អន្តរជាតិ
អាមេរិក​-​កូរ៉េខាងត្បូង​-​ជប៉ុន ចាត់ទុក​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាការ​គំរាមកំហែង​ដោយផ្ទាល់​ដល់​ប្រទេស​ទាំងបី
01, Mar 2017 , 9:19 am        
រូបភាព
ប្រមុខដឹកនាំនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ប្រភពរូបភាព៖ Xinhua)
ប្រមុខដឹកនាំនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ប្រភពរូបភាព៖ Xinhua)
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ កាលពីដើម​សប្តាហ៍ បាន​ជួប​ពិភាក្សាគ្នា​ជា​ត្រីភាគី​ជាថ្មី​លើ​បញ្ហា​នៃ​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​។ សម្ព័ន្ធមិត្ត​ទាំងបី បានចាត់ទុក​សកម្មភាព​របស់​កូរ៉េខាងជើង ថា​បាន​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​សកម្មភាព​ដ៏​គឃ្លើន​នេះ ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវមាន​វិធានការ​បន្ថែម​ដើម្បី​ទប់​ស្ក​ត់​។


​តំណាង​ជាន់ខ្ពស់​រដ្ឋាភិបាល អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង បាន​ជួប​ពិភាក្សាគ្នា​នៅក្នុង​ក្រុង​វ៉ាស៊ីនតោន​នៃ​សហរដ្ឋអាមេរិក​លើ​ស្ថានភាព​កូរ៉េខាងជើង​។ ជំនួប​ត្រីភាគី​នេះ គឺជា​ការបន្ត​រិះរក​មធ្យោបាយ​បន្ថែម​ដើម្បី​ប្រឆាំង​ទៅនឹង​កូរ៉េខាងជើង បន្ទាប់ពី​ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងបី បាន​ជួប​ពិភាក្សាគ្នា​ជា​លើកដំបូង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លងទៅ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួល​ពី​មន្ត្រី​ទទួល​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​នៃ​ក្រសួងការបរទេស​អាមេរិក ភាគី​ទាំងបី បាន​សម្តែង​ការព្រួយបារម្ភ​រួមគ្នា ដោយបាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េខាងជើង បាន​គំរាមកំហែង​សន្តិសុខ​កូរ៉េខាងត្បូង ជប៉ុន និង​អាមេរិក​ដោយផ្ទាល់​តែម្តង​»​។

​សេចក្តីប្រកាស​នោះ បាន​បន្តទៀតថា ភាគី​ទាំងបី បាន​មើលឃើញថា «​សកម្មភាព​ដ៏​ថោកទាប​»​របស់​កូរ៉េខាងជើង ដែល​បាន​បំពាន​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជាច្រើនលើក​នោះ ត្រូវការ​ឲ្យ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ដាក់​ទៅលើ​របប​ដឹកនាំ​នោះ​។ ហើយ​ឆ្លៀតឱកាស​នោះ លោក Joseph Yun អ្នកតំណាង​ពិសេស​អាមេរិក​ទទួលបន្ទុក​គោលនយោបាយ​កូរ៉េខាងជើង ក៏បាន​អះអាង​ជាថ្មី​ថា អាមេរិក នៅតែ​ប្តេជ្ញាចិត្ត​មិន​ប្រែប្រួល​ក្នុងការ​ការពារ​កូរ៉េខាងត្បូង និង​ជប៉ុន រាប់បញ្ចូល​ទាំង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១៦ កុម្ភៈ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Rex Tillerson បាន​សន្យាថា ក្រុង​វ៉ាស៊ីនតោន នឹង​ប្រើប្រាស់​កាំភ្លើង​ធំ ដែល​រាប់បញ្ចូល​ទាំង​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន​ជប៉ុន និង​កូរ៉េខាងត្បូង​ពី​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ក្នុងករណី​ដែល​ចាំបាច់​បំផុត​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ជា​លើកដំបូង​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ក្នុង​រដ្ឋបាល​អាមេរិក គ្រប់គ្រង​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។

«​សហរដ្ឋអាមេរិក នៅតែ​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ការពារជាតិ​សម្ព័ន្ធមិត្ត កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ការប្តេជ្ញាចិត្ត​នោះ រាប់បញ្ចូល​ទាំង​ការផ្តល់​ការការពារ​តាមរយៈ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ និង​សមត្ថភាព​យោធា​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី លោក Rex Tillerson ក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​នឹង​សម​ភាគី​កូរ៉េខាងត្បូង Yun Byung-se និង​សម​ភាគី​ជប៉ុន Fumio Kishida ។​

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១២ កុម្ភៈ​កន្លងទៅ កូរ៉េខាងជើង​ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​ឆ្ពោះទៅកាន់​សមុទ្រ​ជប៉ុន​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។  បើតាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA មី​ស៊ី​ល​ដែល​បាញ់​នោះ ជា​ប្រភេទ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ស៊េរី​ថ្មី Pukguksong-2 ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ មី​ស៊ី​ល​នេះ ត្រូវបាន​អភិវឌ្ឍ​ចេញពី​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ពី​នាវាមុជទឹក ដែល​ធ្លាប់​ជោគជ័យ​ក្នុងការ​សាកល្បង​កាលពី​ខែសីហា ឆ្នាំ​២០១៦៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com