អន្តរជាតិ
មន្ត្រី​យោធា​អាមេរិក​ជំទាស់​គម្រោង រដ្ឋបាល ត្រាំ ដែល​បង្កើន​ថវិកា​យោធា ហើយ​កាត់លុយ​ជំនួយ​បរទេស
28, Feb 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា អាមេរិក​នឹង​ផ្តោត​សំខាន់​លើ​ការបង្កើន​ថវិកា ៥៤​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ការពារជាតិ​អាមេរិក​និង​សន្តិសុខ​។ ខណៈដែល​មានការ​បង្កើន​ថវិកា​ការពារជាតិ អាមេរិក​នឹង​កាត់បន្ថយ​ថវិកា​សហព័ន្ធ​សម្រាប់​កម្មវិធី​ក្នុងស្រុក​មួយចំនួន​ដែល​មិន​ពាក់ព័ន្ធ​សន្តិសុខ និង​ជំនួយ​បរទេស ថែមទៀត​។ រដ្ឋបាល ត្រាំ មិនបាន​ពន្យល់​ឲ្យ​បាន​ច្បាស់​ទេ​ថា កម្មវិធី​អ្វីខ្លះ​នឹងរង​ផលប៉ះពាល់​ដោយសារ​គម្រោង​កាត់បន្ថយ​ថវិកា​នេះ  ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា កញ្ចប់​ថវិកា​សម្រាប់​ការដោះស្រាយ​បញ្ហា​បរិស្ថាន​និង​ការប្រែប្រួល​អាកាសធាតុ​នឹងរង​គ្រោះ​មុនគេ ។ តែ​មន្ត្រី​ជាច្រើន​ជាពិសេស​ក្រុម​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​បាន​ជំទាស់​គម្រោង​កាត់បន្ថយ​ជំនួយ​បរទេស ព្រោះ​វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​ផ្នែក​សន្តិសុខ និង​អំណាច​អាមេរិក​ដូចគ្នា​។
 


​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​កញ្ចប់​ថវិកា​សហព័ន្ធ​ឆ្នាំ​២០១៨ ត្រូវបាន​ស្នើឡើង​ដោយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ចន្ទ​ទី ២៧ កុម្ភៈ​ម្សិលមិញ​នេះ​។ ដូច​ការសន្យា​មែន កញ្ចប់​ថវិកា​ថ្មី​នេះ​រួមបញ្ចូល​ការបង្កើន​ការចំណាយ​លើ​វិស័យ​យោធា​និង​សន្តិសុខ​ផ្ទៃក្នុង ដើម្បី​ធានា​ពី សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រជាជន​អាមេរិក​ជារួម​។  វា​ជាស​ញ្ញា​មួយ​ដែល​បង្ហាញថា សហរដ្ឋអាមេរិក កំពុង​ងាក​ទៅ​បង្កើន​អំណាច​យោធា​ជំនួស​ឲ្យ​ការប្រើប្រាស់​អំណាច​ទន់ និង​វិធានការ​ការទូត​ដើម្បី​ការពារ​ប្រយោជន៍​ខ្លួន​នៅ​បរទេស​។​

​បើតាម​សារព័ត៌មាន Politico ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា កញ្ចប់​លុយ ៥៤​ពាន់​លាន​ដុល្លារ នឹងត្រូវ​ចាក់​បញ្ចូល​ក្នុង​វិស័យ​យោធា​និង​សន្តិសុខ ដែល​ក្នុងនោះ​មាន​ទាំង​មាន បង្កើន​សមត្ថភាព​មន្ត្រី​ល្បាត​ព្រំដែន និង​មន្ត្រី​អនុវត្ត​ច្បាប់​ជារួម​។

​លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សំណើ​ថវិកា​ប្រចាំ​ឆ្នាំនេះ​ធ្វើតាម​ការសន្យា​របស់ខ្ញុំ​ដែល​ព្យាយាម​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​មាន​សុវត្ថិភាព រក្សា​ក្រុម​ភេរវជន​និង​ក្រុម​ឧក្រិដ្ឋជន​នៅក្រៅ​សហរដ្ឋអាមេរិក​និង​បណ្តេញ​ក្រុម​ប្រើប្រាស់​ហិង្សា​ចេញពី​ប្រទេស​យើង​»​។​

​លោក​ក៏បាន​ប្រកាសថា លោក​នឹង​ព្យាយាម​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មានការ​បង្កើន​ថវិកា​សម្រាប់​ការវិនិយោគ​ទូទាំង​សហរដ្ឋអាមេរិក​ជាពិសេស​កសាង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ​, ស្ពាន ,​ថ្នល់ និង ព្រែក​ជាដើម​ផង​ដើម្បី​បង្ក​ភាពងាយស្រួល​និង​បង្កើត​ប្រយោជន៍​ដល់​ប្រជាជន​អាមេរិក​ទូទាំងប្រទេស​។

 យ៉ាងណាក៏ដោយ ទោះជា​លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា រដ្ឋបាល​លោក​បង្កើន​លុយ​ចំណាយ​លើ​វិស័យ​យោធា​និង​សន្តិសុខ​ព្រោះ​ផ្តោតលើ​សុវត្ថិភាព​ប្រជាជន​ក្តី  រដ្ឋបាល​លោក​នឹង​កាត់បន្ថយ​ការចំណាយ​មួយចំនួន​ដែល​មិន​ពាក់ព័ន្ធ​វិស័យ​សន្តិសុខ​។ ក្នុងនោះ​មាន​កញ្ចប់​លុយ​ដែល​ប្រើប្រាស់​ក្នុង​កម្មវិធី​ជំនួយ​បរទេស និង​លុយ​ដែល​ប្រើប្រាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ថែមទៀត​ផង​។​

 ប៉ុន្តែ​មកទល់ពេលនេះ វា​នៅតែ​មិនទាន់មាន​ការបកស្រាយ​ឲ្យ​បាន​ស៊ីជម្រៅ​ពាក់ព័ន្ធ​ការស្នើ​បង្កើន​កញ្ចប់​ថវិកា​យោធា និង​កាត់បន្ថយ​ថវិកា​ជំនួយ​បរទេស​នេះឡើយ​។  គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា កម្មវិធី​អភិវឌ្ឍន៍ និង​គម្រោង​ជាក់លាក់​ណាមួយ​ស្ថិតក្រោម​ជំនួយ​អាមេរិក​នឹងត្រូវ​រង​ផលប៉ះពាល់​ឡើយ​។

​បើតាម​មន្ត្រី​សេត​វិមាន គ្មាន​ការបកស្រាយ​ណាមួយ​ដែល​ត្រូវធ្វើឡើង​ក្រោយ​ការប្រកាស​កញ្ចប់​ថវិកា​នេះឡើយ ហើយ​គេ​ក៏​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​កំណត់ថា ស្ថាប័ន និង​កម្មវិធី​ណាខ្លះ​ឲ្យ​ប្រាក​ដដែល​ត្រូវ​រង​ការផ្តាច់​ថវិកា​គាំទ្រ​នោះឡើយ​។ គេ​វាយតម្លៃ​ជាមុន​ថា ក្នុងចំណោម​ស្ថាប័ន​ដែល​ត្រូវ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បន្ថយ​ជំនួយ មាន​អង្គភាព​ការពារ​បរិស្ថាន (EPA) ព្រោះ ដូ​ណា​ល់ ត្រាំ មិនដែល​ខ្វល់ខ្វាយ​ពី​បញ្ហា​បរិស្ថាន​អ្វី​ឡើយ​។ ហើយ​លោក​មិន​ជឿ​សូម្បីតែ​ការប្រែប្រួល​អាកាសធាតុ​។ ប​ច្ច​ប្បន្ន​នេះ អង្គភាព​ការពារ​បរិស្ថាន​អាមេរិក​នេះ​មាន​កញ្ចប់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៨,១​ពាន់​លាន​ដុល្លារ​អាមេរិក​។  

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ មន្ត្រី​ការិយាល័យ​គ្រប់គ្រង​និង​ថវិកា បាន​បដិសេធ​បកស្រាយ​រឿង​កាត់បន្ថយ​ថវិកា​សម្រាប់​ផ្គត់ផ្គង់​កម្មវិធី​ក្នុងស្រុក និង​ថវិកា​សម្រាប់​ផ្តល់ជំនួយ​បរទេស​ឡើយ​។ ស្ថាប័ន​នេះ​គ្រាន់តែ​បញ្ជាក់ថា សេចក្តីស្នើ​ថវិកាជាតិ​ពេញលេញ​នឹងត្រូវ​បញ្ចេញ​នៅ​ចុងឆ្នាំ​ឯណោះ តែ​អ្វីដែល​គេ​ត្រូវ​ដឹង​ជាមុន​នោះ​គឺ ប្រទេសមួយ​ចំនួន​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ដើម្បី​គាំទ្រ​កម្មវិធី​ខ្លះ​ដែល​ត្រូវបាន​ទំនុកបម្រុង​ដោយ​លុយ​រដ្ឋាភិបាល​អាមេរិក​ពីមុន​។

​ដោយឡែក ព័ត៌មាន​ពាក់ព័ន្ធ​ការកាត់បន្ថយ​លុយ​ជំនួយ​បរទេស​នេះ​ធ្វើ​ឲ្យ​អ្នកផង​ទាំងពួង មាន​មន្ត្រី​ទូត​បរទេស អ្នកច្បាប់ និង​មន្ត្រី​ផ្សេង​ទៀតផង​នាំគ្នា​ត្រហេបត្រហប​ស្វែងរក​ព័ត៌មាន​បន្ថែម​ដើម្បី​បានដឹងថា អង្គភាព​ណាខ្លះ​និង​កម្មវិធី​ណាខ្លះ​នឹង​ស្ថិតក្រោម​ផែនការ​របស់លោក ដូ​ណា​ល់ ត្រាំ នេះ​។ 

​ខណៈ​ខាង​ក្រសួងការបរទេស​បាន​បដិសេធ​ផ្តល់ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​សំណើ​ថវិកា​ដោយសារ​ពួកគេ​ក៏​មិនទាន់​ទទួលបាន​សេចក្តីណែនាំ​លម្អិត​ដូចគ្នា​ដែរនោះ ព័ត៌មាន​ក្រៅផ្លូវការ​ខ្លះ​ទម្លាយ​ថា  ត្រាំ ចង់​កាត់បន្ថយ​លុយ​ជំនួយ​បរទេស​រហូតដល់ ៣០​ភាគរយ​ឯណោះ​។ 

​បើសិន ព័ត៌មាន​នេះ​ជាការ​ពិត វា​នឹង​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ប្រទេស​មួយចំនួន​ដែល​ទទួលបាន​ជំនួយ​បច្ចេកទេស​និង​ជំនួយ​ហិរញ្ញវត្ថុ​ជាដើម​តាំងពី​យូរអង្វែង​មកហើយ​នោះ​។ មជ្ឈដ្ឋាន​មួយចំនួន​ជាពិសេស​ក្រុម​ឧ​ត្ត​ម​សេនីយ៍​ចូល​វិវត្តន៍​បាននាំគ្នា​ទិតៀន គោលបំណង​កាត់លុយ​ជំនួយ​បរទេស​នេះ​ព្រោះ​វា​ជា​គ្រោះថ្នាក់​ដល់​ឥទ្ធិពល​អាមេរិក​លើ​ពិភពលោក និង​សន្តិសុខ​ផងដែរ​។​

​ការកាត់បន្ថយ​ជំនួយ​បរទេស​ធ្វើ​ឲ្យ​អាមេរិក​ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ​ជា​មិត្ត​ដើម្បី​ប្រឆាំង​ភេរវកម្ម និង​ការកសាង​ឥទ្ធិពល​របស់ខ្លួន​នៅ​បរទេស​។ អតីត​ឧ​ត្ត​ម​សេនីយ៍​យោធា​ច្រើន ១២០​នាក់​បាននាំគ្នា​ផ្ញើលិខិត​មួយច្បាប់​កាលពី​ថ្ងៃ​ចន្ទ​ទៅកាន់​សមាជិកសភា​ទាំងពីរ​បក្ស​នៅ​សភា​ទាំងពីរ​ដើម្បី​អំពាវនាវ​ឲ្យ​ពួកគេ​ទប់ស្កាត់​ការកាត់បន្ថយ​លុយ​ជំនួយ​នេះ​។ ពួកគេ​បកស្រាយ​ថា ជាធម្មតា​ការប្រឆាំង​ភេរវកម្ម វា​ត្រូវការ​ប្រើប្រាស់​កងទ័ព ប៉ុន្តែ​អាមេរិក​ក៏ត្រូវ​ការ​ការជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ជា​ដៃគូ​ទូទាំង​ពិភពលោក ដើម្បី​សម្រេច​ជោគជ័យ​។ ជា​ឧទាហរណ៍ ការជួយជ្រោមជ្រែង​អា​ហ្វ​ហ្កា​នី​ស្ថា​និង​ប៉ា​គី​ស្ថាន ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​អស់​ជាច្រើន​ឆ្នាំ​។  បើ​មានការ​បន្ថយ​ជំនួយ​បរទេស​មែន​នោះ គម្រោង​ផ្គត់ផ្គង់​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវកម្ម​និង រក្សា​សន្តិសុខ​អាមេរិក​ផ្ទាល់ខ្លួន​នោះ​ក៏​នឹងរង​ផលប៉ះពាល់​ខ្លាំង​ដូចគ្នា​។​

​ទោះជា​យ៉ាងណាក៏ដោយ វា​នៅតែ​ជា​សំណើ​របស់​ប្រធានាធិបតី ត្រាំ ប៉ុណ្ណោះ ហើយ​វា​ក៏​មិនមែនជា​ការសម្រេច​ចុងក្រោយ​ដែរ​។ អំណាច​សម្រេច​ចុងក្រោយ នឹង​ស្ថិតនៅក្នុង​កណ្តាប់ដៃ​សភា​ឯណោះ​។ គេ​មើលឃើញថា វា​ជា​រឿង​លំបាក​មួយ នៅពេលដែល​រដ្ឋបាល​អាមេរិក​ទាមទារ​ឲ្យ​បន្ថយ​លុយ​ជំនួយ​បរទេស​នោះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  វិស័យ​យោធា​អាមេរិក​
  ជំនួយ​បរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com