អន្តរជាតិ
រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក អាច​អស់តំណែង ព្រោះ​កុហក​ព្រឹទ្ធសភា​រឿង​ជួប​មន្ត្រី​រុស្ស៊ី​
02, Mar 2017 , 9:19 pm        
រូបភាព
​ក្រោយ​លោក Michael Flynn លាលែង​តំណែង​ដោយសារ​និយាយ​ទូរ​សព្ទ​ជាមួយ​ទូត​រុស្ស៊ី សមាជិក​គណៈរដ្ឋមន្ត្រី ដូ​ណា​ល់ ត្រាំ ម្នាក់ទៀត​កំពុង​ដើរ​លើផ្លូវ​ទៅរក​ការ​អស់តំណែង​ដូចគ្នា​។ លោក Jeff Sessions ជា​រដ្ឋមន្ត្រី​យុត្តិធម៌ កំពុង​រង​សម្ពាធ​ឲ្យ​ចុះ​ចេញពី​តំណែង ក្រោយ​លេច​ធ្លាយ​ព័ត៌មាន​ថា​លោក​មិនបាន​ប្រាប់​ព្រឹទ្ធសភា​រឿង​ជួបគ្នា​ជាមួយ​ទូត​រុស្ស៊ី​២​ដង មុនពេល​លោក ត្រាំ ចូលកាន់​តំណែង​។ ប៉ុន្តែ​លោក​បដិសេធ​ព័ត៌មាន​នេះ និង​អះអាងថា លោក​មិនដែល​ជួប​មន្ត្រី​រុស្ស៊ី​ឡើយ​។


​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ បានទាមទារ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌ Jeff Sessions លាលែង​ពី​តំណែង ដ្បិត​លោក​កុហក​ព្រឹទ្ធសភា​រឿង​ជួប​មន្ត្រី​ទូត​រុស្ស៊ី កាលពី​មុនពេល​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ទៅទៀត​។ រឿងរ៉ាវ​នេះ បែកធ្លាយ​បន្ទាប់ពី​សារព័ត៌មាន The Washington Post ចេញផ្សាយ​ពី​ជំនួប​រវាង​លោក Sessions និង​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាមេរិក​រហូតដល់​ទៅ​២​ដង ប៉ុន្តែ​លោក​មិនបាន​ប្រាប់​រឿងនេះ​ទៅកាន់​ព្រឹទ្ធសភា​ឡើយ​។​

​ដោយ​ស្រង់​ប្រភពពី​មន្ត្រី​ក្រសួងយុត្តិធម៌ សារព័ត៌មាន​ដដែល​នេះ​ផ្សាយ​ថា លោក Sessions បាន​ជួប​ទូត​រុស្ស៊ី​២​ដង ដែល​ពេលនោះ​លោក​នៅ​ជា​សមាជិក​ព្រឹទ្ធសភា​នៅឡើយ​។ យ៉ាងណាក្ដី លោក​មិនបាន​ប្រាប់​រឿងនេះ​ទៅកាន់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ដើម្បី​ទទួលស្គាល់​បេក្ខភាព​របស់លោក​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ឡើយ បើទោះជា​ពេលនោះ​កិច្ចប្រជុំ​បាន​សួរ​លោក​ថា លោក​បានដឹង​ពី​ទំនាក់ទំនង​រវាង​ក្រុមការងារ​លោក ត្រាំ និង​រុស្ស៊ី​ក្ដី​។​

​លោកស្រី Nancy Pelosi ប្រធាន​ក្រុម​ភាគតិចបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា បានស្នើ​ឲ្យ​លោក Sessions ចុះចេញ និង​បង្កើត​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ដើម្បី​ស្វែងរក​ការពិត​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​បាល​លោក ត្រាំ និង​រុស្ស៊ី​។ ការនិយាយ​តាម​ទូរ​សព្ទ​របស់លោក Flynn និង​ជំនួប​រវាង​លោក Sessions ជាមួយ​ទូត​រុស្ស៊ី​ពេលនេះ រឹតតែ​ធ្វើ​ឲ្យ​គេ​កាន់តែ​សង្ស័យថា រុស្ស៊ី​ពិតជា​លូកដៃ​ចូល​កិច្ចការ​អាមេរិក​មែន ហើយ​លទ្ធភាព​នៃ​ការបើក​ការស៊ើបអង្កេត​លើ​រឿងនេះ ក៏​កើនឡើង​ខ្ពស់​ដែរ​។​

​ក្រុម​ប្រជាធិបតេយ្យ នឹង​ឆ្លៀតឱកាស​នេះ​ស្នើ​បង្កើត​ក្រុម​ស៊ើបអង្កេត​ពិសេស​ដើម្បី​រក​ការពិត​នៃ​ការ​លូកដៃ​របស់​រុស្ស៊ី​ចូល​ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ ។ ប៉ុន្តែ លោក Sessions មិន​យល់ស្រប​លើ​ការលើកឡើង​នេះឡើយ​។ ជា​រដ្ឋមន្ត្រី​យុត្តិធម៌ លោក Sessions មានអំណាច​គ្រប់គ្រង​ទី​ភ្នា​ក់​ចារកម្ម​កណ្ដាល CIA ដែល​លេច​មុខមាត់​ខ្លាំង​ក្នុងការ​ស៊ើបអង្កេត​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​បណ្ដា​មនុស្ស​សំខាន់​របស់លោក ត្រាំ ហើយ​លោក​ទំនងជា​ប្រើ​សិទ្ធិ​របស់លោក ដើម្បី​បង្អាក់​ការ​ស៊ើប​នេះដែរ​។​

​លោក Sessions បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​រុស្ស៊ី​២​លើក​ក្នុង​ខែកក្កដា និង​កញ្ញា ឆ្នាំមុន ហើយ​ពេលនោះ​លោក​ជា​សមាជិក​គណៈកម្មាធិកា​រ​ព្រឹទ្ធសភា​ទទួលបន្ទុក​យោធា​។ លោក ក៏​ជាទី​ប្រឹក្សា​របស់ លោក ត្រាំ លើ​កិច្ចការ​ការបរទេស និង​ជា​អ្នកគាំទ្រ​ជំនិត​ម្នាក់​របស់លោក ត្រាំ ចាប់តាំងពី​លោក​ឈាន​ជើង​ចូល​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​មក​។ ប៉ុន្តែ​លោក Sessions នៅតែ​អះអាងថា លោក​មិន ដែល​ជាប់​ពាក់ព័ន្ធ ឬ​ជួប​ទូត​រុស្ស៊ី​ឡើយ និង​ចាត់ទុក​ការចោទប្រកាន់​នេះ ជា​រឿង មិន​ពិត ទាល់តែសោះ​៕


Tag:
 អាមេរិក​
  Jeff Sessions
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com