អន្តរជាតិ
ដូ​ណា​ល់ ត្រាំ គំរាម​ចាត់ការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ឆាប់ៗ​
02, Mar 2017 , 10:45 am        
រូបភាព
​ក្នុង​សុន្ទរកថា​ទៅកាន់សភា​ពេញអង្គ​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនបាន​និយាយ​អ្វី​ទាល់​សោះ​ទាក់ទង​សំណុំរឿង​កូរ៉េខាងជើង បើទោះជា​កន្លងមក​លោក​ធ្លាប់​និយាយ​ច្រើន​ក៏ដោយ​។ ប៉ុន្តែ​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន​មកពី​តាម​តំបន់​នានា​របស់​អាមេរិក​នៅ​ល្ងាច​ថ្ងៃ​ដដែល លោក ត្រាំ ក៏បាន​ហៅ​កូរ៉េខាងជើង ជា​គ្រោះថ្នាក់​សម្រាប់​ពិភពលោក និង​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​លឿន​បំផុត​។​


​បើទោះជា​កូរ៉េខាងជើង​មិនមែនជា​ប្រធានបទ​សំខាន់​ក្នុង​សុន្ទរកថា​ទៅកាន់​សភា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅតែ​ចាត់ទុក​កូរ៉េខាងជើង ជាការ​គំរាមកំហែង​មួយ​សម្រាប់​ពិភពលោក​។ ការសាកល្បង​មី​ស៊ី​ល​ថ្ងៃទី​១២ ខែកុម្ភៈ រឹតតែ​ធ្វើ​ឲ្យ​លោក ត្រាំ ទាស់ចិត្ត​ទង្វើ​ផ្គើន​ម្ដង​ហើយ​ម្ដងទៀត​របស់​កូរ៉េខាងជើង ដែល​ចចេស​រឹងរូស​មិន​ស្ដាប់​នរណា​ឡើយ​។ លោក ក៏​ធ្លាប់​ប្រកាសថា លោក​នឹង​ចាត់វិធានការ​ខ្លាំង​ប្រឆាំង​កូរ៉េខាងជើង​។​

​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន​មួយក្រុម ដែលជា​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅឯ​សេត​វិមាន ប្រធានាធិបតី​អាមេរិក​រូបនេះ និយាយថា កូរ៉េខាងជើង ជា​គ្រោះថ្នាក់​សម្រាប់​ពិភពលោក​។ លោក​បន្តថា ប្រទេស​នេះ នឹងត្រូវ​ចាត់ការ​ក្នុងពេល​ឆាប់ៗ​នេះ​មិន​ខាន​។ បើតាម​ការផ្សាយ​របស់​ទូរទស្សន៍​ក្នុងស្រុក WCPO-TV  លោក​មិនបាន​បញ្ជាក់​ច្បាស់​ពី​វិធាន​ការដែល​លោក​ត្រៀម​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ហើយក៏​មិនបាន​និយាយថា​ពេលណា​ដែរ​។​

​យ៉ាងណាមិញ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​សប្ដាហ៍​មុន លោក ត្រាំ បញ្ជាក់ថា លោក​ខឹង​ខ្លាំងណាស់ ក្រោយ​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​បំពាន​បម្រាម​អន្តរជាតិ​។ លោក​ចាត់ទុក​ស្ថានការណ៍​ពេលនេះ ជា​រឿង​គ្រោះថ្នាក់ ហើយ​លោក​ក៏​មិន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ដែរ គីម ជុង​អ៊ុន ដែរ ព្រោះ​វា​ហួសពេល​ទៅហើយ​។ 

​កន្លងមក លោក​ប្រធានាធិបតី ត្រាំ ក៏​ធ្លាប់​និយាយ​ច្រើនលើក​ដែរ​ជុំវិញ​សកម្មភាព​របស់​កូរ៉េខាងជើង ដែល​មិន​ស្ដាប់​ការណែនាំ​របស់​អន្តរជាតិ​ឡើយ ហើយ​ជារឿយៗ តែង​ធ្វើ​សកម្មភាព​ផ្គើន​ទៀតផង​។ លោក ធ្លាប់​ព្រមាន​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​ចំអក​ថា កូរ៉េខាងជើង​គ្មាន​ថ្ងៃ​ផលិត​មី​ស៊ី​ល​អន្តរទ្វីប​បាញ់​ដល់​ទឹកដី​អាមេរិក​ទៀតផង ហើយ​អាមេរិក​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មី​ស៊ី​លបាញ់​ដល់​ទឹកដី​ខ្លូន​ដែរ​។​

​ទាក់ទិន​ចំណាត់ការ​លើ​កូរ៉េខាងជើង​វិញ លោក ត្រាំ តែង​រិះគន់​ចិន ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​តែមួយគត់​របស់​កូរ៉េខាងជើង​។ ក្នុងនាម​ជា​បងធំ ក្រុង​ប៉េកាំង មិនបាន​ជួយ​អ្វី​ជា​ដុំកំភួន​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ទេ ហើយ​ពេលខ្លះ​ដើរតួ​ជា​ច្រក​ការទូត​ការពារ​ទៀតផង​។ ប្រធានាធិបតី​អាមេរិក បាន​និយាយថា បើ​ចិន​ពិត​ចង់​ជួយ​ដោះស្រាយ​វិបត្តិ​កូរ៉េខាងជើង វា​នឹង​ច្រកចេញ​មិន​ខាន ព្រោះ​ចិន​មាន​ឥទ្ធិពល​ខ្លាំង​លើ​កូរ៉េខាងជើង​៕   


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com