជាកន្លែងវាយកូនគោល ដែលមានតម្លៃប្រហែលជា៧៩ពាន់ដុល្លាររបស់ខ្លួននៅក្នុង ស្រុក Seongju ជាមួយក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលមានដីទីតាំងនៅក្រុងសេអ៊ូល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលផ្សាយដោយសារព័ត៌មាន Yonhap ។
តាមប្រភពព័ត៌មានដដែលនោះ សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«យើង នឹងពន្លឿនដំណើរការនៃការដំឡើងប្រព័ន្ធដំណើរ (THAAD) ឲ្យកាន់តែឆាប់ដែលអាចធ្វើទៅបានដើម្បីធ្វើឲ្យការរស់នៅរបស់ប្រជាជនកូរ៉េខាងត្បូងកាន់តែសុខស្រួល និងសន្តិសុខរបស់កូរ៉េខាងត្បូងកាន់តែល្អប្រសើរដែលប្រឆាំងទៅនឹងការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង។
ជុំវិញផែនការនេះ ប្រាកដណាស់ថា ចិន មិនសប្បាយចិត្តឡើយ។ អ្នកនាំពាក្យក្រសួងការបរទសចិន លោក Geng Shuang នៅថ្ងៃទី២៧ កុម្ភៈ បានអះអាងថា ប្រទេសមួយមិនអាចដោយសារតែដើម្បីផលប្រយោជន៍សន្តិសុខខ្លួន ត្រូវបំពានសន្តិសុខអ្នកដទៃឡើយ។ អ្នកនាំពាក្យរូបនេះ បន្តយ៉ាងដូច្នេះថា ៖«ជារឿងដែលគួរសោកស្តាយណាស់ ខណៈ មិនខ្វល់ពីផលប្រយោជន៍ និងក្តីបារម្ភរបស់ចិន កូរ៉េខាងត្បូង ស្នើអាមេរិកដើម្បីពន្លឿនដំណើរនៃការដំឡើងខែលទៅវិញ។ ចិន ពិតជាជំទាស់ដាច់ខាត និងមិនសប្បាយខ្លាំងនឹងនេះផងដែរ»។
មិនខុសពីពេលមុនៗនោះ អ្នកនាំពាក្យដដែលនោះ ក៏បានអះអាងដែលថា ចិន នឹងចាត់វិធានការចាំបាច់គ្រប់បែបយ៉ាងដើម្បីធានាសន្តិសុខរបស់ខ្លួនតបតទៅនឹងចំណាត់ការប្រទេសកូរ៉េខាងត្បូង និងអាមេរិក។ ជាងនេះទៅទៀត ក្រុងប៉េកាំង ក៏បានទទូចឲ្យភាគីពាក់ព័ន្ធបញ្ឈប់សកម្មភាពបង្កហេតុដែលធ្វើឲ្យស្ថានភាពកាន់តែតានតឹង។
សម្រាបផងដែរថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំមុន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូល បានព្រមព្រៀងជាផ្លូវការក្នុងការដំឡើងប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកនៅក្នុងទីកដីកូរ៉េខាងត្បូង។ ការសម្រេចដំឡើងប្រព័ន្ធការពារធុនធ្ងន់នេះ ធ្វើឡើងក្រោមហេតុផលដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខពីការវាយប្រហារពីកូរ៉េខាងជើង ដ្បិត ក្រុងព្យុងយ៉ាង តែងតែបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងសព្វាវុធទំនើបៗ ដែលកូរ៉េខាងត្បូង ធា្លប់អះអាងថា ខ្លួនគ្មានសមត្ថភាពដើម្បីតបតវិញឡើយ ប្រសិន គ្មានជំនួយពីអាមេរិកនោះ៕
Tag:
កូរ៉េខាងត្បូង
ចិន
THAAD
© រក្សាសិទ្ធិដោយ thmeythmey.com