អន្តរជាតិ
ដូ​ណា​ល់ ត្រាំ លើក​ពេល​ទស្សនកិច្ច​នៅ​អង់គ្លេស ព្រោះ​ខ្លាច​បាតុកម្ម​
02, Mar 2017 , 8:39 pm        
រូបភាព
​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​អង់គ្លេសដែល​គ្រោង​ធ្វើ​នៅ​ខែមិថុនា​ឆ្នាំ​២០១៧ ត្រូវ​ពន្យារពេល​ទៅ​ខែតុលា​វិញ ដើម្បី​ចៀសវាងការ​កើតមាន​បាតុកម្ម​ប្រឆាំង​ពី​សំណាក់​ប្រជាជន​អង់គ្លេសប្រឆាំងរូបលោក។ ប្រជាជន​អង់គ្លេស​មិន​ពេញចិត្ត​នយោបាយ​ហាមឃាត់​ការធ្វើដំណើរ​របស់​ជន​មូស្លីម​របស់លោក ដូណាល់ ​ត្រាំ ឡើយ​។ មិន​ត្រឹម​ធ្វើបាតុកម្ម​ឡើយ ប្រជាជន​អង់គ្លេស​ភាគច្រើន ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​នាយក​ដ្ឋ​មន្ត្រី Theresa May លុបចោល​ទស្សនកិច្ច​នេះ​ទៅទៀត​។​


​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​Theresa May បាន​ឯកភាពគ្នា​ពន្យារពេល​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ទៅកាន់​ចក្រភព​អង់គ្លេស ដ្បិត​លោក ត្រាំ បារម្ភ​ថាចលនា​បាតុកម្ម​ទ្រង់ទ្រាយធំប្រឆាំង​រូបលោកអាចកើតមាន​។ លោក​ប្រធានាធិបតី​អាមេរិក បានបង្ហាញ​ការភ័យព្រួយ​ដូចនេះ ក្នុងការ​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោកស្រី Theresa May កាលពី​២​សប្ដាហ៍​មុន​។ ទស្សនកិច្ច​នេះ ទំនងជា​លើក​ពេលទៅដល់​ខែតុលា​ឯណោះ​។​

​ទស្សនកិច្ច​លើកដំបូង​របស់លោក ត្រាំ ទៅកាន់​អង់គ្លេស ធ្វើឡើង​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី May ក្នុង​ព្រះនាម​មហាក្សត្រី​យ៍ Elizabeth II ។ ប៉ុន្តែ​គម្រោង​ទស្សនកិច្ច​នេះ ប្រ​ឈុម​មុខ​បញ្ហា​ចម្រូងចម្រាស ដោយសារ​បទបញ្ជា​ហាមឃាត់​លំហូរ​ជន​មូស្លីម​របស់លោក ត្រាំ ផ្ទាល់​។ ប្រជាជន​អង់គ្លេស​រាប់លាន​នាក់ ធ្វើ​ញត្តិ​ដាក់​សភា​ដើម្បី​លុបចោល​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ ប៉ុន្តែ​ទំនងជា​មិនអាច​ទប់ស្កាត់​ទស្សនកិច្ច​សម្ព័ន្ធមិត្ត​យូរអង្វែង​បានឡើយ​។​

​បើតាម​សារព័ត៌មាន The Sun ទស្សនកិច្ច​របស់លោក ត្រាំ អាច​នឹងធ្វើ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែតុលា​។ ជំនួស​មកវិញ រាជវង្ស​អេ​ស្ប៉ា​ញ នឹងធ្វើ​ទស្សនកិច្ច​នៅ​កាលបរិច្ឆេទ​គ្រោងទុក​ដំបូង​របស់លោក ត្រាំ ។ កាលបរិច្ឆេទ​ថ្មី​នេះ​នៃ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក នឹងធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​កិច្ចប្រជុំ​គណបក្ស​អភិរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី May ។​

​ម្យ៉ាងវិញទៀត អំឡុងពេល​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី ត្រាំ ក៏​ទំនងជា​មិនអាច​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​អង់គ្លេស​ដែរ ព្រោះ​ចំពេល​សភា​សម្រាក​។ អាច​និយាយបានថា នេះ​ក៏​ជា​សំណាង​មួយ​ដែរ ដ្បិត​ប្រធានសភា​អង់គ្លេស​ធ្លាប់​ប្រកាស​មុន​ហើយ​ថា លោក​មិន​ចង់​ឲ្យ​ប្រធានាធិបតី​អាមេរិក មក​និយាយ​ក្នុ​សភា​ឡើយ​។ ចំណែក​មូលហេតុ គឺ​គ្មានអ្វី​ក្រៅពី​នយោបាយ​លោក ត្រាំ សំដៅ​ហាមឃាត់​លំហូរ​ជនអន្តោប្រវេសន៍ ជាពិសេស​ជន​មូស្លីម​ឡើយ​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អង់គ្លេស​និយាយថា លោក​ប្រធានាធិបតី ត្រាំ ពិតជា​ចង់​មក​អង់គ្លេស​ក្នុងឆ្នាំនេះ តែ​លោក​ចង់​ឲ្យ​កម្ដៅ​ប្រឆាំង​រូបលោក ចុះ​ត្រជាក់​បន្តិច​សិន ហើយ​សេត​វិមាន​ក៏​មិន​ចង់​បង្ករឿង​ថែមទៀត​ដែរ​។ ពេលនេះ រដ្ឋាភិបាល​អាមេរិក កំពុង​ព្រាង​បទបញ្ជា​ថ្មី​ដើម្បី​ហាមឃាត់​ជនអន្តោប្រវេសន៍ ហើយ​បញ្ជា​ថ្មី​នេះ នឹង​ដកចេញ​ចំណុច​ចម្រូងចម្រាស​ច្រើន​ដែល​រង​ការរិះគន់​ខ្លាំង ដើម្បី​សម្រួលការ​ខឹងសម្បា​រនា​ពេលកន្លងមក​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Theresa May
  អាមេរិក​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com