អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ប្រាប់​សភា​អាមេរិក​ថា រដ្ឋបាល អូ​បា​ម៉ា​បន្សល់​តែ​រឿង​អាក្រក់​ឲ្យ​លោក​
01, Mar 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លៀតឱកាស​ទិតៀន​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ឥតមាន​សំចៃមាត់​ក្នុងពេលដែល​លោក​ថ្លែង​សុន្ទរកថា​ចំពោះមុខ​សមាជិកសភា អាមេរិក​នា​ថ្ងៃ ២៨ កុម្ភៈ​។ លោក​បញ្ជាក់ថា រដ្ឋបាល​មុន​បន្សល់ទុក​តែ​មរតក​អាក្រក់ៗ​មាន​បំណុល​ច្រើនសន្ធឹក​សន្ធាប់​, ឱនភាព​ពាណិជ្ជកម្ម និង បរាជ័យ​នៃ​នយោបាយ​ការបរទេស​ជាដើម​ផង​។​


​ក្នុង​សុន្ទរកថា ទៅកាន់​សភា​ជា​លើកដំបូង លោក ដូ​ណា​ល់ ត្រាំ ចំណាយ​ពេលវេលា​យ៉ាងច្រើន​រៀបរាប់​ពី​គោលនយោបាយ​ដែល​រដ្ឋបាល​របស់លោក ត្រូវអនុវត្ត​រយៈពេល ៤​ឆ្នាំ​ទៅមុខ​។ ប៉ុន្តែ​មេដឹកនាំ​អាមេរិក​រូបនេះ បាន​ឆ្លៀតឱកាស​វាយប្រហារ​អតីត​ប្រធានាធិបតី ដែល​កាន់អំណាច​ពីរ​អាណត្តិ​ចាប់ពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​កើត​ឡើង​នោះ​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានលើកឡើង​ពី​បញ្ហា​ជាច្រើន​ដែល​លោក​រដ្ឋបាល​លោក ត្រូវ​ដោះស្រាយ​បន្ទាប់ពី​ពេលដែល​រដ្ឋបាល​មុន​ចាក​ចេញទៅ ។ បញ្ហា​មាន​ច្រើន មាន​ទាំង​សេដ្ឋកិច្ច សង្គម និង​នយោបាយ​ការបរទេស​ថែម​ទៀតផង​។ តែ​ការកើនឡើង​នៃ​បំណុល​អាមេរិក​ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវបាន​លោក ដូ​ណា​ល់ ត្រាំ ទិតៀន​ខ្លាំងជាងគេ​។​

«​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ រដ្ឋបាល​មុន (​មិន​ហៅ​ឈ្មោះ​លោក អូ​បា​ម៉ា ចំៗ​) បាន​បង្កើន​បំណុល​ថ្មី​ច្រើនសន្ធឹក​ស្ទើរតែ​ច្រើនជាង​បំណុល​ដែល​ប្រធានាធិបតី​អាមេរិក​ទាំងអស់​មាន​រួមបញ្ចូល​គ្នា​ទៅទៀត​»​។ នេះ​ជាការ​បញ្ជា​ក់លោក ដូ​ណា​ល់ ត្រាំ​។​

​ប្រធានាធិបតី​ដែល​សន្យា​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​រូបនេះ​បាន​បន្តថា​៖ « យើង​បាន​បាត់បង់​ការងារ​ក្នុង​វិស័យ​ផលិតកម្ម​ចំនួន ១​ភាគ ៤ ចាប់ពី​ពេលដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាមេរិក​ខាងជើង (NAFTA)​។ ហើយ​យើង​បាន​បាត់បង់​រោងចក្រ​ប្រហែល ៦​ម៉ឺន​ចាប់ពី​ពេលដែល​ចិន​ចូលរួម​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ ២០០១​។ នៅ​បរទេស​វិញ មិនបាច់​និយាយ យើង​ត្រូវបាន​គេ​ផ្ទេរ​ឲ្យ​នូវ​នយោបាយ​ការបរទេស​ដែល​ជួប​គ្រោះមហន្តរាយ​»​។​

​ក្រៅពី​រិះគន់​រដ្ឋបាល​អាមេរិក​អាណត្តិ​មុន​ហើយ លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​សភា​ថា ទំព័រ​ថ្មី​នៃ​ភាព​អស្ចារ្យ​របស់​អាមេរិក​កំពុង​ចាប់ផ្តើម​ហើយ​ក្រោម​អាណត្តិ​របស់លោក ដែល​សំដៅ​ដល់​ការធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ជាថ្មី​ម្តងទៀត​ដូចដែល​លោក បាន​សន្យា​កន្លងមក​ដែរ​។

​លោក ដូ​ណា​ល់ ត្រាំ បាន​សន្យាថា លោក​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​សហរដ្ឋអាមេរិក​ជាពិសេស​បញ្ហា​សន្តិសុខ​និង​សេដ្ឋកិច្ច​។​

 លោក ត្រាំ បាន​សង្កត់ធ្ងន់ថា ដើម្បី​កសាង​សង្គម​អាមេរិក​ឡើងវិញ រដ្ឋបាល​លោក ដើរ​តាម​គោលការណ៍​ពីរ​គឺ ៖«​មួយ​គឺ​ជួល​ប្រជាជន​អាមេរិក និង ទី​ពីរ​ទិញ​របស់​អាមេរិក​»​។  បន្ថែម​ពីនេះ រដ្ឋបាល​អាមេរិក នឹង​កែទម្រង់​ប្រព័ន្ធ​ពន្ធដារ​សម្រាប់​បន្ធូរ​ប​ន្ទ​កម្រិត​ពន្ធ​ក្នុងស្រុក​,​បង្កើត​ប្រព័ន្ធ​សុខ​ភិ​បាល​ថ្មី​ដែល​ល្អ​ជាង Obamacare,   និង​បន្ត​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ថែរក្សា​សន្តិសុខ​អាមេរិក​ជារួម​ដូចគ្នា​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com