អន្តរជាតិ
បញ្ហា​សុខភាព​ផ្លូវចិត្ត​ជំរុញ​ឲ្យ​សហគមន៍​អាស៊ីអាគ្នេយ៍​ជួបពិភាក្សា​ជាមួយ​សមាជិក​ព្រឹទ្ធសភា
02, Mar 2017 , 7:39 pm        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​ ៖ នៅ​រដ្ឋ Connecticut ក្រុម​ពលរដ្ឋ​ជនជាតិភាគតិច​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ប្រមាណ​១០០​នាក់ នឹង​ជួបពិភាក្សា​ជាមួយនឹង​សមាជិក​រដ្ឋសភា​ម្នាក់​ប្រចាំ​រដ្ឋ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​សហគមន៍​នេះ​បាន​ឆ្លងកាត់​។ ការជួបពិភាក្សា​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​៤​ខាងមុខនេះ​។​


​បញ្ហា​សុខភាព​ផ្លូវចិត្ត​ត្រូវបាន​យកចិត្តទុកដាក់​កាន់តែខ្លាំង​ជាង​មុន​ដោយ​សភា​អាមេរិក​នាពេល​ថ្មី​នេះ បន្ទាប់ពី​លោក Chris Murphy សមាជិក​ព្រឹទ្ធសភា​ម្នាក់​ប្រចាំ​រដ្ឋ Connecticut មកពី​គណបក្ស​ប្រជាធិបតេយ្យ បានស្នើ​ឲ្យ​មានការ​តាក់តែង​ច្បាប់​មួយ​ស្តីអំពី​សុខភាព​ផ្លូវចិត្ត​។​

​សេចក្តីស្នើច្បាប់​នេះ​ដែលមាន​ឈ្មោះថា The 21st Century Cures Act ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ​។ សេចក្តីស្នើច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​មានការ​ចំណាយ​ថវិកាជាតិ​ចំនួន​១​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ដើម្បី​ជួយ​រដ្ឋាភិបាល​តាម​រដ្ឋ​លុបបំបាត់​ការ​ញៀនអាភៀន ហើយ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺផ្លូវចិត្ត​។​
​សមាជិក​ព្រឹទ្ធសភា​រូបនេះ នឹង​ជួបពិភាក្សា​ជាមួយនឹង​សហគមន៍​ពលរដ្ឋ​ជនជាតិភាគតិច​មកពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​នៅ​រដ្ឋ Connecticut នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែមីនា​ខាងមុខនេះ ដើម្បី​ពន្យល់​អំពី​សេចក្តីស្នើច្បាប់​នេះ និង​ដើម្បី​ស្វែងយល់​បន្ថែម​លើ​តម្រូវការ​របស់​ពលរ​ដ្ឋ​នៃ​សហគមន៍​អាស៊ីអាគ្នេយ៍​។​

​លោកស្រី Mary F. Scully ប្រធាន​គម្រោង​នៃ​សមាគម​គាំទ្រ​សុខភាព​ខ្មែរ នៅ​រដ្ឋ Connecticut ដែល​បានផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​អាស៊ីអាគ្នេយ៍​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ បាន​ឲ្យ​ដឹងថា គោលបំណង​សំខាន់​របស់​សហគមន៍​ក្នុងការ​ជួបពិភាក្សា​ជាមួយ​សមាជិក​ព្រឹទ្ធសភា​លោក Chris Murphy គឺ​ដើម្បី​សួរ​សំណួរ​ដ៏​សំខាន់​មួយ​ដែល​ផ្តោតលើ​ការខ្វះ​ការ​គាំពារ​ពី​រដ្ឋាភិបាល​ខាង​សុខភាព​ផ្លូវចិត្ត​របស់​សហគមន៍​ភាគតិច​នេះ​។​

​លោកស្រី​ថ្លែងថា​៖ «​‍​យើង​នឹង​ពិភាក្សា​ជាមួយ​លោក​ព្រឹទ្ធសភា​អំពី​ការខ្វះ​ទិន្នន័យ​ស្រាវជ្រាវ​ខាង​សុខភាព​ផ្លូវចិត្ត​នៃ​សហគមន៍​យើង​។ យើង​ត្រូវការ​អ្នកជំនាញ​ខាង​សុខភាព​នៅតាម​សហគមន៍​។ ហើយ​យើង​ត្រូវការ​សេវា​ភាសា​បកប្រែ​ប្រសើរ​ជាង​នេះ​។ យើង​ក៏​ចង់​សួរថា តើ​ថវិកា​ដែល​ទទួលបាន​ពី​ការស្នើច្បាប់​សុខភាព​ផ្លូវចិត្ត​នេះ​នឹង​មកដល់​សហគមន៍​រប​ស់​យើង​ដោយ​របៀប​ណា​»​។​

​លោកស្រី Mary Scully បាន​បន្ថែមទៀតថា សហគមន៍​ជនជាតិភាគតិច​ខ្មែរ ឡាវ និង​វៀតណាម​នៅ​សហរដ្ឋអាមេរិក ដែល​ភាគច្រើន​បាន​ឆ្លងកាត់​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ គឺជា​ក្រុមមនុស្ស​ដែលមាន​អត្រា​ជំងឺផ្លូវចិត្ត ជំងឺ​បាក់ស្បាត និង​ជំងឺ​តានតឹង​ផ្លូវចិត្ត​ខ្ពស់​ជាងគេ​បង្អស់​។ ក៏ប៉ុន្តែ សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត​ដែល​សហគមន៍​ភាគតិច​នេះ​ទទួលបាន​នៅមានកម្រិត​ទាប​បំផុត ដោយសារតែ​ខ្វះខាត​ថវិកា​ឧបត្ថម្ភ​ដល់​អង្គ​ការបម្រើ​សហគមន៍ និង​ការខ្វះ​ការយកចិត្តទុកដាក់​ខ្លាំង​ពី​អ្នកតាក់តែង​ច្បាប់​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​។​

​លោកស្រី​ថ្លែងថា​៖ «​‍​ដូច្នេះហើយ​មនុស្ស​ជាច្រើន​មិនអាច​ទទួលបាន​សេវា​សុខភាព​ផ្លូវចិត្ត​ដ៏​ល្អ ហើយ​អ្នកជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត​ក៏​មិន​ទទួលបាន​ប្រាក់​បៀរ​វត្សរ៍​ដែល​សមស្រប​សម្រាប់​ការងារ​ចម្បង​របស់​ពួកគេ​ដែរ​»​។​

​ទោះជា​យ៉ាងណាក្តី លោក Chris Murphy បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​ចំពោះមុខ​ព្រឹទ្ធសភា​នាពេល​កន្លងទៅ​ថា សេចក្តីស្នើច្បាប់​សុខភាព​ផ្លូវចិត្ត​នេះ នឹង​ពង្រឹង​ច្បាប់​សហព័ន្ធ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព​អាមេរិក ផ្តល់​សេវា​សុខភាព​ខាង​រូបរាងកាយ និង​សុខភាព​ផ្លូវចិត្ត​ឲ្យ​ស្មើភាព​គ្នា​។ លោក​ថា «​‍​ពលរដ្ឋ​នឹង​ទទួលបាន​ការថែទាំ​សុខភាព​បន្ថែមទៀត និង​កាន់តែ​ល្អ​ជាង​មុន​»​។​

​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ VOA បាន​រាយការណ៍​នាពេល​កន្លងទៅ​ថា បញ្ហា​សុខភាព​ផ្លូវចិត្ត​មាន​ពាក់ព័ន្ធ​គ្នា​នឹង​ជំងឺ​ខាង​សុខភាព​រូបរាងកាយ​។ បើ​ធៀប​នឹង​ពលរដ្ឋ​អាមេរិក​ទូទៅ ពលរដ្ឋ​ខែ្មរ​អាមេរិកាំង​អាចមាន​អត្រា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ទ្វេដង  មាន​អត្រា​ភាព​តានតឹង​ផ្លូវចិត្ត​ប្រាំ​ពីរដង និង​មាន​អត្រា​ជំងឺ​បាក់ស្បាត​១៥​ដង​ខ្ពស់ជាង​ពលរដ្ឋ​អាមេរិកាំង​ទូទៅ​។​

​តាមរយៈ​ការជួបពិភាក្សា​ជាមួយនឹង​លោក​សមាជិក​ព្រឹទ្ធសភា Chris Murphy នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ លោកស្រី Mary Scully ដែលជា​អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត​ម្នាក់​នៅក្នុង​សហគមន៍ សង្ឃឹមថា នឹងមាន​ការផ្តល់​ថវិកា​ឧបត្ថម្ភ​ដល់​អង្គការ​សុខភាព​តាម​សហគមន៍ និង​ដល់​អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត​ប្រសើរ​ជាង​នេះ ជាពិសេស​ដល់​សហគម​ន៍​ជនជាតិភាគតិច​អាស៊ីអាគ្នេយ៍​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com