អន្តរជាតិ
​សម្ព័ន្ធ​អារ៉ាប់​ត្រៀម​ទទួល លោក អាសាដ ជា​មេដឹកនាំ​ស្របច្បាប់​វិញ​?
03, Mar 2017 , 9:39 am        
រូបភាព
​របាយការណ៍​ចារកម្ម​អ៊ីស្រាអែល​បាន​បង្ហាញថា មេដឹកនាំ​ប្រទេស​បី​កំពុង​ប្រឹងប្រែង​ឆ្ការដៃឆ្ការជើង​ជួយ លោក បា​សា អាល់​អាសាដ ឲ្យ​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​អារ៉ាប់​ឡើងវិញ ក្រោយ​លោក​ត្រូវគេ​បណ្តេញចេញ​អស់​៥​ឆ្នាំ​ហើយ​នោះ​។  បើសិនជា លោក អាសាដ អាច​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធ​អារ៉ាប់​មែន​នៅពេល​ខាងមុខ វា​បញ្ជាក់​ច្បាស់​ថា លោក​ទទួលបាន​ភាពស្រប​ច្បាប់​វិញ​ហើយ​។​


​ក្រោយ​សង្គ្រាម​ស៊ី​រី​ផ្ទុះឡើង ប្រធានាធិបតី បា​សា អាល់​អាសាដ ត្រូវបាន​គេ​ចាត់ទុកជា​មេដឹកនាំ​ដែល​ខ្វះ​ភាពស្របច្បាប់ ហើយ​លោក​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ប្លុក​តំបន់​ដូចជា​សម្ព័ន្ធ​អារ៉ាប់​ថែមទៀត​។ ប៉ុន្តែ​បរិយាកាស​នយោបាយ​ស៊ី​រី​ផ្លាស់ប្តូរ លោក អាសាដ ទំនងជា​នឹង​ត្រូវគេ​អញ្ជើញ​ឲ្យ​ចូល​ក្រុម​វិញ​ថែមទៀត​។​

​សារព័ត៌មាន​រុស្ស៊ី Sputnik បាន​ស្រង់​របាយការណ៍​ចារកម្ម​យោធា​អ៊ីស្រាអែល ថា ប្រមុខរដ្ឋ​ប្រទេស​បី បាន​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​ប្រទេស​សមាជិក​សម្ព័ន្ធ​អារ៉ាប់​ទទួលយក​ប្រធានាធិបតី បា​សា អាល់ អាសាដ​។

​មេដឹកនាំ​ទាំងនោះ​មានដូចជា ប្រធានាធិបតី​អេ​ហ្ស៊ី​ប Abdel-Fattah el-Sisi, មហាក្សត្រ​ហ្សកដានី ព្រះ​ចៅ Abdullah ទី​២ និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។ មេដឹកនាំ​ទាំងបី​រូបនេះ​ចង់ឃើញ​វត្តមាន​របស់លោក អាសាដ នៅក្នុង​កិច្ចប្រជុំ​សម្ព័ន្ធ​អារ៉ាប់​ឡើងវិញ ជាពិសេស​ការចាប់​ដៃរ​វាង​ប្រមុខរដ្ឋ​និង​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​ស៊ី​រី និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន សភា​អេ​ហ្ស៊ី​ប​បានអនុម័ត​ការសម្រេច​មួយ​ដែល​ទទួលយក​ប្រធានាធិបតី អាសាដ ជា​សមាជិក​សម្ព័ន្ធ​អារ៉ាប់​ពេញសិទ្ធិ​ឡើងវិញ​។ សភា​អេ​ហ្ស៊ី​ប​នេះ​ក៏បាន​អញ្ជើញលោក អាសាដ ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សម្ព័ន្ធ​អារ៉ាប់ ដែល​នឹងត្រូវ​រៀបចំ ឡើង​នៅ​ថ្ងៃ ២៩ ខែមីនា​ខាងមុខ​នៅ​ប្រទេស​ហ្សកដានី​ផង​។​

​ចំណែក​រុស្ស៊ី​ឯណោះ​វិញ បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​សមាជិក​សម្ព័ន្ធ​អារ៉ាប់​ទទួល​លោក អាសាដ​ជា​សមាជិក​សម្ព័ន្ធ​នេះ​ឡើងវិញ​ដូចគ្នា​។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ទទូច​សុំ​ទៅកាន់​សមាជិក​សម្ព័ន្ធ​អារ៉ាប់​ពាក់ព័ន្ធ​ការបញ្ចូល​លោក អាសាដ ក្នុង​វេទិកា​កិច្ចប្រជុំ​នេះ​ឡើងវិញ ហើយ​លោក​បញ្ជាក់​ប្រាប់ថា វា​មាន​សារៈសំខាន់​សម្រាប់​ការចរចា​សន្តិភាព​នៅ​ស៊ី​រី​ផងដែរ​។

​ប៉ុន្តែ​វា​នៅតែ​ជា​រឿង​ស្មុគស្មាញ​នៅឡើយ ព្រោះ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​កាតា ជា​ប្រទេស​ដែល​ចំណាយលុយ​ច្រ​លន​សន្ធឹកសន្ធាប់​ដើម្បី​ជួយ​គាំទ្រ​ក្រុម​ឧទ្ទាម​ស៊ី​រី ដើម្បី​ប្រយុទ្ធប្រឆាំង​របប​ដឹកនាំ​អាសាដ​។​ប៉ុន្តែ​បរាជ័យ​របស់​ក្រុម​ឧទ្ទាម ការគាំទ្រ​ពី​សំណាក់​រុស្ស៊ី និង​អ៊ីរ៉ង់​ចំពោះ​ស៊ី​រី ក៏ដូចជា​ការប្រែប្រួល​នៃ​បរិបទ​នយោបាយ​អាមេរិក​ធ្វើ​ឲ្យ របប​ដឹកនាំ​អាសាដ រឹងមាំ​ឡើងវិញ​។ ហើយ​ប្រទេស​គីឡូ​ធ្ងន់​ទាំងពីរ​ខាងលើ​មាន​កាតា​និង​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ហាក់​ព្យាយាម​ផ្លាស់ប្តូរ​គោលជំហរ​រប​ស់​ខ្លួន​ផងដែរ​។​

​បើតាម​ប្រភព​ចារកម្ម​អ៊ីស្រាអែល​ដដែល ក្រេ​ម​ឡាំង​បញ្ជា​ឲ្យ​ទាហាន​ខ្លួន​ប្រើប្រាស់​យន្តហោះ​យោធា​អមដំណើរ​លោក បា​សា អាល់​អាសាដ ពី​ស៊ី​រី​ទៅ​ហ្សកដានី​នៅពេល​ប្រជុំ​ខាងមុខ​។ ហើយ​មន្ត្រី​ចារកម្ម​និង​យោធា​រុស្ស៊ី រួមជាមួយ​មន្ត្រី​អេ​ហ្ស៊ី​ប អា​រ៉ា​ប៊ី​សា​អូឌីត ហ្សកដានី និង​ស៊ី​រី​ផ្ទាល់​កំពុង​សហការគ្នា​រៀបចំ​ដំណើរ​របស់លោក អាសាដ ទៅ​ចូលរួម​កម្មវិធី​ប្រជុំ​កំពូល​សម្ព័ន្ធ​អារ៉ាប់​នេះ​។

បើសិនជា​រុស្ស៊ី​សម្រេច​ជោគជ័យ​ក្នុងការ​ផ្សះផ្សា ទំនាក់ទំនង​ស៊ី​រី និង​ប្រទេស​ឈូង​សមុទ្រ​មែន​នោះ វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា រដ្ឋាភិបាល​ស៊ី​រី ទទួលបាន​ភាពស្របច្បាប់​ឡើងវិញ ហើយ​ការបញ្ចប់​ជម្លោះ​ស៊ី​រី​ក៏​ទំនងជា​អាច​កើតឡើង​ឆាប់​ដែរ​៕


Tag:
 សម្ព័ន្ធ​អារ៉ាប់​
  បា​សា អាល់​អាសាដ​
  ​ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com