អន្តរជាតិ
ជប៉ុន​នឹង​ប្រាប់​រដ្ឋបាល ត្រាំ កុំ​រំលោភ​បទបញ្ញត្តិ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រឿង​ដំឡើង​ពន្ធ​
02, Mar 2017 , 2:38 pm        
រូបភាព
​ទីប្រឹក្សានាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ  បញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ប្រាប់​រដ្ឋបាល​អាមេរិក​ឡើងវិញ​ឲ្យ​គោរព​បទបញ្ញត្តិ​នានា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅពេល​ខាងមុខ​ក្នុងពេល​ជជែក​គ្នា​ពី​បញ្ហា​សេដ្ឋកិច្ច​។  ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ជប៉ុន​នេះ​ធ្វើឡើង​ស្របពេល​ដែល​ជប៉ុន​ត្រៀម​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ឡើងវិញ​​។


​ទំនាក់ទំនង​រវាង​ជប៉ុន​និង​អាមេរិក ហាក់​ប្រសើរឡើង​បន្តិច​ក្រោយ​ពេលដែល ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ កាលពី​ខែ​មុន​។ ប៉ុន្តែ​ប្រទេស​ទាំងពីរ​មិនទាន់​ចាប់ផ្តើម​ជជែក​គ្នា​ជាថ្មី​ពី​បញ្ហា​សេដ្ឋកិច្ច​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នៅឡើយ​ទេ​។ ប៉ុន្តែ​បំណង​ដំឡើង​កម្រិត​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ក្រៅ​របស់​រដ្ឋបាល​លោក ត្រាំ នៅតែ​ជា​រឿងចម្រូងចម្រាស​។​

​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន  Yasutoshi Nishimura បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​ការ​គោលបំណង​ដំឡើង​ពន្ធ​សម្រាប់​ទំនិញ​នាំចូល​នោះ រដ្ឋាភិបាល​ជប៉ុន​នឹង​ប្រាប់​រដ្ឋបាល​អាមេរិក​ឲ្យ​បន្ត​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​បទ​ប​ញ្ញ​តិ្ត​នានា​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​បាន​បន្តថា ជប៉ុន​មិន​ចង់ឃើញ​អាមេរិក​បំពាន​បទបញ្ញត្តិ​អង្គការ​អន្តរជាតិ​នេះ​ដោយ​បង្កើត​របាំង​ពន្ធ​តាម​ព្រំដែន​សម្រាប់​ទិញ​នាំចូល​នោះដែរ​។​

«​យើង​មិន​ចង់បាន​ការបង្កើត​ពន្ធ​តាម​ព្រំដែន​ដែល​បំពារបំពាន​បទបញ្ញត្តិ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ធ្វើយ៉ាងណា​លើកស្ទួយ​ការនាំចេញ​របស់ខ្លួន​ឡើយ​។ គោលជំហរ​របស់​យើង​គឺ ការគោរព​បទបញ្ញត្តិ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​កិច្ចព្រមព្រៀង​ពហុភាគី​ជា​រឿង​សំខាន់ ហើយ​យើង​ចង់​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​ជឿ​បញ្ហា​នេះ​»​។

​ប៉ុន្តែ​ជប៉ុន​នឹង​លើកឡើង​ពី​បញ្ហា​នេះ នៅពេលដែល​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ចាប់​ផ្តើមឡើង​ប៉ុណ្ណោះ​។ បើតាម​មន្ត្រីជាន់ខ្ពស់​រូបនេះ ការចរចា​រវាង​ជប៉ុន​និង​អាមេរិក​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​មិនទាន់​ត្រូវបាន​រៀបចំឡើង​នៅឡើយ​ទេ ព្រោះតែ​ក្រុង​វ៉ាស៊ីនតោន​កំពុង​ផ្តោត​សំខាន់​លើ​តែ​ការចរចា​ឡើងវិញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាមេរិក​ខាងជើង​ប៉ុណ្ណោះ​។

​ចាប់តាំងពី​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​បណ្តា​តំណាងរាស្ត្រ​ជប៉ុន​បារម្ភ​កាន់តែខ្លាំង​ព្រោះ​លោក ដូ​ណា​ល់ ត្រាំ និយាយ​ឥត​ដាច់ រឿង​អនុវត្ត​គោលនយោបាយ​គាំពារ​និយម​និង​ដំឡើង​ពន្ធ​ឲ្យ​ខ្ពស់​។ ហើយ ត្រាំ បាន​រិះគន់​ការ​នាំចូល​រថយន្ត​រប​ស់ជ​ប៉ុន​ចូល​អាមេរិក​ថែមទៀត​ផង ក្រោយពេល​លោក​ស្បថ​ចូលកាន់​តំណែង​។​

​ប៉ុន្តែ​ក្រោយមក​លោក​បាន​ព្យាយាម​បន្ធូរបន្ថយ​ពាក្យសម្តី​របស់ខ្លួន​វិញ​ពាក់ព័ន្ធ​ក្រុមហ៊ុន​ជប៉ុន ក្រោយ​ពេលដែល​លោក​ជួប​ជាមួយ​លោក ស៊ី​ហ្សូ អា​បេ ដើមខែ​កុម្ភៈ​។  ជប៉ុន​សង្ឃឹម​យ៉ាង​មុតមាំ​ថា របប​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​នឹង​យល់ច្បាស់​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​ពាណិជ្ជ​រវាង​ជប៉ុន​និង​អាមេរិក ក៏ដូចជា​ចំណង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេងទៀត​ដែរ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​លោក ដូ​ណា​ល់ ត្រាំ ហាក់បីដូចជា​កាន់តែ​យល់ច្បាស់​ថា អាមេរិក​មិនអាច​បោះបង់ចោល​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសក្រៅ​ដោយ​អនុវត្ត​គោលនយោបាយ​គាំពា​និយម​រហូត​ឡើយ​។ ដូច​ឃើញស្រាប់ លោក​បានលើកឡើង​ក្នុងពេល​ផ្តល់​សុន្ទរកថា​ទៅកាន់​សភា​ទាំងពីរ​ជាន់​ថា លោក​ជឿជាក់​លើ​ពាណិជ្ជកម្ម​សេរី ប៉ុន្តែ​លោក​ត្រូវការ​ពាណិជ្ជកម្ម​ដែលមាន​យុត្តិធម៌​ត្រឹមត្រូវ​។  ត្រឹមត្រូវ​យុត្តិធម៌​កម្រិតណា​នោះ គេ​ក៏​មិនទាន់​អាច​វាយតម្លៃ​បានជា​មុន​ដែរ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ស៊ី​ហ្សូ អា​បេ​
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com