អន្តរជាតិ
អវត្តមាន​អាមេរិក រុស្ស៊ី​កំពុង​គូស​ផែនទី​សន្តិភាព​ឲ្យ​ស៊ី​រី​តែឯង​?
02, Mar 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កិច្ចចរចា​សន្តិភាព​ស៊ី​រី​នៅ​ហ្សឺ​ណែវ​បន្តដំណើរ​ទៅមុខ​លើផ្លូវរ​ប៉ាក់រ​ប៉ើ​ក ទោះ​ភាគី​ពាក់ព័ន្ធ​មាន​សុទិដ្ឋិនិយម​ច្រើនក្តី​។ ក្រុមប្រឆាំង​លើក​នេះ​មិន​ដើរចេញ​ពី​តុ​ដូច​មុន​ឡើយ​ព្រោះ​គ្មាន​វត្តមាន​អាមេរិក​ជា​ខ្នងបង្អែក​ដូច​សព្វដង​។ ក្រុម​នេះ ជំទាស់​ដាច់​ណាត់ ពេល​ក្រុង​ដា​ម៉ាស ទាមទារ​ដាក់​ចំណុច «​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​»​នៅក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សា រួមជាមួយ​ការជជែក​ពី ដំណោះស្រាយ​នយោបាយ​នោះ​។  ប៉ុន្តែ​របប​ក្រេ​ម​ឡាំង​រួមជាមួយ​អង្គការសហប្រជាជាតិ​បន្ត​ជំរុញ​និង​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ស្រុះស្រួល​គ្នា​ដើម្បី​បង្កើត​បរិយាកាស​ល្អ​សម្រាប់​បន្ត​ជជែក​ពិភាក្សា​នៅ​ជុំ​ក្រោយ​ទៀត​។ ហើយ​អ្វីដែល​សំខាន់​តំណាង​រុស្ស៊ី​បានស្នើ​ឲ្យ​ក្រុមប្រឆាំង​បង្រួបបង្រួម​គ្នា​ទៅជា​ក្រុម​តែមួយ​សិន​ដើម្បី​ងាយស្រួល​អង្គុយ​ចរចា​។​


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​កិច្ចចរចា​ស្វែងរក​សន្តិភាព​សម្រាប់​ស៊ី​រី​នៅ​ក្រុង​ហ្សឺ​ណែវ​បាន​បន្ត​ទៅមុខ ដោយ​ក្រុមប្រឆាំង​មិន​ដើរ​ចេញពី​តុ​ចរចា​ដូចពេលមុន​ឡើយ​។ ការពិភាក្សា​លើក​នេះ វា​ខុសពី​វេទិកា​ចរចា​ក្រុង Astana កាលពី​ចុងខែ​មករា​កន្លង​(​ពង្រឹង​ការអនុវត្ត​បទ​ឈប់​បាញ់​) ទៅ ដោយ​ផ្តោត​សំខាន់​លើ​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់សង្គ្រាម​រាំ​រ៉ៃ ដែលមាន​អាយុកាល ៦​ឆ្នាំ​មកហើយ​។

​តាមពិតទៅ​ការពិភាក្សា​ដែល​កំពុង​រៀប​ឡើង​នាទី​ក្រុង​ហ្សឺ​ណែវ​ពេលនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កិច្ចចរចា​ក្រុង​ហ្សឺ​ណែវ​ជុំ​ទី ៤​។ ការចរចា​នេះ​ធ្វើឡើង​ក្រោម​អំណាច​នៃ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លេខ ២២៥៤​។ ដំណោះស្រាយ​នេះ​ក៏បាន​គូស​ផែនទី​សម្រាប់​ការបង្កើត​សម័យ​អន្តរកាល​នយោបាយ​ដែល​រួមបញ្ចូល​ផែនការ​បី​មាន បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​, ការរៀបចំ​ការបោះឆ្នោត​មួយ​ដែល​ត្រឹមត្រូវ​និង​មាន​តម្លាភាព​ដោយ​ស្ថិតក្រោម​ការជួយជ្រោមជ្រែង​ពី​អង្គការសហប្រជាជាតិ និង​បង្កើត​អភិបាលកិច្ច​មួយ​ដែលមាន​គណនេយ្យភាព​ខ្ពស់​។​
១.​ការចរចា​មាន​សញ្ញា​វិជ្ជមាន តែ​អាសាដ ទារ​បញ្ចូល​ការប្រឆាំង​ភេរវកម្ម​ក្នុង​របៀបវារៈ​

​ជា​សម្ព័ន្ធមិត្ត​របប​ដឹកនាំ​ស៊ី​រី រុស្ស៊ី​ប្រឹងប្រែង​ជំរុញ​ឲ្យ​ការចរចា​បន្តទៅ​មុខ ហើយ​មហាអំណាច​នេះ​ក៏​ប្រឹង​ដាក់​សម្ពាធ​ឲ្យ​ភាគី​ធ្វើ​សម្បទាន​ដើម្បី​សម្រេចបាន​ដំណោះស្រាយ​នយោបាយ​សមរម្យ​មួយ​។ ការស្វែងរក​សន្តិភាព​នៅតែ​ស្ថិតនៅ​លើផ្លូវ​វែងឆ្ងាយ និង​រដាក់រដុប ដ្បិត​គេ​មិនទាន់​ឃើញ​មានការ​ឯកភាពគ្នា​លើ​ចំណុច​ស្នូល​អ្វី​នៅឡើយ​ទេ​។ តំណាង​របប អាសាដ លើកឡើង​តែ​ពី​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម ខណៈដែល​ក្រុមប្រឆាំង​បន្ត​ទាមទារ​ឲ្យ​លោក បា​សា អាល់​អាសាដ ផ្ទេរអំណាច​សិន​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបោះឆ្នោត​។  ថ្វីបើ​លទ្ធផល​នៃ​ការចរចា​មិនទាន់​ត្រូវបាន​គេ​ដឹង​ក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​អះអាង ការចរចា​គ្នា​នេះ​មាន​ផ្លែផ្កា​ច្រើន ហើយ​ការចរចា​ជុំ​បន្ទាប់​នឹង​អាច​កំណត់​បាន​នៅពេល​ខាងមុខ​។

​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​លោក Staffan De Mistura ដើរតួ​ជា​អ្នកសម្របសម្រួល​នៅ​កណ្តាល​ដោយ​លោក​ត្រូវ​ទៅ​ជួប​ភាគី​ទាំងសងខាង​ដើម្បី​ពាំនាំ​សម្តី​។ លោក​មិនបាន​បកស្រាយ​ច្រើន​ឡើយ​ពាក់ព័ន្ធ​ដំណើរការ​ចរចា តែ​គេ​មើលឃើញថា ការចរចា​គ្នា​លើក​នេះ​ធ្វើទៅបាន​ស៊ីជម្រៅ​ជាង​មុន​។  តំណាង​ក្រុមប្រឆាំង Nasr al-Hariri ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា សញ្ញា​វិជ្ជមាន​គឺ ចំណុច​ស្នូល​កិច្ចពិភាក្សា​លើក​នេះ​ផ្តោត​សំខាន់​លើ​ដំណោះស្រាយ​នយោបាយ​។ 

​ប៉ុន្តែ​រឿងចម្រូងចម្រាស​នៅតែ​កើតមាន​បន្តបន្ទាប់ ឲ្យ​តែ​និយាយ​ដល់​រឿង​ផ្ទេរអំណាច​។ ក្រុម​អ្នកការទូត​លោកខាងលិច​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​នោះបាន​ទម្លាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា បេសកជន​អង្គការសហប្រជាជាតិ​ច​ង់​កំណត់​ចំណុច​ស្នូល​បី​ដែល​កំណត់​ក្នុង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ ក្នុង​របៀបវារៈ​នៃ​ការចរចា​បន្ទាប់​។ តែ​តំណាង​រដ្ឋាភិបាល​លោក អាសាដ  លោក Bashar al-Ja'afari  ទាមទារ​ដាក់បញ្ចូល​ប​ន្ថែ​មការ «​ប្រឆាំង​ភេរវកម្ម​» ក្នុង​របៀបវារៈ​នេះ​ផងដែរ​។

២.​រុស្ស៊ី​ប្រាប់​ក្រុមប្រឆាំង​ឲ្យ​បង្រួបបង្រួម​ក្រុម​តែមួយ​ដើម្បី​មាន​ជំហរ​រួមគ្នា​ស្រួល​ចរចា​

​ក្នុងការ​ចរចា​លើក​នេះ តំណាង​រុស្ស៊ី អនុរដ្ឋមន្ត្រី​ការបរទេស​លោក Gennady Gatilov  បាន​ជួប​ជាមួយ​ក្រុមប្រឆាំង «​គណៈកម្មការ​ចរចា​ជាន់ខ្ពស់​ស៊ី​រី​» (High Negotiations Committee នៅ​ដើម​សប្តាហ៍​នេះ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ការលំបាក​និង​ជំហរ​រួម​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS អ្នកការទូត​រុស្ស៊ី​រូបនេះ​បាន​បញ្ជាក់ថា កិច្ចសន្ទនា​នេះ​មាន​ផែ្ល​ផ្កា​ច្រើន ហើយ​រុស្ស៊ី​និង​តំណាង​ក្រុមប្រឆាំង​បាន​យល់​ច្រើន​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ​បន្ទាប់​ទៀត​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ដំណោះស្រាយ​នយោបាយ​ដូច​គ្រប់គ្នា​ចង់បាន​។ 

​មេដឹកនាំ​ក្រុមប្រឆាំង​ស៊ី​រី​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ខ្លួន​បាន​ពាំនាំ​រាល់​ការទាមទារ​ទាំងអស់រ​បស់​ក្រុមប្រឆាំង​ទៅ​ឲ្យ​រុស្ស៊ី​បានដឹង​ហើយ​។ ក្រុម​ឧទ្ទាម​នៅតែ​ស្នើ​ឲ្យ​ក្រុង​មូ​ស្គូ​ដែលមាន​ទឹក​មាន​ប្រៃ​ក្នុង​សំណុំរឿង​ស៊ី​រី​នេះ ជួយ​ធ្វើយ៉ាងណា​បញ្ចុះបញ្ចូល ឬ​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​ស៊ី​រី​ឲ្យ​ដាក់ចិត្ត​ដាក់​កាយ​ដោយ​ចិត្ត​ស្មោះ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​រួមគ្នា​។

​ប៉ុន្តែ​បញ្ហា​នៅពេលនេះ​គឺ រុស្ស៊ី​មើលឃើញថា ក្រុមប្រឆាំង​នៅតែ​បែកខ្ញែក​គ្នា​នៅឡើយ ហើយ​ក្រុម​ទាំងនេះ​នៅ​មិនមាន​តំណាង​ជារួម​តែមួយ​ដូច​ខាង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ឡើយ​។  ដូច្នេះហើយ​ក្រុង​មូ​ស្គូ​បានស្នើ​ចំៗ​ទៅកាន់​ទៅកាន់​គណៈកម្មការ​ចរចា​ស៊ី​រី​ដែលជា​តំណាង​ក្រុមប្រឆាំង​នោះ​ប្រញាប់ប្រញាល់​បង្រួបបង្រួម​ក្រុម​ទាំងអស់​ឲ្យ​ទៅ ជា​ក្រុម​តែមួយ​ដើម្បី​ងាយស្រួល​អង្គុយ​ចរចា​គ្នា​។

៣. គ្មាន​អាមេរិក​រុស្ស៊ី​អ្នក​គូស​ផ្លូវ​ទៅរក​សន្តិភាព​ឲ្យ​ភាគី​ជម្លោះ​ដើរ ?

​អ្វីដែល​គេ​ចាប់អារម្មណ៍​នៅពេលនេះ​គឺ អវត្តមាន​មន្ត្រី​ទូត​អាមេរិក​។ កាលពី​កិច្ចប្រជុំ​នៅ​កា​ហ្សា​ក់​ស្ថាន អាមេរិក​ដែល​លូកលាន់​បញ្ហា​ស៊ី​រី​អស់​រាប់​ឆ្នាំ​មក​នោះ​ត្រឹម​ចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍​តែប៉ុណ្ណោះ​។ រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី​ឯនោះ​វិញ​បាន​ក្លាយជា​ភាគី​ដែល​ជួយ​ផ្តួចផ្តើម​និង​គាំទ្រ​ដំណើរការ​នៃ​កិច្ចពិភាក្សា​រហូតមក​នោះ​។

​ខណៈដែល​ក្រុង​វ៉ាស៊ីនតោន​ដកខ្លួន រុស្ស៊ី​នឹងត្រូវ​បន្ត​តួនាទី​របស់ខ្លួន​ជួយ​បញ្ចប់​ជម្លោះ​ស៊ី​រី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ខណៈដែល​ចំណាយ​ទាំង​លុយ​, ទ័ព និង​សព្វាវុធ​អស់​ច្រើនសន្ធឹក ក្រេ​ម​ឡាំង​កំពុង​រិះរក​មធ្យោបាយ​បញ្ចុះបញ្ចូល​ភាគី​ទាំងសងខាង​ធ្វើ​សម្បទាន​បន្ថែម​សម្រាប់​ការបង្កើត​ដំណោះស្រាយ​នយោបាយ​ឲ្យ​ឆាប់​។ កាន់តែ​ឆាប់​កាន់តែ​ល្អ​។ ក្រុម​ឧទ្ទាម​ដែល​បន្ត​ចិញ្ចឹមចិត្ត​បណ្តេញ អាសាដ ចេញពី​តំណែង​ដើម្បី​មានការ​បោះឆ្នោត​នោះ កំពុងស្ថិត​ក្នុងស្ថានភាព​ដុនដាប ហើយ​គេ​ក៏​ទំនងជា​មិនមាន​ទម្ងន់​ល្មម​រុញ​ឲ្យ អាសាដ អស់តំណែង​ដែរ​។ 

​ផ្អែកលើ​ស្ថានការណ៍​ជាក់ស្តែង អវត្តមាន​អាមេរិក​ក្នុង​ដំណើរ​ការចរចា​មានន័យថា សំណុំរឿង​ស៊ី​រី​ទាំងមូល​ស្ថិតនៅក្នុង​កណ្តាប់ដៃ​ក្រុង​មូ​ស្គូ​រួចទៅហើយ អ្នកមាន​ប្រៀប​ក្នុង​សំណុំ​រឿងនេះ​លែង​ជា​ក្រុង​វ៉ាស៊ីនតោន​ដែរ​។ ដល់​ត្រឹមនេះ គេ​ត្រូវ​ទុក​រឿង​ផ្តួលរំលំ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ដោយឡែក ព្រោះ​វា​ក្លាយជា​រឿង​មិនអាច​កើតឡើង​ឡើយ​។ បរាជ័យ​របស់​ក្រុម​ឧទ្ទាម និង​ជ័យជម្នះ​របស់​កងទ័ព​រដ្ឋាភិបាល​នៅ​ក្រុង Aleppo ក្រោម​ការជួយជ្រោមជ្រែង​ពី​រុស្ស៊ី និង​អ៊ីរ៉ង់ បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ក្រុម​ឧទ្ទាម​ស្ទើរ​អស់​ច្រក​ដើរទៅ​ហើយ​ដែរ​។​

​ប៉ុន្តែ​គ្រប់យ៉ាង​វា​នៅតែ​ជា​រឿង​លំបាក​ដដែល​សម្រាប់​ក្រុង​មូ​ស្គូ​ក្នុងការ​នាំមក​នូវ​សន្តិភាព​ពិតប្រាកដ​ដល់​ស៊ី​រី ទោះបី​ខ្លួន​ក្លាយជា​តួឯក​ក្តី​។ គ្មាន​គូប្រជែង​ក៏​មិនមែន​មានន័យថា ក្រេ​ម​ឡាំង​អាច​សម្រេច​ជោគជ័យ​ដែរ​។ បំណង​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅពេលនេះ​គឺ​ការជំរុញ​ឲ្យ​ភាគី​ទទួលយក​ការបង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ​ដែល​វា​អាច​បើកផ្លូវ​ឲ្យ​មានការ​ចងក្រង​រដ្ឋធម្មនុញ្ញ​ថ្មី​និង​ការបោះឆ្នោត​រើស​មេដឹកនាំ​ផង​។ ប៉ុន្តែ​តួនាទី​របស់លោក អាសាដ ក្លាយជា​ចំណោទបញ្ហា​មួយ​ធំ​។ រដ្ឋាភិបាល​អ៊ីរ៉ង់ និង​រដ្ឋាភិបាល​លោក​អាសាដ ប្រាកដជា​មិនអាច​ទទួលយក​សំណើរ​នេះឡើយ​ព្រោះ គេ​បារម្ភ​ថា សម័យ​អន្តរកាល​នយោបាយ​និង​ការបោះឆ្នោត​នឹង​បង្កើត​ការប្រែប្រួល​មួយ​ដែល​មិនអាច​ស្មាន​ដល់​ក្នុង​បរិបទ​នយោបាយ​ស៊ី​រី​។ គ្មាន​អ្នកណា​ដឹងថា អាសាដ នឹងត្រូវ​ប្រជាជន​បោះឆ្នោត​ឲ្យ​កាន់តំណែង​ទៀត​ឬ​អត់​ឡើយ​?

​ដូច្នេះហើយ​បានជា រដ្ឋាភិបាល អាសាដ ប្រឹង​តែ​ទាញយក​រឿង​ប្រឆាំង​ភេរវកម្ម​មក​ដាក់​ក្នុង​របៀបវារៈ​នៃ​ការចរចា​សិន ដើម្បី​ពន្យារពេល​បង្កើត​សម័យ​អន្តរកាល​នយោបាយ និង​ងាយស្រួល​ស្តារ​ធម្មានុរូប​នៃ​រដ្ឋាភិបាល​ខ្លួន​ជាមុនសិន​។ 

៤. អាសាដ ចង់​ចាប់ដៃ​រដ្ឋបាល ត្រាំ តែ​ក្រុមប្រឆាំង​ក៏​មិនទាន់​អស់សង្ឃឹម

​ក្រុង​ដា​ម៉ាស​លួច​សង្ឃឹមទុក​មុន​ពី​អនាគត​នៃ​ទំនាក់ទំនង​រវាង​ស៊ី​រី និង​ក្រុង​វ៉ាស៊ីនតោន ក្រោម​អាណត្តិ​របស់លោក ដូ​ណា​ល់ ត្រាំ ព្រោះ​លោក ត្រាំ គ្មាន​គោលនយោបាយ​ទម្លាក់​លោក អាសាដ ពី​តំណែង​ឡើយ ហើយ​អាមេរិក​ក៏​គិត​រឿង​កម្ចាត់​ភេរវកម្ម​ប៉ុណ្ណោះ​។  និយាយ​ដល់​រឿង​ប្រឆាំង​ភេរវកម្ម លោក បា​សា អាល់​អាសាដ គិតថា​អាមេរិក​នឹង​ចាប់ដៃ​ជាមួយ​ខ្លួន​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​ជាមួយគ្នា​នៅពេល​ណាមួយ​ខាងមុខ​។

​ដល់ពេលនេះ​ទៅហើយ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ មិនទាន់​បញ្ចេញ​គោលនយោបាយ​សម្រាប់​ដោះស្រាយ​បញ្ហា​ស៊ី​រី​ទេ ប៉ុន្តែ​គោលនយោបាយ​អាមេរិក​ចំពោះ​បញ្ហា​ស៊ី​រី​ដាច់ដោយឡែក​នោះ​ទំនងជា​គ្មាន​នោះឡើយ​។ ក្នុងពេល​ថ្លែង​ទៅកាន់​សភាពេញអង្គ​នា​ថ្ងៃ ២៨ កុម្ភៈ លោក​ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ច្បាស់​ពី​គោលជំហរ​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាមេរិក​ដែល​ធានាបាន​នូវ​ការ​កម្ចាត់​ភេរវកម្ម​អន្តរជាតិ​ដោយ​បន្ត​សហការ​ជាមួយ​មិត្ត​និង​សម្ព័ន្ធមិត្ត​ទាំងអស់​។ វា​ច្បាស់​ណាស់​ថា ប្រឆាំង​ភេរវកម្ម​ជា​ចំណុច​ស្នូល​នៃ​នយោបាយ​ការបរទេស​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា នៃ​រដ្ឋបាល​អាមេរិក មិនមែនជា​ការប្តូ​ររ​បប​ដឹកនាំ​ស៊ី​រី​ដូច​មុន​ឡើយ​។

​ទោះ​ស្ថិតក្នុង​កាលៈទេសៈ​នេះ​ក៏ដោយ ក្រុមប្រឆាំង​ស៊ី​រី​ដែល​ត្រូវ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​កំណត់ថា​ជា​ក្រុម​ភេរវជន​នោះ នៅតែមាន​ជំនឿ​លើ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ដដែល​។ ថ្វីបើ ត្រាំ ធ្លាប់ធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​តាំងពី​ពេល​ឃោសនា​ដោយ​សន្យា​ផ្តាច់ជំនួយ​ក្រុម​ឧទ្ទាម​ស៊ី​រី​ក្តី ក្រុម​នេះ​គាំទ្រ​ពេញទំហឹង​ចំពោះ​ជំហរ​ដូ​ណា​ល់ ត្រាំ ក្នុងការ​កៀបសង្កត់​អ៊ីរ៉ង់​រឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ ក្រៅពី​ជំនួយ​យោធា​របស់​ក្រុង​មូ​ស្គូ រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស អាច​រឹង​ដៃ​រឹង​ជើង​វិញ​បាន និង​អាច​រួច​រស់​ជីវិត​ក៏​ដោយសារ​ទទួលបាន​ជំនួយ​ពី​កងទ័ព​អ៊ីរ៉ង់​ដែរ​។ កងទ័ព​ទាំងនោះ​ប្រយុទ្ធ​ប្រកៀក​ស្មា​ជាមួយ​កងទ័ព​អាសាស្ម័គ្រ​របស់លោក អាសាដ គ្រប់​សមរភូមិ ខណៈដែល​ទ័ព​រុស្ស៊ី​ត្រឹម​ជួយ​ប្រឹក្សា​និង​គាំទ្រ​ផ្លូវអាកាស​ប៉ុណ្ណោះ​។ បើ​អ៊ីរ៉ង់​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​នយោបាយ​ការបរទេស​ក្រុង​វ៉ាស៊ីនតោន​នៅពេល​ខាងមុខ​មែន វា​ច្បាស់​ណាស់​ថា វា​នឹង​ក្លាយជា​ការគាំទ្រ​មួយ​សម្រាប់​ក្រុម​ឧទ្ទាម​ស៊ី​រី​ដោយ​ប្រយោល​៕


© រក្សាសិទ្ធិដោយ thmeythmey.com