អន្តរជាតិ
រុស្ស៊ី និង​ចិន បោះឆ្នោត​ទាត់ចោល​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​
01, Mar 2017 , 10:10 am        
រូបភាព
ចិន រុស្ស៊ី និងបូលីវី បោះឆ្នោតប្រឆាំងទណ្ឌកម្មថ្មីប្រឆាំងស៊ីរីក្នុងកិច្ចប្រជុំថ្ងៃទី២៨ ខែកុម្ភៈ (រូបថត UN)
ចិន រុស្ស៊ី និងបូលីវី បោះឆ្នោតប្រឆាំងទណ្ឌកម្មថ្មីប្រឆាំងស៊ីរីក្នុងកិច្ចប្រជុំថ្ងៃទី២៨ ខែកុម្ភៈ (រូបថត UN)
​ប្រទេស​មហាអំណាច នៅតែ​ខ្វែងគំនិត​គ្នា​លើ​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​ស៊ី​រី​ដែល​ឈាន​ចូលដល់​ឆ្នាំ​ទី​៦ ទៅហើយ​។ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថ្ងៃទី​២៨ ខែកុម្ភៈ រុស្ស៊ី និង​ចិន បាន​បោះឆ្នោត​ប្រឆាំង​ទណ្ឌកម្ម​ថ្មី​លើ​របប​ស៊ី​រី​ដែល​ដាក់​ឡើង​ដោយ​លោកខាងលិច​ជុំវិញ​ការប្រើប្រាស់​អាវុធ​គីមី​ក្នុង​សង្គ្រាមរ៉ាំរ៉ៃ​នេះ​។ រុស្ស៊ី ចាត់ទុក​សេចក្ដីព្រាង​ដាក់ទណ្ឌកម្ម​នេះ ជា​រឿង​មិន​សម​ហេតុផល និង​អាច​ប៉ះពាល់​ដំណើរ​ការចរចា​ស្វែងរក​សន្តិភាព​ទៀតផង​។​


​ជាថ្មី​ម្ដងទៀត រុស្ស៊ី បាន​បោះឆ្នោត​វ៉េតូ​ដើម្បី​ការពារ​រដ្ឋាភិបាល​លោក Bashar al-Assad ដែល​ត្រូវ​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​ជម្លោះ​អូសបន្លាយ​យូរអង្វែង​នេះ​។ រុស្ស៊ី បាន​ប្រឆាំង​សេចក្ដីព្រាង​ដំណោះស្រាយ​ថ្មី ដែល​ស្នើ​ដោយ​មហាអំណាច​បស្ចិម​លោក​មានបារាំង អង់គ្លេស និង​អាមេរិក​។ ក្នុង​កិច្ចប្រជុំ​ប្រឹក្សា​សន្តិសុខ​ថ្ងៃទី​២៨ ខែកុម្ភៈ ចិន ក៏បាន​គាំទ្រ​រុស្ស៊ី ដោយបាន​បោះឆ្នោត​វ៉េតូ​ជា​លើក​ទី​៦ លើ​សំណុំរឿង​ស៊ី​រី​នេះដែរ​។​

​រុស្ស៊ី បាន​និយាយ​ការពារ​ការបោះឆ្នោត​វ៉េតូ​នេះ ថា ទណ្ឌកម្ម​ថ្មី នឹង​ប៉ះពាល់​ដល់​ការចរចា​ស្វែងរក​សន្តិភាព​ក្រុង​ហ្សឺ​ណែវ​រវាង​ភាគី​ជម្លោះ​ស៊ី​រី​ទាំងអស់ ដែល​ទើប​ចាប់ផ្ដើម​កាលពី​សប្ដាហ៍​មុន ក្រោយ​បរាជ័យ​ជាច្រើនលើក​មកហើយ​នោះ​។ លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ហៅ​សេចក្ដីព្រាង​ទណ្ឌកម្ម​ថ្មី​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ​។

​យ៉ាងណាក្ដី ក្រោយ​ការបោះឆ្នោត អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley មិន​យល់ឃើញ​ដូច​រុស្ស៊ី​ទេ​លើ​រឿង​ទណ្ឌ​កម្មនេះ​។ ក្នុងនាម​ជា​អ្នកស្នើ​ទណ្ឌកម្ម​នេះ អាមេរិក បានចាត់ទុក​ជាការ​ដាក់​សម្ពាធ​លើ​របប​ស៊ី​រី ជា​រឿង​សម​ហេតុផល​។ លោកស្រី Haley បាន​ហៅ​កិច្ចប្រជុំ​ថ្ងៃទី​២៨ ខែកុម្ភៈ ជា​ថ្ងៃ​សោកសៅ ព្រោះ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ បែរជា​ការពារ​ប្រទេសមួយ​ដែល​សម្លាប់​ប្រជាជន​ខ្លួនឯង​។

​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន​៩ បាន​បោះឆ្នោត​គាំទ្រ​សេចក្ដីស្នើ​ទណ្ឌកម្ម​ថ្មី​នេះ ខណៈ​អេ​ហ្ស៊ី​ប​, អេ​ត្យូ​ពី និង​កា​ហ្សា​ក់​ស្ថាន បោះឆ្នោត​អនុប្បវាទ ហើយ​បូ​លី​វី​បាន​បោះឆ្នោត​ប្រឆាំង​ដែរ​។ បើតាម​គោលការណ៍​ក្រុមប្រឹក្សាសន្តិសុខ សេចក្ដីសម្រេច​ណាមួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អាច​អនុម័ត​បាន លុះត្រា​មាន​សំឡេងគាំទ្រ​យ៉ាងហោចណាស់​៩ និង​មិនមាន​សំឡេង​ប្រឆាំង​សូម្បី​តែមួយ​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ គឺ​ចិន​, បារាំង​, រុស្ស៊ី​, អង់គ្លេស និង​អាមេរិក​។​

​ក្រុម​បស្ចិមប្រទេស ប៉ុនប៉ង​ដាក់ទណ្ឌកម្ម​ថ្មី​លើ​របប​ស៊ី​រី ក្រោយ​លទ្ធផល​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សម្រាប់​ការហាមឃាត់​អាវុធ​គីមី បង្ហាញថា ទាហាន​រដ្ឋាភិបាល​ស៊ី​រី​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ដោយ​ប្រើ​សារធាតុ​ក្ល​រី​ន​ចំនួន​បី​ដង ហើយ​ខាង​ក្រុម​ឧទ្ទាម​ឯណោះ ក៏បាន​ប្រើ​សារធាតុ​គីមី​ពុល​ដូចគ្នា​ដែរ​។ សារធាតុ​គីមី​ទាំងនេះ ត្រូវបាន​ហាមឃាត់​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​អាវុធ​គីមី ដែល​ស៊ី​រី​បាន​ចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​កាលពី​ឆ្នាំ ២០១៣ ។ ចំណែក​រដ្ឋាភិបាល​ស៊ី​រី ក៏បាន​បដិសេធ​ការប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​នេះដែរ​៕  

Tag:
 ​រុស្ស៊ី​
  ចិន​
  ស៊ី​រី​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com