អន្តរជាតិ
ប៉ូលិស​ម៉ាឡេស៊ី ថា​មានតែ​សាច់ញាតិ​ជិតដិត​បំផុត​ទើប​មាន​សិទ្ធិ​យក​សព​លោក គីម ជុង​ណាំ​
01, Mar 2017 , 11:16 am        
រូបភាព
​ស្នងការ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី លោក​ឧ​ត្ត​ម​សេនីយ៍ Khalid Abu Bakar បានបញ្ជាក់​ជាថ្មី​ថា មានតែ​សាច់ញាតិ​ជិត​បំផុត​របស់លោក គីម ជុង​ណាំ ទើប​មាន​សិទ្ធិ​អាច​យក​សាកសព​របស់​លោក​បាន​។ មេ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី បានបញ្ជាក់​ដូចនេះ ក្រោយពេល​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង បាន​ទៅដល់​ក្រុង​កូ​ឡា​ឡាំ​ពួរ​ថ្ងៃទី​២៨ ខែកុម្ភៈ ដើម្បី​ទាមទារ​សព​បងប្រុស​លោក គីម ជុង​អ៊ុន ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​។ ចំណែកឯ​ក្រុមគ្រួសារ​លោក គីម ជុង​ណាំ ផ្ទាល់​នៅ​មិនទាន់មាន​ដំណឹង​នៅឡើយ​។​


​សំណុំរឿង​ឃាតកម្ម​លោក គីម ជុង​ណាំ បងប្រុស​ម្ដាយ​ទីទៃ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ខណៈដែល​អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​ញាប់ដៃ​ស្វែងរក​ជនសង្ស័យ​មួយចំនួនទៀត​រួមទាំង​មន្ត្រី​ទូត​កូរ៉េខាងជើង​ផង​នោះ​។ កាលពី​ម្សិលមិញ ក្រុង​ព្យុងយ៉ាង បាន​បញ្ជូន​តំណាង​មកកាន់​ក្រុង​កូ​ឡា​ឡាំ​ពួរ ដើម្បី​ទាមទារ​យក​សព​លោក គីម ជុង​ណាំ វិញ ប៉ុន្តែ​មេ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី បដិសេធ​ការទាមទារ​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Khalid Abu Bakar បាន​និយាយថា សមាជិកគ្រួសារ​ជិតដិត​បំផុត​របស់ គីម ជុង​ណាំ ទើប​អាច​យក​សាកសព​ដែល​កំពុង​តម្កល់​នៅ​មន្ទីរពេទ្យ​កូ​ឡា​ឡាំ​ពួរ​បាន​។ សាច់ញាតិ​នោះ ក៏ត្រូវ​ធ្វើតេស្ត DNA ដើម្បី​បញ្ជាក់​អត្តសញ្ញាណ មុននឹង​ទទួលយក​សាកស​ពពីម​ន្ទីរ​ពេទ្យ​។ លោក​បញ្ជាក់ថា ប៉ូលិស មិន​ទទួលយក​សំណើ​ទាមទារ​សាកសព​ពី​នរណា​ឡើយ សូម្បី​ស្ថានទូត​កូរ៉េខាងជើង ឬក៏​ប្រតិភូ​កូរ៉េខាងជើង​ក៏ដោយ​។​

​បើតាម​សារព័ត៌មាន Strait Time មេ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី​រូបនេះ បន្តទៀតថា ប៉ូលិស​មិន​ទទួល​សំណើ ក៏​ព្រោះតែ​ដំណើរការ​ទាមទារ​សាក​សព​របស់​ម៉ាឡេស៊ី​។ ពោល គឺ​ប៉ូលិស​ត្រូវ​ធ្វើតេស្ត DNA ដើម្បី​បញ្ជាក់​អត្តសញ្ញាណ ហើយ​បន្ទាប់ពីនោះ ទើប​ប៉ូលិស​អាច​ប្រគល់​សាកសព គីម ជុង​អ៊ុន ទៅ​ឲ្យ​សាច់ញាតិ​ជិត​បំផុត​បាន​។

​ប្រតិភូ​ក្រុង​ព្យុងយ៉ាង​ដឹកនាំ​ដោយ​អតីត​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ UN លោក Ri Tong Il បាន​ទៅដល់​ម៉ាឡេស៊ី ដើម្បី​និយាយ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លើ​ករណីនេះ​។ ក្រៅពី​មក​ទាមទារ​សាកសព គីម ជុង​ណាំ ប្រតិភូ​កូរ៉េខាងជើង ក៏​នឹង​ពិភាក្សា​ឲ្យ​ការដោះលែង​ជនជាតិ​កូរ៉េខាងជើង ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លោក គីម ជុង​ណាំ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ នៅ​ព្រលានយន្តហោះ​ក្រុង​កូ​ឡា​ឡាំ​ពួរ​។​

​បើទោះជា​ប៉ូលិស​ម៉ាឡេស៊ី ប្រកាស​ឲ្យ​សាច់ញាតិ​លោក គីម ជុង​ណាំ មក​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​យក​សាកសព​វិញ​ក៏ដោយ គេ​មិនឃើញ​មាន​សមាជិក​ក្រុមគ្រួសារ​លោក មក​កាន់​ម៉ាឡេស៊ី​នៅឡើយ​ទេ​។ ក្រោយ​ឃាតកម្ម​លោក គីម ជុង​ណាំ ក្រុមគ្រួសារ​លោក បាន​លាក់​អត្តសញ្ញាណ​យ៉ាង​អាថ៌កំបាំង និង​មិនដឹងថា នៅទីណា​ឡើយ​។ នៅមុននេះ ពួកគេ ទំនងជា​ស្នាក់នៅ​ទឹកដី​ម៉ា​កាវ ក្រោម​ការការពារ​យ៉ាង​ដឹ​តដល់​ពី​សំណាក់​ចិន​៕ 


Tag:
 ម៉ាឡេស៊ី​
  កូរ៉េខាងជើង​
  គីម ជុង​ណាំ
© រក្សាសិទ្ធិដោយ thmeythmey.com