អន្តរជាតិ
លី សៀន​ឡុង​៖«​បក្ស​ខ្ញុំ​ជាប់ឆ្នោត​រហូត​មិនមែន​មានន័យថា​សិង្ហ​បុរី​គ្មាន​ប្រជាធិបតេយ្យ​ទេ​»
01, Mar 2017 , 5:25 pm        
រូបភាព
លោក Stephen Sackur កំពុងសម្ភាសនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (រូបថតពីក្រសួងគមនាគមន៍និងព័ត៌មានសិង្ហបុរី)
លោក Stephen Sackur កំពុងសម្ភាសនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (រូបថតពីក្រសួងគមនាគមន៍និងព័ត៌មានសិង្ហបុរី)
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង (Lee Hsien Loong) បាន​និយាយ​ការពារ​ប្រព័ន្ធ​នយោបាយ​ក្នុងប្រទេស​របស់លោក​ដែល​គេឯង​ទទួលស្គាល់ថា ជា​ប្រព័ន្ធ​នយោបាយ​មិនមែន​ប្រជាធិបតេយ្យ​នោះ​។ លោកនាយក​រដ្ឋមន្ត្រី លី បាន​ទាត់ចោល​ការអះអាង​រប​ស់​អ្នកសារព័ត៌មាន BBC ដែល​លើកឡើងថា ប្រជាធិបតេយ្យ​នៅ​សិង្ហ​បុរី មិន​ជោគជ័យ ព្រោះ​គ្រប់គ្រង​ដោយ​ឯក​បក្ស និង​មាន​ក្រុម​បក្សប្រឆាំង​ខ្សោយៗ​។


«​ក៏​ព្រោះតែ​អ្នកបោះឆ្នោត បោះ​ឲ្យ​ខ្ញុំ និង​បក្ស​របស់ខ្ញុំ មិន​មានន័យថា សិង្ហ​បុរី​មិនមែនជា​ប្រទេស​មិន​បើកចំហ​ឡើយ​។​» នេះ​ជាការ​ឆ្លើយតប​របស់​នា​យក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ទៅកាន់​អ្នកសារព័ត៌មាន BBC លោក Stephen Sackur ក្នុង​កិច្ច​សម្ភាស​ផ្ដាច់មុខ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែមីនា​នេះ​។ លោក Stephen Sackur លើកឡើងថា សិង្ហ​បុរី​គ្រប់គ្រង​ដោយ​បក្ស​តែមួយ​តាំងពី​ឯករាជ្យ​មក ហើយក៏​មិនសូវមាន​បក្សប្រឆាំង​ខ្លាំង​ដែរ​។​

​ក្នុង​កិច្ច​សម្ភាស​ដដែល លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ក៏បាន​ឆ្លើយ​ទៅ​អ្នកកាសែត​អង់គ្លេស​ទៀតថា នៅ​សិង្ហ​បុរី មាន​គណបក្សនយោបាយ​ច្រើនណាស់ និង​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ក្នុងការ​បោះឆ្នោត​រាល់​លើក​។ កូនប្រុស​បិតា​ឯករាជ្យ​សិង្ហ​បុរី ក៏បាន​ប្រាប់ BBC ថា នៅ​សភា​សិង្ហ​បុរី​វិញ ក៏មាន​សមាជិក​ដែល​មកពី​បក្សប្រឆាំង​ដែរ មិនមែន​មានតែ​សមាជិក​របស់​បក្ស​កាន់អំណាច​សកម្មភាព​ប្រជាជន (PAP) នោះទេ​។​

​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​តាំងពី​ឆ្នាំ​២០០៤ មក ក៏​និយាយ​ដែរ​ថា សិង្ហ​បុរី​មាន​ប្រព័ន្ធ​នយោបាយ​បែប​ប្រជាធិបតេយ្យ​របស់ខ្លួន ហើយ​ប្រជាជន​បោះឆ្នោត​ឲ្យ​បេក្ខជន​របស់​បក្ស​កាន់អំណាច ព្រោះ​ពួកគេ​មាន​ទំនុកចិត្ត​លើ PAP ដែល​អាចបង្កើត​រដ្ឋាភិបាល និង​អាច​គ្រប់គ្រង​ប្រទេស​ទៅមុខ​។ លោក​ពន្យល់់ថា ពេល​រដ្ឋាភិបាល​មិន​ដំណើរការ ឬ​សមាជិកសភា​ណាមួយ​មិន​បំពេញ​តួនាទី​ល្អ ឬ​បាត់បង់​ការគាំទ្រ លោក​នឹង​ដក​ពួកគេ​ចេញ ហើយ​អ្វីៗ​នឹង​ប្រសើរ​ឡើងវិញ​។​

​សូមបញ្ជាក់ថា គណបក្ស​សកម្មភាព​ប្រជាជន ដែល​បង្កើត​ដោយ​បិតា​ឯករាជ្យ​សិង្ហ​បុរី លី ក្វាន់​យូ តែង​ឈ្នះ​រាល់​ការបោះឆ្នោត​រហូតមក​។ ពោល គឺ​ចាប់តាំងពី​ការទទួលបាន​ឯករាជ្យ​ឯណោះ ហើយ​បក្សប្រឆាំង មិនដែល​ឈ្នះ​សូម្បី​ម្ដង ដោយពេល​ខ្លះ​ទទួល​សំឡេងគាំទ្រ​តិចតួច​ទៅទៀត​។ តាមពិតទៅ រាល់​ការបោះឆ្នោត​ម្ដងៗ គេ​សង្កេតឃើញ​មាន​បក្ស​ជាច្រើន​ចូលរួម​ប្រជែង តែ​មិនអាច​ទទួល​ការគាំទ្រ​ច្រើន​ឡើយ​។​

​តាំងពីដើម​មក​នោះ បក្សប្រឆាំង​នៅ​សិង្ហ​បុរី តែង​អះអាងថា រដ្ឋាភិបាល​ព្យាយាម​រឹតត្បិត​សកម្មភាព​របស់ខ្លួន និង​សិទ្ធ​សេរីភាព​របស់​ប្រជាជន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ទើរ​ទាំងអស់ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល ខណៈដែល​សំឡេង​ប្រឆាំង​មិនមាន​ច្រើន​ឡើយ ហើយ​ពេលខ្លះ​ត្រូវបាន​បិទ​ផ្សាយ​តែម្ដង​។ យ៉ាងណាមិញ ក្រោម​ការដឹកនាំ​របស់​បក្ស PAP សេដ្ឋកិច្ច​សិង្ហ​បុរី រីកចម្រើន​យ៉ាងខ្លាំង និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​ទៀតផង​៕   


Tag:
 សិង្ហ​បុរី​
  Lee Hsien Loong
© រក្សាសិទ្ធិដោយ thmeythmey.com