អន្តរជាតិ
ទីប្រឹក្សា​ក្រុង​ម្នាក់​នៅ​ស៊ុយអែត ចង់​ឲ្យ​បុគ្គលិក​មាន​សិទ្ធិ​សម្រាក​១​ម៉ោង​ដើម្បី​ចេញទៅ​រួមភេទ​
02, Mar 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
​លោក Per-Erik Muskos ទីប្រឹក្សា​សាលាក្រុង Overtonea ប្រទេស​ស៊ុយអែត បានស្នើ​ឲ្យ​ការអនុញ្ញាត​ពិសេស​សម្រេច​បុគ្គលិក​ឈប់សម្រាក​មួយ​ម៉ោង​រៀងរាល់ថ្ងៃ​ដើម្បី​ទៅ​រួមភេទ​។ លោក​បាន​អះអាងថា វា​ជាការ​លើកទឹកចិត្ត​សំខាន់​មួយ​របស់​ថ្នាក់ដឹកនាំ​ដើម្បី​បង្កើន​ផលិតភាព​ការងារ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បារាំង 20minutes.fr ។​


«​មានការ​សិក្សា​ជាច្រើន​បង្ហាញថា ការរួម​ភេទ​ជួយ​ឲ្យ​មនុ​ស្សមាន​សុខភាព​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Per-Erik Muskos អាយុ​៤២​ឆ្នាំ ដែលជា​ទីប្រឹក្សា​ម្នាក់​នៃ​សាលាក្រុង Overtonea ប្រទេស​ស៊ុយអែត​។ ការលើកឡើង​របស់លោក Muskos ដើម្បី​ភ្ជាប់​ទៅនឹង​ហេតុផល​ដែល​លោក​ទាមទារ​ឲ្យ​បុគ្គលិក​ទាំងអស់​មាន​សិទ្ធិ​សម្រាក​ទៅផ្ទះ​ដើម្បី​រួមភេទ​។​

​សម្រាប់​លោក Muskos បុគ្គលិក​ដែល​ស្មុ​គ្រ​ស្មាញ​ក្នុង​អារម្មណ៍ មិនបាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ក្រុមហ៊ុន ឬ​អង្គភាព​នោះឡើយ​។ បន្ថែម​ពី​ការ​លើកឡើងថា ការរួម​ភេទ​ជា​ឱសថ​ដ៏​សក្តិ​សិទ្ធ​ក្នុងការ​ព្យាបាល​ស្ត្រែ​សិ៍ ទីប្រឹក្សា​សាលាក្រុង​រូបនេះ បាន​អះអាងថា វា​ជា​មធ្យោបាយ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ក្នុង​គ្រួសារ​ផងដែរ ខណៈ​គូ​ស្វាមីភរិយា​ជាច្រើន ត្អូញត្អែរថា ខ្លួន​អស់ចំណង់​ផ្លូវភេទ​ដោយសារតែ​មមាញឹក​នឹង​ការងារ​ច្រើនពេក​។​

​តើ​ធ្វើ​យ៉ាងម៉េច​ទើប​ដឹងថា បុគ្គលិក​ពិតជា​ប្រើប្រាស់​ពេលវេលា​ទៅ​រួមភេទ​? សម្រាប់​លោក Muskos នេះ​មិនមែនជា​បញ្ហា​ចោទ​នោះឡើយ ប៉ុន្តែ​ពួកគេ​គួរតែមាន​សិទ្ធិ​ពិសេស​បែបនេះ​។ សម្រាប់​បុគ្គលិក​ដែល​នៅ​លីវ ទីប្រឹក្សា​រូបនេះ មិនបាន​លើក​ឡើងមក​និយាយ​ឡើយ​។​

​ស៊ុយអែត ត្រូវបាន​ចាត់ទុកជា​ប្រជាជាតិ​ដ៏​រីករាយ​ជាងគេ​នៅលើ​ពិភពលោក​។ សម្រាប់​លោក Muskos បុគ្គលិក​ប្រមាណ​៥៥០​នាក់​នៅ​ក្រុង Overtonea អាច​ទទួលបាន​ភាព​រី​ករាយ​បន្ថែមទៀត​តាមរយៈ​សិទ្ធិ​ឈប់សម្រាក​១​ម៉ោង​ដើម្បី​ទៅ​រួមភេទ​នៅផ្ទះ​៕


Tag:
 ប្លែកៗ​
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com