អន្តរជាតិ
ដូ​ណា​ល់ ត្រាំ កំពុង «​វាយ​ក្បាល​អង្អែល​ខ្នង​» សម្ព័ន្ធមិត្ត​របស់​អាមេរិក​រឿង​ថ្លៃ​ចំណាយ​
02, Mar 2017 , 9:39 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់សភាទាំងពីរ (រូបថត CNN)
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់សភាទាំងពីរ (រូបថត CNN)
​ឲ្យ​តែ​និយាយ​រឿង​ទំនាក់ទំនង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​ជុំវិញ​ពិភពលោក រដ្ឋបាល​អាមេរិក​ថ្មី បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា អាមេរិក នឹង​នៅ​ជួយ​ការពារ​ពួកគេ​ពី​ការ​គំរាម​ផ្សេងៗ ដោយ​មិន​យក​ភ្នែក​មើល​មិន​ធ្វើ​អ្វី​ឡើយ​។ ជា​ថ្នូរ​មកវិញ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ឲ្យ​សម្ព័ន្ធមិត្ត​ដែល​អាមេរិក​ការពារ ជួយ​ចេញថ្លៃ​ចំណាយ​ផ្សេង​ផង ដ្បិត​អាមេរិក​ចេញ​តែម្នាក់ឯង​ច្រើនពេក​ហើយ​។ លោក​គំរាមថា អាមេរិក​អាច​នឹង​ប្ដូរ​ជំហរ​ឈប់​ជួយ​មិន​ខាន បើ​មិន​ជួយ​ចេញ​វិភាគទាន​ខ្លះ​ទេនោះ​។​


​ថ្លែង​ទៅកាន់​សភា​ទាំងពីរ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រម្លឹក​ម្ដងទៀត​ពី​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក ក្នុង​ការជួយ​ការពារ​សន្តិសុខ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​ជុំវិញ​ពិភពលោក​។ ដូច​សព្វដង លោក ត្រាំ ក៏បាន​រម្លឹក​មិត្តភក្តិ និង​ដៃគូ​របស់​អាមេរិក​ចាប់ពី​អឺរ៉ុប មជ្ឈិមបូព៌ា ទៅដល់​តំបន់​ប៉ាស៊ីហ្វិក ឲ្យ​បង់ថ្លៃ​ចំណាយ​សម្រាប់​កងទ័ព​អាមេរិក និង​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​នានា ដែល​អាមេរិក​ចំណាយ​ច្រើនជាងគេ​រហូតមក​។​

​ប្រធានាធិបតី​អាមេរិក បាន​ឆ្លៀតឱកាស​ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​សមាជិកសភា​ទាំងពីរ ដោយ​ធានា​សម្ព័ន្ធមិត្ត​របស់ខ្លួន រឿង​ការពារ​សន្តិសុខ​នេះ​បន្ទាប់ពី​ពួកគេ​ចាប់ផ្ដើម​ជ្រួលច្របល់​ដោយសារ​ការសន្យា​របស់​លោក​ផ្ទាល់ កាលពី​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​។ លោក ត្រាំ ធ្លាប់​គំរាម​យក​អាមេរិក​ចេញពី​សម្ព័ន្ធ​យោធា​ណា​តូ បើ​សមាជិក​ណា​តូ​មិន​ព្រម​បង្កើន​ថ្លៃ​ចំណាយ​ឲ្យ​បាន​២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន ហើយ​លោក​ក៏​ធ្វើ​ឲ្យ​ក្រុង​តូ​ក្យូ​បារម្ភ ជុំវិញ​ការ​គំរាម​ដកទ័ព​អាមេរិក​ចេញពី​ទឹកដី​ជប៉ុន​ដែរ​។​

​រឿង​ថ្លៃ​ចំណាយ ឬក៏​អាច​ហៅថា​ថ្លៃ​ការពារ គឺជា​រឿង​រសើប​របស់​រដ្ឋបាល​ប្រធានាធិបតី ត្រាំ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ហើយ​វា​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​តួនាទី​អាមេរិក​លើ​ពិភពលោក​។ មន្ត្រីជាន់ខ្ពស់​អាមេរិក​ខ្លះ​ដូចជា​អនុ​ប្រធានាធិបតី Mike Pence និង​ប្រមុខ​ការពារជាតិ James Mattis  ដែល​ឈាន​ជើង​ទស្សនកិច្ច​តាម​ប្រទេស​មាន​កងទ័ព​អាមេរិក​ដូចជា​ជប៉ុន និង​អឺរ៉ុប​ជាដើម តែងតែ​លើកឡើង​ចំណុច​នេះ​មិនដែល​ភ្លេច​ឡើយ លាយឡំ​ដោយ​ការប្ដេជ្ញាចិត្ត និង​សារ​គំរាម​ឈប់​គាំទ្រ​ទៅជា​មួយ​ផង​។​

​នៅ​តំបន់​អឺរ៉ុប រដ្ឋមន្ត្រី​ការពារជាតិ Mattis បាន​ប្រាប់​សមាជិក​ណា​តូ​ថា សម្ព័ន្ធ​យោធា​មួយ​នេះ មិនទាន់​ហួស​សម័យ​ឡើយ ហើយ​អាមេរិក​នៅតែមាន​ប្ដេជ្ញាចិត្ត​ខ្ពស់​ចំពោះ​អង្គការ​មួយ​នេះ​។ ឯ​លោក Pence វិញ ក៏​ផ្ដល់​ទំនុកចិត្ត​ដែរ​ថា អាមេរិក នឹង​ជួយ​អឺរ៉ុប​ក្នុង​សំណុំរឿង​នៅ​អ៊ុយ​ក្រែ​ន​ប្រឆាំង​រុស្ស៊ី​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ទាំ​ង​២​នេះ ក៏​មិន​ភ្លេច​លើក​រឿង​ចំណាយ​ដែរ ដោយ​ពួកគេ​ប្រាប់​សមាជិក​ណា​តូ​ធ្វើតាម​សន្យា​បង្កើន​ថ្លៃ​ចំណាយ ដ្បិត​ប្រជាជន​អាមេរិក​មិនអាច​ស៊ូទ្រាំ​រហូត​ឡើយ​។​

​ជាការ​ពិត រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ នឹងមិន​បោះបង់​សម្ព័ន្ធមិត្ត​ជាច្រើន​របស់ខ្លួន​ឡើយ តែ​លោក​ក៏​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​របស់​អាមេរិក ជួយ​រម្លែក​អ​ម្រែ​ក​ហិរញ្ញវត្ថុ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។ ជាមួយនឹង​ការសន្យា​ជួយ​ការពារ​ផង និង​និយាយ​គំរាម​ផង លោក ត្រាំ បញ្ជាក់ថា​៖ «​យើង​រំពឹង​ដៃគូ​របស់​យើង មិន​ថា​នៅ​ណា​តូ​, មជ្ឈិមបូព៌ា និង​តំបន់​ប៉ាស៊ីហ្វិក​ឡើយ នឹងចូលរួម​ដោយផ្ទាល់​ប្រកបដោយ​អត្ថន័យ​ក្នុង​ប្រតិបត្តិការ​យោធា ព្រមទាំង​ជួយ​បង់​វិភាគទាន​ផង​»៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  NATO
  អាមេរិក​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com