អន្តរជាតិ
ស្ត្រី​ពីរ​នាក់​ជាប់​សង្ស័យ​សម្លាប់ គីម ជុង​ណាំ ត្រូវ​ចោទប្រកាន់​បទ​មនុស្សឃាត
01, Mar 2017 , 2:37 pm        
រូបភាព
​ស្ត្រី​សង្ស័យ​ពី​នាក់ គឺ​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់​ពីបទ​មនុស្សឃាត ក្នុងករណី​ឃាតកម្ម​លើ​លោក គីម ជុង​ណាំ បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង​។ ស្ត្រី​ទាំងពីរ​នាក់ ត្រូវបាន​ចាប់ខ្លួន​ជា​បន្ត​ក្រោយ​ឃាតកម្ម​នៅឯ​ព្រលានយន្តហោះ​ក្រុង​កូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ប៉ុន្តែ​ពួកគេ​ទាំងពីរ​នាក់ ហាក់​មិន​បានដឹង​ពី​រឿង​នេះឡើយ និង​និយាយថា ពួកគេ​ត្រូវគេ​បោកប្រាស់​ឲ្យ​ធ្វើ​សកម្មភាព​នេះ​។​


​ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី Siti Aisyah និង​ស្ត្រី​ជនជាតិ​វៀតណាម Doan Thi Huong ដែលជា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លោក គីម ជុង​ណាំ បងប្រុស​ម្ដាយ​ទីទៃ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​មុខ​នៅ​តុលាការ​ក្នុង​រដ្ឋ Penang ។ តុលាការ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១ ខែមីនា បាន​ចោទប្រកាន់​ជនសង្ស័យ​ទាំងពីរ​នាក់ ពីបទ​ឃាតកម្ម​តាម​មាត្រា​៣០២ នៃ​ក្រុម​ព្រហ្មទណ្ឌ ហើយ​ប្រសិនបើ​រកឃើញ​កំហុស ពួកគេ​អាច​ប្រឈមមុខ​ទោស​ប្រហារជីវិត​។​

​យ៉ាងណាក្ដី បើតាម​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia ជនសង្ស័យ​ទាំង​ពីរបាន​ប្រាប់​មន្ត្រីការទូត​មកពី​ប្រទេស​រៀងៗ​ខ្លួន​ថា ពួកគេ​មិនដឹងថា ពួកគេ​សម្លាប់ គីម ជុង​ណាំ ឡើយ ហើយ​ពួកគេ​ត្រូវបាន​បោកប្រាស់ និង​គិតថា ឃាតកម្ម​នេះ​គ្រាន់តែ​ជាការ​សម្ដែង​តាម​ទូរទស្សន៍​ប៉ុណ្ណោះ​។ លោក គីម ជុង​ណាំ ត្រូវបាន​ឃាតករ​ប្រើ​សារធាតុ​គីមី VX ដែលជា​ធាតុ​ពុល​ដ៏​ខ្លាំង ហើយ​លោក​មាន​អា​ការៈឈឺចាប់​ខ្លាំង មុនពេល​ស្លាប់​។​

​ស្ត្រី​ជា​ជនសង្ស័យ​ទាំងពីរ បាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​នៅ​ថ្ងៃកើតហេតុ​តែម្ដង​។ វីដេអូ​ដែល​ថត​បាន​នៅ​ព្រលានយន្តហោះ​បង្ហាញថា លោក គីម ជុង​អ៊ុន ត្រូវបាន​ជនសង្ស័យ​វាយប្រហារ​។ បន្ទាប់ពីនោះ ជនសង្ស័យ​ក៏​រត់គេចខ្លួន មុន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។ ក្រៅពី​ជនសង្ស័យ​ទាំងពីរ អាជ្ញាធរ​ម៉ាឡេស៊ី ក៏បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​កូរ៉េខាងជើង​ម្នាក់ទៀត ដែល​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាត​កម្មនេះ​។​

​ទាក់ទិន​ដំណើរការ​កាត់ក្ដី​នេះ វៀតណាម និង​ឥណ្ឌូណេស៊ី ក៏បាន​បង្ហាញ​ការព្រួយបារម្ភ និង​សង្ឃឹមថា ជនសង្ស័យ​ទាំងពីរ នឹង​ទទួលបាន​ការកាត់ក្ដី​ដោយ​យុត្តិធម៌​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​និយាយថា ជនសង្ស័យ​នឹង​នៅតែ​គ្មាន​កំហុស រហូត​ដល់ពេល​រកឃើញ​ទោស​។ ហើយ​មេធាវី ដែល​ត្រូវបានតែងតាំង​សម្រាប់​ការពារ​ក្ដី នឹង​អនុវត្តតាម​គោលការណ៍​ច្បាប់ ហើយ​នាង Siti អាចអនុវត្ត​សិទ្ធិ​ដើម្បី​ការពារ​ខ្លួន​តាមច្បាប់​។​

​ទន្ទឹមគ្នា​នឹង​ការចោទប្រកាន់​នេះ អាជ្ញាធរ​ម៉ាឡេស៊ី កំពុង​ស្វែងរក​ចាប់ខ្លួន​ជនជាតិ​កូរ៉េខាងជើង​មួយចំនួនទៀត​រត់គេច​ខ្លួន​។ ចំណែក​ក្រុង​ព្យុងយ៉ាង ក៏បាន​បញ្ជូន​តំណាង​មក​ទាមទារ​សព​លោក គីម ជុង​ណាំ វិញ​ដែរ​។ ដោយសារ​រឿង​ឃាតកម្ម​នេះ ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង ក៏​ធ្លាក់​ដុនដាប និង​មានការ​ឆ្លើយឆ្លង​ពាក្យសម្ដី​ទៅវិញទៅមក​រហូតដល់​ថ្នាក់​កូរ៉េខាងជើង​ចោទ​ម៉ាឡេស៊ី​ថា ធ្វើ​តាមតែ​អ្នកដទៃ ដើម្បី​ធ្វើបាប​ខ្លួន​ទៀតផង​៕


Tag:
 ម៉ាឡេស៊ី​
  គីម ជុង​ណាំ​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com