អន្តរជាតិ
រដ្ឋមន្ត្រី​អប់រំ​សំ​ប៊ី​៖ និស្សិត​ស្រី​គួរ​ឈប់​ធ្វើ​ម្ហូប​ផ្គាប់ចិត្ត​មិត្ត​ប្រុស​ខ្លួន ត្រូវយក​ពេល​រៀនសូត្រ​វិញ​
03, Mar 2017 , 8:59 am        
រូបភាព
អ្នក​ស្រី Nkundu Luo (អាវក្រហម) រដ្ឋមន្ត្រី​ក្រសួងអប់រំសំប៊ី
អ្នក​ស្រី Nkundu Luo (អាវក្រហម) រដ្ឋមន្ត្រី​ក្រសួងអប់រំសំប៊ី
ដោយ: ធីតា
​រដ្ឋមន្ត្រីក្រសួង​អប់រំ​របស់​ប្រទេស​សំ​ប៊ី  ខកចិត្ត​យ៉ាងខ្លាំង នៅពេលដែល​អ្នកស្រី​ដឹងថា និស្សិត​ស្រី​មួយចំនួន​បាន​ចំណាយ​ពេលវេលា​លើសពី​ការសិក្សា ដោយ​ពួកគេ​ចូលចិត្ត​ធ្វើ​ម្ហូបអាហារ​ដើម្បី​ផ្គាប់ចិត្ត​សង្សារ​របស់​ខ្លួ​កាន​។ សម្រាប់​លោកស្រី Nkundu Luo វា​ជាការ​ចំណាយពេល​ឥតប្រយោជន៍​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Lusaka Times របស់​សំ​ប៊ី​។​


​ការខិតខំ​ធ្វើ​ម្ហូបអាហារ​ដើម្បី​ផ្គាប់ចិត្ត​សង្សារ មិនមែនជា​រឿង​ដែល​គួរ​ឲ្យ​ស្ងើចសរសើរ និង​លើកទឹកចិត្ត​នោះឡើយ​។ លោកស្រី Nkundu Luo រដ្ឋមន្ត្រីក្រសួង​អប់រំ​សំ​ប៊ី បាន​ដាស់តឿន​និស្សិត​ស្រីៗ ឲ្យ​ផ្តោតទៅលើ​ការរៀនសូត្រ​ឲ្យ​បាន​ដិតដល់​បំផុត​។

​កាលពីពេល​ថ្មីៗ​នេះ លោកស្រី Nkundu Luo ដែលជា​អតីត​សាស្ត្រាចារ្យ​ម្នាក់​ផងដែរ​នោះ បាន​សម្តែង​ការរីករាយ​ដោយបាន​មើលឃើញ និស្សិត​នារី​មួយចំនួន​នៅ​សាកលវិទ្យាល័យ Kwame Kkrumah ក្នុង​ក្រុង Kabwe ខិតខំ​រៀនសូត្រ​នៅក្នុង​បណ្ណាល័យ ខុសពី​និស្សិត​ស្រី​មួយចំនួនទៀត​ដែល​គិតគូរ​តែ​រក​វិធី​ផ្គាប់ចិត្ត​សង្សារ​របស់ខ្លួន​។​

​អ្នកស្រី Luo បាន​អប់រំ​ជាទូទៅ​ថា​៖ «​អ្វីដែល​ខ្ញុំ​ដឹង អ្នក​មក​សាលា​គឺ​ដើម្បី​រៀនសូត្រ មិន​ដើម្បី​ចំអិនម្ហូប​អាហារ​នោះឡើយ​។ អ្នក​ដែល​កំពុង​ធ្វើ​សកម្មភាព​បែបនេះ ត្រូវតែ​ឈប់​ភ្លាមៗ​»​។ អ្នកស្រី​បាន​ព្រមាន​ផងដែរ​ដល់​និស្សិត​ប្រុសៗ​ដែល​ចូលចិត្ត​ឲ្យ​សង្សារ​របស់ខ្លួន​ចំអិនម្ហូប​អាហារ​។​

​អ្នកស្រី​រដ្ឋមន្ត្រី​អប់រំ​សំ​ប៊ី បាន​បន្ថែមថា សិស្ស​ដែល​ឆ្នើម ត្រូវ​ធ្វើការ​យ៉ាង​ជិតដិត​ជាមួយ​គ្រូបង្រៀន មិនមែន​សង្សារ​នោះឡើយ​។ ជាមួយគ្នានេះ អ្នកស្រី​បានផ្តល់​លេខ​ទូរ​សព្ទ​របស់ខ្លួន និង​មន្ត្រី​ខ្លួន ដើម្បី​ឲ្យ​សិស្ស​ទាក់ទង​នៅពេលដែល​ពួកគេ​មាន​បញ្ហា​៕


Tag:
 អប់រំ​
  សំ​ប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com