អន្តរជាតិ
UN ត្រៀម​អនុម័ត​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​ស៊ី​រី​រឿង​ប្រើ​អាវុធ​គីមី , រុស្ស៊ី​ត្រៀម​វេតូ​
28, Feb 2017 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សាសន្តិសុខ​នឹង​បោះឆ្នោត​សម្រេច​លើ​ដំណោះស្រាយ​មួយ​ដែលមាន​គោលដៅ​ហាម​លក់​អាវុធ​ឲ្យ​ស៊ី​រី និង​ដាក់ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី ជាពិសេស​មន្ត្រី​យោធា​ពាក់ព័ន្ធ​ការប្រើប្រាស់​ឧស្ម័ន​ពុល​លើ​ជន​ស៊ីវិល​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បានប្រកាស​តាំងពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ទាត់ចោល​ដំណោះស្រាយ​នេះ​។


​ខណៈដែល​ការជជែក​ពិភាក្សា​ស្វែងរក​សន្តិភាព​ក្នុង​ជម្លោះ​ស៊ី​រី​បន្ត​ទៅមុខ នា​ថ្ងៃ​អង្គារ​ទី ២៨ កុម្ភៈ​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រៀម​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​ដែលមាន​គោលដៅ​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី និង​ដាក់ទណ្ឌកម្ម​មន្ត្រី​យោធា​ជាន់ខ្ពស់​ស៊ី​រី​មួយចំនួន​ផង​។

 យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដំណោះស្រាយ​ដែល​ព្រា​ឡើង​ដោយ​អង់គ្លេស​និង​បារាំង​នេះ​មាន​គោលដៅ​ហាមឃាត់​ការផ្គត់ផ្គង់​ឧទ្ធម្ភាគចក្រ​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី និង​ដាក់ឈ្មោះ​មេទ័ព​ស៊ី​រី​ច្រើន​នាក់​ក្នុង​បញ្ជីខ្មៅ​ដោយសារ​រដ្ឋាភិបាល​ស៊ី​រី​រង​ការចោទប្រកាន់ថា​បាន​ប្រើប្រាស់​ឧស្ម័ន​គីមី​ប្រឆាំង​ជន​ស៊ីវិល​។​

​ប៉ុន្តែ គេ​ដឹង​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ដែលជា​សម្ព័ន្ធមិត្ត​រដ្ឋា​ភិ​បាល​ស៊ី​រី​នោះ នឹង​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ទាត់ចោល​ដំណោះស្រាយ​នេះ​មិន​ខាន​។ ដើម្បី​ឲ្យ​ដំណោះស្រាយ​នេះ​ចេញរួច គេ​ត្រូវការ​សំឡេងគាំទ្រ​ប្រាំបួន ពី​ប្រទេស​ជា​សមាជិក​ទាំង​១៥ ហើយ​ក្នុងនោះ​មាន​សំឡេង​ជំទាស់​ពី​មហាអំណាច​ទាំង  ប្រាំ ឡើយ​។ 

​ចាប់តាំងពី​សង្គ្រាម​ស៊ី​រី​ផ្ទុះឡើង​នា​ឆ្នាំ ២០១១ រុស្ស៊ី​បាន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ទាត់ចោល​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ ៦​ដង​រួចទៅហើយ ខណៈដែល​ចិន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ដំណោះស្រាយ​នេះ ៥​ដង​ដែរ​។ នា​ថ្ងៃ​អង្គារ​នេះ គេ​មិនដឹង​ច្បាស់​ឡើយ​ថា មហាអំណាច​ចិន​នឹង​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ជាថ្មីទៀត​ឬ​អត់​ឡើយ​ក្នុង​សំណុំរឿង​ស៊ី​រី​នេះ​។

​ការរៀបចំ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​ស៊ើបអង្កេត​អន្តរជាតិ​មួយ​ដែល​រកឃើញថា រដ្ឋាភិបាល​ស៊ី​រី​របស់លោក បា​សា អាល់​អាសាដ ប្រើប្រាស់​ឧស្ម័ន​ក្ល​រី​ន បី​លើក​ដើម្បី​វាយប្រហារ​លើ​ក្រុមប្រឆាំង ខណៈដែល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប្រើប្រាស់​ឧស្ម័ន​គីមី​ដូចគ្នា​។

​អគ្គរាជទូត​អង់គ្លេស​ប្រចាំ​អង្គការសហប្រជាជាតិ Matthew Rycroft បាន​បញ្ជាក់ថា ការអនុម័ត​ដំណោះស្រាយ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ជា​រឿង​ចាំបាច់​បំផុត​ព្រោះ​វា​ជា​សារ​មួយ​ម៉ឹងម៉ាត់​ប្រាប់​ទៅកាន់​ក្រុង​ដា​ម៉ាស​ថា សហគមន៍​អន្តរជាតិ​មាន​កាតព្វកិច្ច​ទប់ស្កាត់​រាល់​ការប្រើប្រាស់​អាវុធ​ដែល​ហាមឃាត់​នេះ​។  តាមពិតទៅ ការប្រើប្រាស់​ឧស្ម័ន​ក្លរ​នេះ​ត្រូវបាន​ហាមឃាត់​ដោយ​កតិកា​រសញ្ញា​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី ដែល​ស៊ី​រី​ដែល​បាន​ចូលរួម​ជា​ភាគី​ក្នុង​ឆ្នាំ ២០១៣​។ ដូច្នេះ វា​មានន័យថា រដ្ឋាភិបាល​ស៊ី​រី​បាន​រំលោភបំពាន​ច្បាប់​អន្តរជាតិ ដែល​ត្រូវ​ទទួលខុសត្រូវ​៕


Tag:
 UNSC
  អាវុធ​គីមី​
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com