អន្តរជាតិ
សិង្ហ​បុរី​ត្រូវ​បង្ខំចិត្ត​រើស​រវាង​ចិន និង​អាមេរិក បើ​មហាអំណាច​ទាំងពីរ​ឈ្លោះ​គ្នា​
01, Mar 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បានលើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន BBC ថា សិង្ហ​បុរី​ចាំបាច់​ត្រូវ​ជ្រើសរើស​រវាង​អាមេរិក និង​ចិន ក្នុង​ពេលអនាគត​ក្នុងករណី​ដែល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​កាន់តែ​តានតឹង​។ បច្ចុប្បន្ន សិង្ហ​បុរី ជា​មិត្ត​ជាមួយ​អាមេរិក ផង​និង​ជា​មិត្ត​ជាមួយ​ចិន​ផង​នាពេល​បច្ចុប្បន្ននេះ បើ​មហាអំណាច​ទាំងពីរ​ត្រូវរ៉ូវ​គ្នា សិង្ហ​បុរី និង​ប្រទេស​ផ្សេងទៀត​ក៏​អាច​រស់​ស្រួល​និង​ទទួលបាន​ប្រយោជន៍​ច្រើន​ដូចគ្នា​។  ពាក់ព័ន្ធ​ទំនាក់ទំនង​អាមេរិក​និង​ចិន ថ្វីបើ​បន្ត​ស្ថិតនៅ​លើផ្លូវ​រដាក់រដុប​ក៏ដោយ មហាអំណាច​ទាំងពីរ​ហាក់​ព្យាយាម​បន្ថយ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​នយោបាយ ជាពិសេស​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​។​


​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង វោហា​សព្ទ​នយោបាយ​«​ដ​ម្ក​ល់​ប្រយោជន៍​អាមេរិក​ជាធំ​» និង​« ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ឡើងវិញ​» បានធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​នៅ​អាស៊ី​បារម្ភ​ពី​អនាគត​នៃ​តួនាទី​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់ និង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អាមេរិក​ផង​។ មកដល់​ពេលបច្ចុប្បន្ន​នេះ គេ​នៅតែ​ពិបាក​វាយតម្លៃថា អាមេរិក​នឹង​ប្តេជ្ញាចិត្ត​កម្រិតណា​ឡើយ​ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​សម្ព័ន្ធ​និង​មិត្ត​នានា​ក្នុង​តំបន់​អាស៊ី​នេះដែរ​។​

​ម្យ៉ាងទៀត គេ​ក៏​បារម្ភ​ខ្លាំង​ដែរ ពី​គោលជំហរ​រ៉ឹង​ត្អឹង​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កន្លងមក​ក្នុងការ​អនុវត្ត​គោលនយោបាយ​គាំពារ​និយម​ដើម្បី​ការពារ​ប្រយោជន៍​អាមេរិក និង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ចិន​តែម្តង​ដោយ​ដំឡើង​ពន្ធ​ឲ្យ​ខ្ពស់​សម្រាប់​ផលិតផល​នាំចូល​ជាពិសេស​ពី​ចិន​។

​ភាពមិនច្បាស់លាស់​នៃ​គោលជំហរ​អាមេរិក​នៅក្នុង​តំបន់ និង​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​ក្លាយជា​សំណួរ​សម្រាប់​បណ្តា​មេដឹកនាំ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ ថា​តើ​គេ​គួរ​ជ្រើស​រើសយក​មហាអំណាច​មួយ​ណា​ជា​ខ្នងបង្អែក​នៅពេល​អនាគត​។ សិង្ហ​បុរី ដែល​ធ្លាប់តែរ​ស់សុខសាន្ត​ដោយ​ធ្វើជា​មិត្ត​អាមេរិក​ផង និង​ជា​មិត្ត​ចិន​ផង តាំងពីរ​យូរអង្វែង​មក​ហើយក៏​បង្ហើប​ផងដែរ​ថា ខ្លួន​ត្រូវ​ជ្រើសរើស​រវាង​អាមេរិក​និង​ចិន បើ​មហាអំណាច​ទាំងពីរ​មិនត្រូវ​គ្នា​ទេ​នាពេល​អនាគត​នោះ​។​

 ១.​នាយករដ្ឋមន្ត្រី លី សៀន​ឡុង ថា សិង្ហ​បុរី ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​រវាង​អាមេរិក​និង​ចិន​

​វា​ជា​រឿង​កម្រ​បំផុត​មួយ ដែល​នាយករដ្ឋមន្ត្រី សិង្ហ​បុរី លី​សៀន​ឡុង ថ្មីៗ​នេះ​បាន​ព្រលយ​ពាក្យ​ថា សិង្ហ​បុរី​ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​រវាង​មហាអំណាច​អាមេរិក​និង​មហា​យក្ស​ចិន​។ តាំងពីណា​ពី​ណី​មក បុរី​រដ្ឋ​សិង្ហ​បុរី​នេះ​ចាប់​អាមេរិក​មក​ធ្វើជា​សម្ព័ន្ធមិត្ត​ផង និង​ចាប់​ចិន​មក​ធ្វើជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ផង​។  សិង្ហ​បុរី​ចំណេញ​បាន​ច្រើន​ពី​ជំហរ​កណ្តាល​នេះ ប៉ុន្តែ​បរិបទ​អន្តរជាតិ​ផ្លាស់ប្តូរ​ខ្លាំង សិង្ហ​បុរី​ក៏​ពិបាក​ដើរ​ផ្លូវកណ្តាល​ដូចនេះ​ទៀត​ដែរ​។ ក្រោយ​ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត លោក លី ធ្លាប់​លើកឡើង​ម្តង​ដែរ តែ​លោក​គ្រាន់តែ​ព្រមាន​ពី​ការលំបាក​របស់​សិង្ហ​បុរី ក្នុង​បរិបទ​អន្តរជាតិ​ប៉ុណ្ណោះ នៅពេលដែល​អាមេរិក​និង និង​ចិន ឈ្លោះ​គ្នា​ខ្លាំង​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អង់គ្លេស BBC កូនប្រុស​ស្ថាបនិក​រដ្ឋ​សិង្ហ​បុរី រូបនេះ​បាន​ពន្យល់ថា កាលណា​បើ​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ​មិនល្អ សិង្ហ​បុរី ក៏​កាន់តែ​ជួប​រឿង​លំបាក​ច្រើន​។ ចុងក្រោយ វា​ចៀស​មិន​ផុត​ឡើយ​ដែល​សិង្ហ​បុរី ត្រូវ​រើស​មហាអំណាច​មួយ​ជា​មិត្ត​។ ប៉ុន្តែ​ក្នុងនាម​ជា​មេដឹកនាំ​រដ្ឋ លោក លី សៀន​ឡុង បារម្ភ​ខ្លាំង បើសិន​រឿង​បែបនេះ​កើតឡើង​មែន​។ 

«​ប្រសិន​អាមេរិក និង​ចិន​មិនត្រូវ​គ្នា ជំហរ​របស់​យើង​កាន់តែ​ពិបាក​ខ្លាំង ព្រោះ​យើង​ត្រូវ​ជ្រើស​រើសយក​មហាអំណាច​មួយ​ជា​មិត្ត អាចជា​អាមេរិក ឬក៏​ចិន​។ វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​បំផុត​។ បច្ចុប្បន្ននេះ​យើង​ជា​មិត្ត​ជាមួយ​មហាអំណាច​ទាំងពីរ ហើយ​សម្ព័ន្ធភាព​យើង​ក៏មាន​ដំណើរ​ការល្អ​ដែរ​»​។​

​ទោះបីជា​បែបណាក៏ដោយ សិង្ហ​បុរី មិន​ចង់​ជ្រើស​រើសយក​មហាអំណាច​មួយ​ជា​មិត្ត​ផ្តាច់មុខ​នោះឡើយ​។ លោក លី សៀន ឡុង បន្តថា មានតែ​ការពង្រឹង​សហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ​ប៉ុណ្ណោះ​ទើប​ជា​ដំណោះស្រាយ ឈ្នះៗ​ទាំងអស់គ្នា​។ តែ​លោក​នៅតែមាន​មន្ទិលសង្ស័យ​នៅឡើយ​ចំពោះ​គោលបំណង​របស់រ​ដ្ឋ​បាល​អាមេរិក​បច្ចុប្បន្ន​។​

​លោក លី​សៀន ឡុង បាន​អះអាង​ប្រាប់​សារព័ត៌មាន BBC ថា ក្រុង​ប៉េកាំង​ពិតជា​ប្តេជ្ញាចិត្ត​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​និង​យូរអង្វែង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ប៉ុន្តែ​សម្រាប់​រដ្ឋបាល ដូ​ណា​ល់ ត្រាំ វិញ គ្រប់យ៉ាង​នៅតែ​ស្រពិចស្រពិល​នៅឡើយ​។  អាមេរិក​ហាក់ដូចជា មិន​ដូច​ចិន​ឡើយ​។ អាមេរិក​មានរឿង​ច្រើន​ត្រូវ​គិត និង​យកចិត្តទុកដាក់​តាំងពី​អាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និង​អឺរ៉ុប ហើយ​វា​ការលំបាក​ក្នុងការ​វាយតម្លៃថា តើ​អាមេរិក​នឹង​យកចិត្តទុកដាក់​ចំពោះ​ការកសាង​ទំនាក់ទំនង​ជាមួយ​ចិន​កម្រិតណា​នោះទេ​។ 

​ចាប់​តាំង​លោក ដូ​ណា​ល់ ត្រាំ ស្បថ​កាន់តំណែង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ចាប់ផ្តើម​និយាយ​ខ្លាំងៗ​ពាក់ព័ន្ធ​សកម្មភាព​ក្រុង​វ៉ាស៊ីនតោន​។ សិង្ហ​បុរី​ខកចិត្ត​ជាងគេ​នៅពេលដែល លោក ដូ​ណា​ល់ ត្រាំ​បញ្ជា​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែលមាន​ភាគី ១២​នោះ​។ សិង្ហ​បុរី​ក៏ដូចជា​ប្រទេស​សម្ព័ន្ធមិត្ត​ឯទៀត​នៅក្នុង​តំបន់ ហាក់​មើលឃើញថា អាមេរិក​លែង​ជា​ដៃគូ​ដែល​គួរ​ឲ្យ​ទុកចិត្ត​ទៀត​ដែរ​។ ទាំងនេះ​សុទ្ធតែជា​រឿង​គ្រោះថ្នាក់​មិនអាច​ព្រងើយកន្តើយ​បានឡើយ​។​

២. ចិន អាមេរិក ប្រឹង​បន្ធូរបន្ថយ​ភាព​តានតឹង និង​ទប់ស្កាត់​ការប្រឈមមុខ​ដាក់គ្នា​

​ស្រប​ពេលដែល​គ្រប់គ្នា​បារម្ភ​ពី​ការប្រែប្រួល​ទំនាក់ទំនង​ចិន​និង​អាមេរិក រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ក៏​កំពុង​ព្យាយាម​ធ្វើយ៉ាងណា​រក​វិធី​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ដែរ​។ ថ្វីបើ ទំនាក់ទំនង​នៅ​រដាក់រដុប​ដូច​បាន​បញ្ជាក់​ខាងលើ​ក៏ដោយ សញ្ញា​វិជ្ជមាន​ខ្លះ​កើតឡើង​ច្រើន​ដែរ​ក្នុង​រយៈពេល​ចុងក្រោយ រួមទាំង​ការប្រកាស​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ការគោរព​គោលនយោបាយ​ចិន​តែមួយ​ផង​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្រុង​ប៉េកាំង​បញ្ជូន​ទីប្រឹក្សា​រដ្ឋ Yang Jiechi ទៅ​សេត​វិមាន​អាមេរិក ដែល​គេ​ដឹងថា វា​ជា​គោលជំហរ​របស់​ចិន ក្នុងការ​បន្ធូរបន្ថយ​ការប្រឈមមុខគ្នា​រវាង​មហាអំណាច​ទាំងពីរ​នេះ​។  មន្ត្រីជាន់ខ្ពស់​ចិន​នេះ​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​លោក​ទាំងពីរ​ក៏​ជជែក​ពី​កាលវិភាគ​រៀបចំ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​និង​ចិន​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក Yang Jiechi បាន​ជួប​រដ្ឋមន្ត្រី ការបរទេស​អាមេរិក​លោក Rex Tillerson ផងដែរ​ដើម្បី​ពិភាក្សាគ្នា​ពី​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់​ទំ​ង​ពាណិជ្ជកម្ម ក៏ដូចជា​ការដោះស្រាយ​បញ្ហា​សន្តិសុខ​ពិភពលោក​ជាដើម​ផង​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Mark Toner ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន  មន្ត្រីជាន់ខ្ពស់​ទាំងពីរ​កត់សម្គាល់​ពី​សារសំខាន់​មិនអាច​ខ្វះ​បាន​នៃ​សម្ព័ន្ធភាព​ទ្វេភាគី​រវាង​អាមេរិក​និង​ចិន ជាពិសេស​ការឈាន​ឆ្ពោះទៅ​បង្កើត​ចំណង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ស៊ីជម្រៅ​ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ និង​លេខ​ពីរ​ផង​។

​សេចក្តីថ្លែងការណ៍​ដដែល​បាន​បញ្ជាក់ថា ប្រមុខ​ការទូត​អាមេរិក និង ទីប្រឹក្សា​រដ្ឋ​ចិន ក៏​បង្ហាញ​ការបារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​ពិភពលោក​ជាពិសេស កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផងដែរ​។

​ឆ្លៀតឱកាស​ក្នុងជំនួប​នោះ ទីប្រឹក្សា​រដ្ឋ​ចិន​ខាងលើ​ក៏បាន​អញ្ជើញ​ប្រមុខ​ការទូត​អាមេរិក​ទៅ​ទស្សនកិច្ច​នៅ​ចិន​ផងដែរ​ដើម្បី​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com