កីឡាអន្តរជាតិ
អន្តរជាតិ
អតីតម្ចាស់មេដាយមាសអូឡាំពិករបស់សូវៀត លក់មេដាយដើម្បីដោះស្រាយជីវភាព 01, Mar 2017 , 8:39 pm
× Olga Korbut អាយុ៦១ឆ្នាំ ជាអតីតកីឡាការិនីកាយសម្ព័ន្ធរបស់សូវៀតដែលដណ្តើមបានមេដាយមាស៤ និងមេដាយប្រាក់២ពីព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៧២ និងឆ្នាំ១៩៧៦ ។ ដោយសារបញ្ហាជីវភាព Olga ដែលមានសញ្ជាតិបេឡារុស និងរស់នៅរដ្ឋ Arizona បានប្រកាសលក់មេដាយរបស់ខ្លួននៅក្រុមហ៊ុនដេញថ្លៃរបស់សហរដ្ឋអាមេរិក។
«មេដាយទាំងនេះ អាចជួយសង្គ្រោះការអត់ឃ្លានរបស់គាត់»។ នេះជាការលើកឡើងរបស់សារព័ត៌មានរុស្ស៊ី Gazeta.ru ទាក់ទងនឹងការសម្រេចដាក់លក់មេដាយអូឡាំពិករបស់ Olga ដែលធ្លាប់មានរហស្សនាមថា «កូនចាបពីទីក្រុង Minsk»។
នាព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៧២នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ Olga Korbut ដែលតំណាងឲ្យសហភាពសូវៀត ទទួលបានមេដាយមាស៣ ប្រាក់១ ហើយឈ្នះមេដាយមាស១ ប្រាក់១ ទៀត នៅឆ្នាំ១៩៧៦ ក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។
Korbut បានទៅរស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៩១ ហើយបានក្លាយជាគ្រូកាយសម្ព័ន្ធម្នាក់។ គាត់ធ្លាប់មានស្វាមីឈ្មោះ Leonid Bortkevich ដែលជាអ្នកចម្រៀងបេឡារុស ហើយនៅជាមួយគ្នាពីឆ្នាំ១៩៧៨ ដល់ឆ្នាំ២០០០ និងមានកូនប្រុសម្នាក់ឈ្មោះ Richard កើតនៅឆ្នាំ១៩៧៩ ។
ក្នុងចំណោមមេដាយទាំង៦ មេដាយមាស១ដែលឈ្នះពីក្រុងមុយនិច ត្រូវបានចោលលួច។ មិនមានការបញ្ជាក់អ្វីបន្ថែមពីស្ថានភាពគ្រួសាររបស់ Korbut នោះឡើយ ប៉ុន្តែកាសែតរុស្ស៊ី Gazeta បានអះអាងថា គាត់មានបញ្ហាហិរញ្ញវត្ថុដែលត្រូវដោះស្រាយ។
តាមរយៈការដាក់លក់ដេញថ្លៃនៅក្រុមហ៊ុន Heritage Auctions របស់អាមេរិក មេដាយមាស២ និងប្រាក់១ ដែល Korbut ឈ្នះនៅមុយនិច មានតម្លៃចំនួន ៣៣៣ ៥០០ដុល្លារអាមេរិក។ បន្ថែមពីលើនេះ ក៏មានការរាយការណ៍ថា Korbut បានដាក់លក់មេដាយផ្សេងៗក្រៅពីអូឡាំពិកផងដែរ៕
Tag:
Olga Korbut
កីឡាអូឡាំពិក
មេដាយ
© រក្សាសិទ្ធិដោយ thmeythmey.com